Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ សារភាពថា ពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់ មែន

បានផុស

នៅ

ទីបំផុតប្រមុខសេតវិមាន ដូណាល់ ត្រាំ សារភាពហើយថា លោកពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់មែន ស្របពេលអាមេរិកនិងអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារសូម្បីលើទីតាំងស៊ីវិលរបស់អ៊ីរ៉ង់។

ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក និយាយថា ជម្រើសដែលលោកចូលចិត្តបំផុត គឺការយកប្រេង។ លោកចង់យកប្រេង នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចឈានទៅដល់ការរឹបអូសយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់តែម្តង។

លោកត្រាំនិយាយថា៖ «និយាយឲ្យត្រង់ទៅ អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមានមនុស្សល្ងង់ខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថា ហេតុអ្វីបានជាលោកធ្វើបែបហ្នឹង? ប៉ុន្តែពួកគេទេដែលជាមនុស្សល្ងង់នោះ»។

ស្របពេលជាមួយគ្នានោះ លោកបានប្រៀបធៀបកិច្ចខិតខំប្រឹងប្រែងនេះ ទៅនឹងប្រតិបត្តិការនៅប្រទេសវ៉េណេស៊ុយអេឡាកាលពីខែមករា នៅពេលសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំ Nicolas Maduro និងមានផែនការគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេសនោះ។

ដូណាល់ ត្រាំ (រូប៖ Reuters)

យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ មានរយៈពេលជាងមួយខែហើយ ខណៈ​គោលដៅសំខាន់បំផុតបានងាក​​ទៅរក​ «កោះ Kharg» ដែលជាកោះផ្កាថ្ម​ដ៏​តូចមួយ ប៉ុន្តែជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយសារវាជាកន្លែងដែលនាំចេញប្រេងរហូតដល់ ៩០% នៃប្រទេសទាំងមូល។

លោក ត្រាំ បានបង្ហាញជំហរមិនខ្វល់ខ្វាយចំពោះ «ផែនការសន្តិភាព១៥​ចំណុច» នោះឡើយ ដោយលោកបានពោលថា «ខ្ញុំមិនបានស្រេកឃ្លានចង់បានកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំមិនខ្វល់ឡើយ!»។ លោកបានបញ្ជាក់ទៀតថា អាមេរិកនៅមានគោលដៅជាច្រើនទៀតដែលត្រូវវាយប្រហារ ដែលអ្នកជំនាញជឿថា បើកោះ Kharg ត្រូវបានកម្ទេច សេដ្ឋកិច្ចអ៊ីរ៉ង់នឹងដួលរលំ ហើយបង្ខំឲ្យ​ពួកគេចុះចាញ់តែម្តង។

លោកត្រាំ ធ្លាប់​​បង្ហាញ​ការ​គាំទ្រ​​ចំពោះ​​ការ​កាន់កាប់​​កោះនេះ ប៉ុន្តែអ្នកជំនាញយោធាបានព្រមានពីគ្រោះថ្នាក់កម្រិតខ្ពស់។ ដ្បិត​អាមេរិកបានបញ្ជូនទ័ពឆត្រយោង ១០០០នាក់ និងកងម៉ារីន ៥០០០នាក់ ទៅកាន់តំបន់នោះក៏ពិតមែន ប៉ុន្តែកោះ Kharg ត្រូវបានអ៊ីរ៉ង់ការពារយ៉ាងរឹងមាំបំផុតជាមួយនឹងប្រព័ន្ធការពារអាកាស និងអាវុធទំនើបៗ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានរៀបរាប់ថា ការវាយលុកតាមទឹកដើម្បីឡើងលើកោះនេះ គឺជា «ប្រតិបត្តិការដែលពិបាកបំផុតមួយក្នុងសង្គ្រាមសម័យទំនើប»។ លោកបានបន្ថែមថា ទោះបីជាអាមេរិកគ្រប់គ្រងលើមេឃ និងសមុទ្របាន ក៏​កងទ័ពដែលនៅលើដីនឹងក្លាយជាផ្ទាំងស៊ីបនៃដ្រូនអត្តឃាត និងគ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់មិនខាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម