Connect with us

ព័ត៌មានជាតិ

ដើម្បីសន្សំសំចៃសាំង ក្រសួងមហាផ្ទៃណែនាំកម្លាំងនគរបាលជួយសម្រួលចរាចរណ៍តាមដងផ្លូវ កុំឱ្យកកស្ទះ

បានផុស

នៅ

ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានចង្អុលបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់មូលដ្ឋានត្រូវចាត់វិធានការក្នុងជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវនានាកុំឱ្យមានការកកស្ទះ ដែលវិធានការនេះដើម្បីចូលរួមសន្សំសំចៃប្រេងឥន្ទនៈរបស់ប្រជាពលរដ្ឋ ក្នុងពេលវិបត្តិប្រេងឥន្ធនៈ និងឧស្ម័នកំពុងឡើងថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីណែនាំនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់ទៅអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈពេលបច្ចុប្បន្ននេះ ដែលនោះក្នុង លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវមានផែនការក្នុងការរៀបចំវិធានការសមស្រប និងច្នៃប្រឌិត ដើម្បីសម្រួលចរាចរណ៍នៅក្នុងអំឡុងម៉ោងកកស្ទះនៅតាមទីប្រជុំជន និងក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិធំៗ សំដៅជៀសវាងការកកស្ទះចរាចរណ៍ ដែលតម្រូវឱ្យមានការចំណាយប្រេងឥន្ទនៈច្រើន។

ក្នុងវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនេះទៀតសោត ក្រសួងមហាផ្ទៃ ក៏ណែនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានគម្រោងនឹងរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំនានា ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការប្រជុំដោយផ្ទាល់ ហើយងាកទៅប្រជុំតាមប្រព័ន្ធអនឡាញវិញ។ រីឯកិច្ចប្រជុំ ឬសិក្ខាសាលាដែលត្រូវធ្វើដំណើរឆ្ងាយ ឬចេញទៅប្រជុំនៅបរទេស ក៏ត្រូវកាត់បន្ថយ។

តាមការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ ក៏តម្រូវឱ្យផ្អាក ឬក៏បញ្ចូលគ្នាផងដែររាល់បេសកម្ម ដែលមានគោលដៅ និងពេលវេលាស្របគ្នា ពោលគឺត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ជាមួយនឹងការពិចារណាកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ៥០% ក្នុងរយៈពេលមានវិបត្តិនេះ។ ខណៈមន្ត្រីមួយចំនួនត្រូវបានអនុញ្ញាតឱ្យបំពេញការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួន។

ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋឱ្យប្រើប្រាស់រថយន្តក្រុងសាធារណៈឱ្យបានច្រើន ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម