Connect with us

ព័ត៌មានអន្ដរជាតិ

UN ត្រៀម​​​ដំណោះស្រាយថ្មី​ ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់ដែល​យក​​ច្រក​សមុទ្រ Hormuz ធ្វើចំណាប់ខ្មាំង​

បានផុស

នៅ

​ដំណោះស្រាយ​​ថ្មី​​​លើស្ថានភាព​ច្រក​សមុទ្រ​ Hormuz ដែលត្រូវបានស្នើឡើង ដោយអង្គការសហប្រជាជាតិ (UN) បានព្រមានដាក់ទណ្ឌកម្ម ឬវិធានការផ្សេងៗទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបញ្ឈប់ការវាយប្រហារលើនាវានៅក្នុងច្រកសមុទ្រ Hormuz, មិនបញ្ឈប់ការទារ «កម្រៃផ្លូវខុសច្បាប់» និងមិនបង្ហាញទីតាំងដាក់គ្រាប់មីនទាំងអស់ ដើម្បីអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍ឡើងវិញនោះទេ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងដំណោះស្រាយ​ដែល​គាំទ្រ​រួមគ្នាដោយសហរដ្ឋអាមេរិក និង បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press ទទួលបានកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ក៏បានទាមទារឲ្យ អ៊ីរ៉ង់ «ចូលរួមជាបន្ទាន់ និងសម្របសម្រួល» ដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ នៅច្រកសមុទ្រ​ហ័រមូស​ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយសំខាន់ៗ ជីកសិកម្ម និងទំនិញផ្សេងៗទៀត។

នេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតចុងក្រោយបង្អស់របស់អាមេរិក និង សម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រ បន្ទាប់​ពី​​សំណើដំណោះស្រាយ​​ត្រូវបានបន្ធូរបន្ថយ ក្នុងគោលបំណងបើកច្រកសមុទ្រ ត្រូវបានបោះឆ្នោតវ៉េតូ ដោយ ប្រទេសចិន និង រុស្ស៊ី ប៉ុន្មានម៉ោងមុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានប្រកាសពី បទឈប់បាញ់បណ្តោះអាសន្ន កាលពីដើមខែមេសា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mike Waltz បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់ថា សំណើថ្មីដែលបង្រួមគម្រាត​នេះ នឹងទទួលបានការគាំទ្រចាំបាច់ដើម្បីអនុម័តនៅក្នុង ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេស ដោយមិនបង្កឲ្យមានការជំទាស់ ឬការប្រើសិទ្ធិវ៉េតូ ពីសំណាក់សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទៀតឡើយ។

អាមេរិក និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បានស្នើនូវសេចក្តីព្រាងថ្មីនេះ ក្នុងខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ ដែលជាកន្លែងដឹកជញ្ជូនប្រេងឆៅ​ប្រហែល ២០​ភាគរយនៃតម្រូវការ​ប្រេង​​សកលលោក មុនពេលដែលអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ បច្ចុប្បន្ន បទឈប់បាញ់ដែលមិនទាន់មានភាពរឹងមាំ​នៅឡើយ​ នៅតែមានសុពលភាព​នៅឡើយ​។

សេចក្តីព្រាងនេះក៏បាន ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីកាត់បន្ថយជម្លោះ និងសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព និងសន្តិសុខតាមរយៈច្រកសមុទ្រ Hormuz, បង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីស្វែងរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងតំបន់ ឲ្យពង្រឹងការសន្ទនា និងការពិគ្រោះយោបល់ក្នុងរឿងនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម