ព័ត៌មានជាតិ
ក្រសួងការងារ ស្នើម្ចាស់ការដ្ឋានសំណង់ ជួយជំរុញអតីតពលករមកពីថៃ ចុះឈ្មោះធ្វើតេស្តជំនាញឥតគិតថ្លៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នៅទូទាំងប្រទេសឱ្យជួយជំរុញអតីតពលករខ្មែរដែលត្រឡប់មកពីថៃ មកចុះឈ្មោះធ្វើតេស្ដតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូល។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី៩ ខែមេសានេះ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នានានៅទូទាំងប្រទេសឱ្យចូលរួម ក្នុងការជំរុញ អតីតពលករខ្មែរដែលបានត្រឡប់មកពីថៃ ប្រញាប់មកចុះឈ្មោះធ្វើតេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញពីក្រសួង។
ការធ្វើតេស្ដនេះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដែលចេញបញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងជំនាញ ដើម្បីបំប្លែងបទពិសោធធ្វើការពីក្រៅប្រទេសឱ្យទៅជាវិញ្ញាបនបត្រកម្រិតថ្នាក់ជាតិជាផ្លូវការ ដែលជាឱកាសងាយស្រួលរកការងារធ្វើ ប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងតួនាទីផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើងស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានទាំងអស់ គឺសូមជួយលើកទឹកចិត្តដល់បុគ្គលិក និងកម្មកររបស់ខ្លួនដែលមានជំនាញជាក់លាក់ និងមានបទពិសោធន៍ផ្នែកការងារដែលខ្លួនកំពុងធ្វើ មកចុះឈ្មោះធ្វើតេស្តនៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរបស់យើងដែលបានបង្ហាញកន្លងមក។ សូមចូលរួមទាំងអស់គ្នា ដើម្បីជួយដល់បងប្អូនអតីតពលករខ្មែររបស់យើង ក៏ដូចជាជួយសង្គមជាតិយើងផងដែរ»។
សម្រាប់ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ១២៩៧ ឬទីតាំងដែលអាចចុះឈ្មោះមានចំនួន៩ កន្លែងរួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ។

ដោយមានមុខជំនាញចំនួន ៨មុខជំនាញ នៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


