ព័ត៌មានជាតិ
កម្ពុជា-អូស្រ្តាលី បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET តាមរយៈភាពជាដៃគូបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត
កម្ពុជា-អូស្រ្តាលី បានបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET តាមរយៈភាពជាដៃគូបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ដែលមជ្ឈមណ្ឌលនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្ម។

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ មជ្ឈមណ្ឌលនេះ ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។

ថ្លែងក្នុងពិធីសម្ពោធខាងលើ លោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលថ្មីនេះ ដោយលោកមសង្កត់ធ្ងន់ថា ការបង្កើតបាន និងបើកឱ្យដំណើរជាផ្លូវការ អេស ខេមបូឌា គឺមិនត្រឹមតែជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូរវាងភាគីទាំងពីរ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត។
លោកបន្តថា ការបើកដំណើរការនេះ ក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូចដែលសម្តេច បានរំលឹកឡើងវិញថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ថា “ប្រជាជន” គឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន ៥ ដូចជា៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២) នវានុវត្តន៍ និងគម្រោងសាកល្បង, (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA, កម្ពុជាមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ, យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង។ លោករដ្ឋមន្ត្រី បានបន្តសង្កត់ធ្ងន់ថា តាមរយៈផ្លែផ្កានៃកិច្ចសហការនេះ យើងនឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

លោកស្រី Bridget Collier ក៏បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។
ជាមួយគ្នានេះ លោកស្រី Sharan Burrow ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក វ៉ាន់ វិចិត្រ ដេវីត នាយកមជ្ឈមណ្ឌល អេស ខេមបូឌា សុទ្ធតែបានសង្កត់ធ្ងន់ទៅលើភាពជាដៃគូនៃកិច្ចសន្ទនា ដែលនាំឱ្យមានសមិទ្ធផលនេះ ដែលអូស្រ្តាលីពិតជាមានមោទនភាពដែលបានរួមចំណែកបង្កើតឡើងដែលនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិអភិវឌ្ឍជំនាញ និងដៃគូដទៃទៀត ចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការវិនិយោគលើគំរូភាពជាដៃគូរដ្ឋ-ឯកជន នេះឡើង (PPP) ដែលជួយបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


