Connect with us

ព័ត៌មានជាតិ

កម្ពុជារៀបចំទិវាវេជ្ជសាស្រ្តត្រចៀក ចម្រុះ បំពង់ក សល្យសាស្រ្តក្បាល និងក កម្ពុជា លើកទី១៦

បានផុស

នៅ

សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្តក្បាល និងក កម្ពុជា សហការជាមួយមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរពេទ្យ JIKEI (ជីកេ) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន បានរៀបចំប្រារព្ធទិវាវេជ្ជសាស្រ្តត្រចៀក ចម្រុះ បំពង់ក សល្យសាស្រ្តក្បាល និងក កម្ពុជា លើកទី១៦ ក្រោមប្រធានបទ«ការរួមបញ្ចូលវិទ្យាសាស្រ្ត ជំនាញ និងក្រមសីលធម៌ ក្នុងសម័យទំនើប នៃវិស័យត្រចៀក ច្រមុះ និងបំពង់ក» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង និងលោកសាស្រ្តាចារ្យ កូសុគី តាកា បាយ៉ាស៊ី តំណាងមនី្ទរពេទ្យ JIKEI (ជីកេ) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្តាចារ្យជំនួយ សុខ គួង ប្រធានសមាគមគ្រូពេទ្យត្រចៀក ចម្រុះ បំពង់ក សល្យសាស្រ្តក្បាល និងក កម្ពុជា បានមានប្រសាសន៍ថា សមាគម បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលគ្រូពេទ្យឱ្យមានជំនាញពិតប្រាកដ មានក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ ស្តង់ដាតែមួយ ប្រើប្រាស់ភាសាតែមួយ ដើម្បីពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋរបស់យើងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធពលខណៈ បច្ចុប្បន្នសមាគម មានសមាជិក សមាជិកា ចំនួន២៦១នាក់ ក្នុងនោះមានសាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ និងនិសិ្សត ដែលចំនួននេះ មានការកើនឡើង ជារៀងរាល់ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យនានា ដែលបានសហការយ៉ាងស្អិតរមួតជាមួយមនី្ទរពេទ្យថ្នាក់ជាតិជាពិសេសជាមួយមនី្ទរពេទ្យព្រះអង្គឌួង ដែលជាថ្នាលបណ្តុះបណ្តាលដល់និសិ្សត។

លោកសាស្រ្តាចារ្យជំនួយ សុខ គួង បានបន្តថាទន្ទឹមនឹងនេះដោយមានការសហប្រតិបតិ្តការជាមួយក្រុមគ្រូពេទ្យប្រទេសកូរ៉េ យើងបានធ្វើការវះកាត់ជំងឺគថ្លង់ ជូនប្រជាពលរដ្ឋ នៅមនី្ទរពេទ្យព្រះអង្គឌួង ជាច្រើនដងផងដែរ។ នេះបង្ហាញពីការរីកចម្រើនរបស់វិស័យត្រចៀក ច្រមុះ បំពង់ក និងបង្ហាញពីកិច្ចសហប្រតិបតិ្តការរវាងគ្រូពេទ្យថ្នាក់តំបន់ និងថ្នាក់អន្តរជាតិទៀតផង។ ជាមួយគ្នានេះសមាគម បានធ្វើជាម្ចាស់ផ្ទះ រៀបចំបើកទិវាអាស៊ាន ចំនួន២លើក ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០២៥កន្លងទៅនេះផងដែរ។

លោកសាស្រ្តាចារ្យ ម៉ុក ធាវី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធសុខាភិបាល ដល់ថ្នាក់មូលដ្ឋានសម្រាប់ការអភិវឌ្ឍមនុស្ស និងសង្គមសេដ្ឋកិច្ច។ ក្នុងន័យនេះ សមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ មានតួនាទីសំខាន់ជាដៃគូយុទ្ធសាស្ត្រ ក្នុងការគាំទ្រ និងអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព និងការគោរពសីលធម៌វិជ្ជាជីវៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម