Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ព្រមានថា អឺរ៉ុប កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងសង្គ្រាមលោកលើកទី២

បានផុស

នៅ

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា ទ្វីបអឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្នុងកម្រិតខ្លាំងបំផុតដែលមិនធ្លាប់ជួបសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមការផ្សាយរបស់ The Guardian កាលពីថ្ងៃពុធទី១ខែតុលាឆ្នាំ២០២៥។ 

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំកំពូល EU ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុង កូប៉ិនហាក  មេដឹកនាំដាណឺម៉ាករូបនេះនិយាយថា «ខ្ញុំគិតថាវាធ្ងន់ធ្ងរណាស់! សង្រ្គាមនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរមែនទែន។ នៅពេលខ្ញុំក្រឡេកមើលអឺរ៉ុបថ្ងៃនេះ ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក មិនមែនសង្រ្គាមត្រជាក់ទេ»។

លោកស្រីបន្តថា «មានប្រទេសតែមួយគត់ដែលគំរាមកំហែងយើង ហើយនោះគឺប្រទេសរុស្ស៊ី ដូច្នេះហើយ យើងត្រូវការចម្លើយដ៏រឹងមាំមួយត្រឡប់មកវិញ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នាទទួលស្គាល់ថា ពេលនេះមានសង្រ្គាមកូនកាត់ ហើយថ្ងៃណាមួយវាជាប្រទេសប៉ូឡូញ ថ្ងៃបន្ទាប់អាចជាដាណឺម៉ាក ហើយនៅសប្តាហ៍ក្រោយ វាប្រហែលជានៅកន្លែងផ្សេងទៀតដែលយើងឃើញមានការបំផ្លិចបំផ្លាញ ឬយើងឃើញយន្តហោះគ្មានមនុស្សបើកហោះហើរ។ ខ្ញុំ​ចង់ឲ្យ​យើង​បំពាក់អាវុធ ហើយខ្ញុំ​ចង់ឲ្យ​យើង ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត»។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen

ការព្រមានរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក ធ្វើឲ្យនឹកឃើញដល់ការព្រមានរបស់មហាអំណាចអឺរ៉ុប២ប្រទេសគឺអង់គ្លេសនិងអាល្លឺម៉ង់ ដែលលើកឡើងអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរបស់រុស្ស៊ីក្នុងប្លុកនេះ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និយាយថា ទីក្រុងឡុងដ៍ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមព្រោះតែការគំរាមកំហែងឥតឈប់ពីសំណាក់ប្រទេសរុស្ស៊ី។ ចំណែកនៅប្រទេសអាល្លឺម៉ង់ មេទ័ព Carsten Breuer ព្រមានថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។

លោក Breuer អះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដាណឺម៉ាក ប្រកាសទិញអាវុធរយៈចម្ងាយឆ្ងាយលើកដំបូង ព្រោះតែរុស្ស៊ីគំរាមកំហែងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម