Connect with us

ព័ត៌មានជាតិ

យកបទចម្រៀង​ និង​សំឡេង​របស់សិល្បករជំនាន់ដើម ​បង្កើត​ចម្រៀង AI ជា​ឱកាស​ថ្មី ឬ​​ជាការ​រំលោភច្បាប់កម្មសិទ្ធិបញ្ញា និង​ក្រមសីលធម៌​?

បានផុស

នៅ

ក្នុងបរិបទដែលបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងលឿន មានបុគ្គលមួយចំនួនបានយកសំឡេងសិល្បករជំនាន់ដើម ដូចជា លោក​ ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី​ រស់ សេរីសុទ្ធា មកកែច្នៃជាបទចម្រៀង AI ហើយបង្ហោះលើបណ្តាញសង្គម និង YouTube ដើម្បីទាក់ទាញទស្សនិកជន និងរកចំណូលផ្ទាល់​ខ្លួន​។

បញ្ហានេះបានលើកឡើងជា​សំណួរធំមួយថា តើការប្រើប្រាស់សំឡេងសិល្បករ ព្រមទាំង​ទំនុក​ច្រៀង​របស់​សិល្បករជំនាន់ដើមបែបនេះ ជាការបង្កើតឱកាស​ថ្មី ឬជាការរំលោភច្បាប់កម្មសិទ្ធិបញ្ញា និងក្រមសីលធម៌?

លោក កង សំអឿន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីពន្យល់បញ្ហានេះ កម្ពុជាថ្មី បានសម្ភាសជាមួយ លោក កង សំអឿន សាស្ត្រាចារ្យនីតិកម្មសិទ្ធិបញ្ញា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិដូចតទៅ៖

១.  តើបច្ចុប្បន្ននេះ លោកសង្កេតឃើញបែបណាក្នុងការប្រើប្រាស់សំឡេង AI បង្កើតជាបទចម្រៀង?

លោក កង សំអឿន៖ សព្វថ្ងៃមិនត្រឹមតែសំឡេងទេដែល AI បង្កើតឡើងក្នុងបទចម្រៀងរួមទាំងរូបភាពនៃតួអង្គសម្តែងផងដែរមានការប្រើប្រាស់យ៉ាងផុលផុស ដែលជានិន្នាការថ្មីកំពុងពេញនិយមក្នុងឧស្សាហកម្មច្នៃប្រតិដ្ឋ និងទាញចំណូលពីទីផ្សារជាពិសេសអនឡាញ។

២.  តើការយកសំឡេងសិល្បៈករជំនាន់ដើមមកច្នៃជាជាសំឡេង AI ប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ក្រមសីលធម៌ និងមរតកដើម ឬជាការរំលោភច្បាប់ដែរឬទេ?

លោក កង សំអឿន៖ បញ្ហានេះយើងអាចនិយាយបានថា៥០ និង៥០ ដោយត្រូវសង្កេតមើលថាការបង្កើតស្នាដៃនោះត្រឹមត្រូវ ឬខុសច្បាប់ ព្រោះកម្មសិទ្ធិបញ្ញាមានតែពាក្យ២គឺ ការអនុញ្ញាត ឬត្រូវហាមឃាត់? និយាយអំពីចំណុចអវិជ្ជមាន ការប្រើប្រាស់សំឡេងរបស់នរណាម្នាក់ដោយមិនមានការអនុញ្ញាតគឺខុសច្បាប់មិនត្រឹមតែការរំលោភលើសិទ្ធិសីលធម៌នៅក្នុងច្បាប់សិទ្ធិអ្នកនិពន្ធប៉ុណ្ណោះទេ គឺរំលោភលើឯកជនភាពរបស់បុគ្គលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ឧទាហរណ៍ការប្រើប្រាស់សំឡេងអ្នកដទៃក្នុងន័យទុច្ចរិត ដែលបង្កឱ្យមានការភ័នច្រលំក្នុងសង្គមឬបង្កើតទៅជាព័ត៌មានមិនពិតបំពុលសង្គមជាដើម។ ក្នុងន័យនេះប្រសិនបើយើងយកសំឡេងសិល្បករជំនាន់ដើមមកធ្វើជាស្នាដៃថ្មីដែលបង្កើតឡើងដោយ AI ដោយគ្មានការអនុញ្ញាតពីបុគ្គលនោះ ឬទាយាទរបស់គាត់ ច្បាស់ណាស់វាគឺជាការរំលោភសិទ្ធិសីលធម៌ និងឯកជនភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ 

៣.  តើច្បាប់សិទ្ធិអ្នកនិពន្ធនៅកម្ពុជា បច្ចុប្បន្នមានការគ្របដណ្តប់លើបច្ចេកវិទ្យា AI ដល់កម្រិតណា?

លោក កង សំអឿន៖ ច្បាប់សិទ្ធិអ្នកនិពន្ធនៃប្រទេសជាច្រើននៅលើសាកលលោកពុំទាន់មានប្បញ្ញត្តិជាក់ណាមួយគ្របដណ្តប់លើ AI នៅឡើយទេរួមទាំងកម្កុជាផងត្បិតអីច្បាប់យើងអនុម័តក្នុងឆ្នាំ២០០៣មកម្ល៉េះ ប៉ុន្តែគោលការណ៍ទូទៅនៃកម្មសិទ្ធិបញ្ញាគឺការពារស្នាដៃដែលបង្កើតឡើងដោយមនុស្សមិនការពារស្នាដៃបង្កើតឡើងដោយម៉ាស៊ីន ឬបញ្ញាសប្បនិម្មិត AI នោះទេ។

៤.  ក្នុងករណីលួចស្នាដៃអ្នកនិពន្ធ ឬយកបទចម្រៀងដើមមកកែច្នៃដោយ AI តើស្ថាប័នជំនាញគួរមានវិធានការផ្លូវច្បាប់អ្វីខ្លះ?

លោក កង សំអឿន៖ វាអាស្រ័យទៅលើករណីនីមួយៗ ព្រោះការលួច និងការកែច្នៃវាមិនដូចគ្នាទេ ប្រសិនបើការលួចគឺខុសច្បាប់ដែលម្ចាស់សិទ្ធិត្រូវប្តឹងទៅតុលាការដើម្បីដោះស្រាយ។ ការកែច្នៃអាចមានច្រើនរូបភាពតែយើងអាចនិយាយបានថា មានពីរ គឺកែច្នៃដោយស្របច្បាប់ និងមួយទៀតគឺខុសច្បាប់។ ស្របច្បាប់បានន័យថា ប្រសិនបើស្នាដៃនោះនៅមានអាជ្ញាយុកាលការពារមុននឹងកែច្នៃ ឬយកលំនាំតាមត្រូវសុំការអនុញ្ញាតពីម្ចាស់សិទ្ធិ ប្រសិនបើផុតរយៈពេលការពារហើយគឺក្លាយជាសម្បត្តិសាធារណៈដែលជនទូទៅអាចប្រើប្រាស់ដោយយកលំនាំតាម ឬកែច្នៃបន្ថែមលើស្នាដៃនោះដោយមានបញ្ជាក់អំពីប្រភពស្នាដៃដើម ចំណងជើងនិងឈ្មោះអ្នកនិពន្ធឬសិល្បករដែលជាការបញ្ជាក់អំពីការគោរពសិទ្ធិសីលធម៌។ ការកែច្នៃខុសច្បាប់នោះគឺស្មើនឹងការលួចចម្លងស្នាដៃដែរ ហើយចំពោះវិធានការពីស្ថាប័នជំនាញវិញគឺ ការចាត់វិធានការដោយបង្ខំពោលគឺការអនុវត្តដោយតុលាការថាតើត្រូវអនុវត្តរដ្ឋប្បវេណីឬព្រហ្មទណ្ឌឬអនុវត្តទោសទាំងពីរ និងមួយទៀតគឺវិធានការផ្នែករដ្ឋបាលមានការចេញលិខិតឱ្យបញ្ឈប់ការរំលោភបំពានឬដាក់ពិន័យរដ្ឋបាល និងការសុំទោសជាសាធារណៈជាដើម។

៥.  តើលោកមានទស្សនៈយ៉ាងដូចម្តេចចំពោះការប្រើប្រាស់ AI ក្នុងវិស័យសិល្បៈ-តើវាជាឱកាស ឬជាការគំរាមកំហែង?

លោក កង សំអឿន៖ ខ្ញុំគិតថាអ្វីក៏ដោយគឺតែងតែមានពីរគឺ គុណសម្បត្តិ ឬឱកាស និងគុណវិប្បត្តិឬការគម្រាមកំហែងនេះឯង។ ប្រៀបដូចជាកំបិតមុខពីរដូច្នោះឯង ជាឱកាសបច្ចេកកវិទ្យា AI អាចជួយសម្រួលការងារអ្នកនិពន្ធ និងសិល្បករច្រើនរួមទាំងអ្នករកស៊ីក្នុងវិស័យសិល្បៈដែរ ដូចជាជួយពន្លឿនកិច្ចការតែងនិពន្ធ សម្រួលដល់អាជីវកម្មជាដើម។ល។ ចំពោះការគំរាមវិញគឺការកែច្នៃស្នាដៃដោយខុសច្បាប់ និងដាក់លក់ប្រកួតប្រជែងជាមួយស្នាដៃដើមដែលធ្វើឱ្យបាត់​ចំណូលរបស់ម្ចាស់សិទ្ធិជាដើម។

សរុបមកទាំងឱកាស និងការគំរាមកំហែងពី AI នេះ យើងគួរមានបទប្បញ្ញត្តិច្បាប់ដែលអាចបត់បែនត្រូវតាមបរិបទនៃបច្ចេកវិទ្យាទំនើបនេះ ដូចជាការអនុញ្ញាតឱ្យមានការប្រើប្រាស់ AI ក្នុងស្នាដៃសិទ្ធិអ្នកនិពន្ធត្រឹមកម្រិត AI ធ្វើជាជំនួយក្នុងការបង្កើតស្នាដៃដោយយើងប្រើប្រាស់វាគ្រាន់តែជួយសម្រួលការងារមួយចំនួនដូចជាការស្រាវជ្រាវបឋម ឬការបកប្រែភាសា ដូចជាការស្វែងរកតាម google search or translate ហើយអ្នកនិពន្ធធ្វើការកែសម្រួលលទ្ធផលបកប្រែ ឬអត្ថបទទាំងនោះឡើងវិញជាដើម ដែលជាបច្ចេកទេសហៅថា AI Assisted និងការកម្រិតមិនអនុញ្ញាតឱ្យការពារស្នាដៃដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិតទាំងស្រុង ដែលហៅថា AI Generated នោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម