ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ធ្វើឲ្យស្ថានការណ៍សង្គ្រាមរឹតតែក្តៅ
សង្ឃឹមថានឹងមានសន្តិភាពហាក់នៅឆ្ងាយនៅឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរដាច់អហង្ការដោយ «មិនពេញចិត្ត» ទាល់តែសោះ ចំពោះសំណើចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ ដែលមានបំណងចង់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ របស់សារព័ត៌មាន Al Jazeera។

សំណើនេះ ត្រូវបានភាគីអ៊ីរ៉ង់បញ្ជូន តាមរយៈអ្នកសម្របសម្រួល ក្នុងប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែគ្រាន់តែមកដល់ដៃភ្លាម លោក ត្រាំ បានប្រកាសទាត់ចោលស្ទើរតែភ្លាមៗនៅចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមាន ដោយលោកអះអាងថា អ៊ីរ៉ង់បានទាមទារនូវលក្ខខណ្ឌមួយចំនួន ដែលលោកមិនអាចទទួលយកបានឡើយ។
ទោះបីជាបទឈប់បាញ់រយៈពេលបីសប្តាហ៍មកនេះ នៅតែបន្តមានប្រសិទ្ធភាពមែន ប៉ុន្តែសន្តិភាពនេះហាក់ដូចជាផុយស្រួយបំផុត ដោយសារភាគីទាំងសងខាង តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាបានរំលោភលើកិច្ចព្រមព្រៀង។ លោក ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយលោកបានប្រើពាក្យធ្ងន់ៗថា ជាក្រុមដឹកនាំដែលបែកបាក់គ្នា និងរញ៉េរញ៉ៃបំផុត ទោះបីជាពួកគេម្នាក់ៗសុទ្ធតែចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក៏ដោយ។ ការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ ក៏ត្រូវបានលុបចោល ហើយប្តូរមកជាការពិភាក្សាតាមទូរសព្ទវិញ បន្ទាប់ពីលោក ត្រាំ បានដកក្រុមបេសកជនរបស់លោក ចេញពីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន។
ចំណុចដែលតានតឹងបំផុតក្នុងពេលនេះ គឺការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចពិភពលោកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន។ កងទ័ពជើងទឹកអាមេរិក បានឡោមព័ទ្ធ និងរារាំងមិនឲ្យនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចេញទៅក្រៅបានឡើយ ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដុនដាបយ៉ាងខ្លាំង។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានគ្រប់គ្រងច្រកសមុទ្រនេះយ៉ាងតឹងរ៉ឹង ដែលបង្កឲ្យមានសម្ពាធដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។ កន្លងមក អ៊ីរ៉ង់ធ្លាប់បានស្នើសុំឲ្យអាមេរិកដកការឡោមព័ទ្ធនាវាដឹកប្រេង ជាការដោះដូរនឹងការបើកច្រកសមុទ្រឡើងវិញ ប៉ុន្តែលោក ត្រាំ បានបដិសេធ ដោយសារសំណើនោះមិនបានរាប់បញ្ចូលការចរចា រឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភ្លាមៗនោះទេ។
ស្របពេលដែលមេដឹកនាំកំពុងប្រឈមមុខដាក់គ្នា មតិសាធារណៈនៅក្នុងសហរដ្ឋអាមេរិកហាក់មិនសូវគាំទ្រសង្គ្រាមនេះឡើយ ដោយការស្ទង់មតិថ្មីៗ បង្ហាញថា ប្រជាជនអាមេរិកដល់ទៅ ៦១% យល់ថា ការប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ គឺជាកំហុសមួយ។ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងយ៉ាងរន្ធត់ ដោយមានមនុស្សជាង ៣ ៣០០នាក់បានស្លាប់ ក្នុងប្រទេសអ៊ីរ៉ង់ និងជាង ២ ៦០០នាក់នៅប្រទេសលីបង់ ក្នុងនោះក៏មានទាហានអាមេរិក និងអ៊ីស្រាអែលជាច្រើននាក់ផងដែរ។ មកទល់ពេលនេះ ពិភពលោកកំពុងតាមដានមើលយ៉ាងអន្ទះសារថា តើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់បណ្តាប្រទេសក្នុងតំបន់ និងសហភាពអឺរ៉ុប នឹងអាចទាញភាគីទាំងពីរឲ្យមកតុចរចាវិញបានដែរឬយ៉ាងណា៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


