Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញឌីជីថលកម្ពុជា ១៥រូប ទៅចូលរួមវគ្គសិក្សាជំនាញបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសឥណ្ឌា

បានផុស

នៅ

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីបញ្ជូនមន្ត្រីចំនួន ១៥ រូបមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា AI ក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទាំងនេះត្រូវបានបែងចែកជាពីរក្រុម ដើម្បីចូលរៀនវគ្គវិញ្ញាបនបត្រនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុំព្យូទ័រកម្រិតខ្ពស់ (C-DAC) នៅទីក្រុងដេលី ប្រទេសឥណ្ឌា។ វគ្គសិក្សារួមមាន វិភាគទិន្នន័យដោយប្រើ Python និងការសិក្សាម៉ាស៊ីន (Machine Learning) ដែលផ្តោតលើជំនាញអនុវត្តជាក់ស្តែង ដូចជា ការសរសេរកម្មវិធី ការរៀបចំ និងវិភាគទិន្នន័យ ការអនុវត្តគម្រោង និងបច្ចេកវិទ្យាថ្មីៗ។ កម្មវិធីនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកម្ពុជា ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះ វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រការអភិវឌ្ឍកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពក្នុងវិស័យទូរគមនាគមន៍ និងឌីជីថល។

លោក ទូច យ៉ារ៉ាន់ឌី

អញ្ជើញថ្លែងសន្ទរកថាក្នុងកម្មវិធីខាងលើនេះ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា មន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាល Certificate Course in Data Analytics Using Python ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និង Certificate Course in Applied Machine Learning ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា។ លោកបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និង ឥណ្ឌា ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យឌីជីថល។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ មានការប្តេជ្ញាចិត្តខ្ពស់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យឌីជីថល និងពង្រឹងបន្ថែមទំនាក់ទំនងកម្ពុជា–ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត។

លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា

ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ ដោយបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងកម្ពុជា។ លោកបានលើកឡើងថា វគ្គសិក្សាទាំងនេះមានតម្លៃខ្ពស់សម្រាប់យុវជនកម្ពុជា ព្រោះវាជួយអភិវឌ្ឍសមត្ថភាពបុគ្គល និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហការរយៈពេលវែង និងការរីកចម្រើនរួមគ្នា។

កម្មវិធី ITEC ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ គឺជាគំនិតផ្តួចផ្តើមសំខាន់របស់ឥណ្ឌា ដែលផ្តល់ការបណ្តុះបណ្តាលដោយមូលនិធិពេញលេញដល់ប្រទេសដៃគូជាង ១៦០ ប្រទេស។ កម្មវិធីនេះផ្តោតលើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រង អភិបាលកិច្ច ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការចែករំលែកបទពិសោធន៍ និងជំនាញអភិវឌ្ឍន៍របស់ខ្លួន។

មកដល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាជាង ៣ ២០០ នាក់ដែលធ្វើការនៅក្នុងក្រសួង នាយកដ្ឋាន ស្ថាប័នស្វយ័ត និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលទាំងនេះនៅក្នុងវិស័យការងាររៀងៗខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម