Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​ ប្រតិកម្ម​នឹង​​ លោក ត្រាំ ដែល​មើល​ស្រាល អឺរ៉ុប ថាជា «កន្លែងបណ្តុះភេរវកម្ម»

បានផុស

នៅ

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បាន​ទាញទម្លាក់​​​កិច្ចការ​ទូត​​ដល់ចំណុចទាបបំផុតមួយ​ នៅដើមខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី ដោយហៅទ្វីបអឺរ៉ុបថា ជា «កន្លែងបណ្តុះភេរវកម្ម» និងជា «តំបន់គ្រោះថ្នាក់» ដោយសារតែគោលនយោបាយអន្តោប្រវេសន៍។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន theguardian នៅក្នុងឯកសារយុទ្ធសាស្ត្រកម្រាស់ ១៦ ទំព័រ ដែលដឹកនាំដោយអ្នកសម្របសម្រួលប្រឆាំងភេរវកម្ម គឺលោក Sebastian Gorka បានលើកឡើងថា រដ្ឋបាល ត្រាំ បានចោទប្រកាន់ គោលនយោបាយ «បើកចំហព្រំដែន» និង «មនោគមវិជ្ជាសកលនិយម» របស់អឺរ៉ុប ថា​ បានអនុញ្ញាតឲ្យក្រុមអរិភាពចូលមកក្នុងទ្វីបនេះ ដែលនាំឲ្យមានការកើនឡើងនៃអំពើភេរវកម្ម និងការធ្លាក់ចុះនៃវប្បធម៌លោកខាងលិច។

ភាពរកាំរកូសជាថ្មីនេះ បានបណ្ដាលឲ្យមេដឹកនាំអឺរ៉ុបរួមទាំងសម្ព័ន្ធមិត្តជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការប្រើពាក្យ «កន្លែងបណ្តុះភេរវកម្ម» ដែលពួកគេចាត់ទុកថា ជាការវាយប្រហារលើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយមនុស្សធម៌របស់អឺរ៉ុប។ ពួកគេបារម្ភថា ការលាបពណ៌បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការចារកម្មរវាងទ្វីបទាំងពីរ។

បន្ទាប់ពីជួបជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប (EPC) ក្នុងទីក្រុងយេរេវ៉ាន ប្រទេសអាមេនី សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានផ្តល់កិច្ចសម្ភាសន៍ថា ពួកគេ «ស៊ាំ» ទៅនឹងសម្ពាធពីលោក ត្រាំ ហើយ។ មេដឹកនាំខ្លះយល់ថា សារនេះគឺជាសញ្ញាដាស់តឿនឲ្យអឺរ៉ុប ត្រូវតែបង្កើនការទទួលខុសត្រូវលើសន្តិសុខ និងសមត្ថភាពការពារខ្លួនដោយឯករាជ្យ ជាជាងពឹងផ្អែកទាំងស្រុងលើអាមេរិក។

ចំណែក នាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Støre បានលើកឡើងថា លោកមិនចាត់ទុកសម្ដីទាំងនោះថាជារឿងរន្ធត់ពេកទេ ប៉ុន្តែវាគឺជាសញ្ញាដែលអឺរ៉ុបត្រូវទទួលខុសត្រូវ លើសន្តិសុខខ្លួនឯងឲ្យបានច្រើនជាងមុន។

ដោយឡែក អគ្គលេខាធិការណាតូ លោក Mark Rutte បានព្យាយាមសម្របសម្រួលស្ថានការណ៍ ដោយទទួលស្គាល់ថា អាមេរិកពិតជាមានការខកចិត្តចំពោះគោលនយោបាយមួយចំនួនរបស់អឺរ៉ុប ជាពិសេសពាក់ព័ន្ធនឹងមជ្ឈិមបូព៌ា។ លោកបញ្ជាក់ថា អឺរ៉ុបបាន «ទទួលសារ» នេះហើយ និងកំពុងខិតខំបំពេញតាមការរំពឹងទុករបស់អាមេរិក តាមរយៈការបង្កើនកញ្ចប់ថវិកាយោធា។

ភាពតានតឹងនេះកើតឡើងស្របពេលដែលលោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិកប្រហែល ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។ សកម្មភាពនេះ រួមជាមួយនឹងសម្តីវាយប្រហារលើអឺរ៉ុប ត្រូវបានអ្នកវិភាគមើលឃើញថា ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រការបរទេសរបស់អាមេរិក ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ។

បើទោះបីជាមានការខកចិត្ត និងការព្រួយបារម្ភ ប៉ុន្តែមេដឹកនាំអឺរ៉ុបហាក់កំពុងជ្រើសរើសផ្លូវ «ពង្រឹងសន្តិសុខដោយខ្លួនឯង» ខណៈពេលដែលនៅតែព្យាយាមរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ចាត់​ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះ​តែ​បញ្ហាចំណាកស្រុក​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម