Connect with us

ព័ត៌មានអន្ដរជាតិ

មេចារកម្មអាល្លឺម៉ង់ព្រមានថា ពូទីន អាចវាយប្រហារអឺរ៉ុប គ្រប់ពេល

បានផុស

នៅ

ពីមួយថ្ងៃទៅមួយថ្ងៃ អឺរ៉ុបតែងតែភ័យខ្លាចនិងព្រមានជាបន្តបន្ទាប់អំពីការវាយលុករបស់រុស្ស៊ីនៅក្នុងប្លុកនេះ ហើយសូម្បីឥឡូវ មេចារកម្មអាល្លឺម៉ង់ដែលទើបឡើងថ្មី ឈ្មោះ Martin Jager បានចេញការព្រមានទៀតហើយថា លោកវ្ល៉ាឌីមៀរ ពូទីន អាចវាយប្រហារអឺរ៉ុបបានគ្រប់ពេល។

មេចារកម្មអាល្លឺម៉ង់ Martin Jager (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទើបឡើងកាន់តំណែងបានមួយខែ ប្រមុខចារកម្មបរទេសអាល្លឺម៉ង់ ហៅកាត់ BND បានថ្លែងប្រាប់សមា​ជិករដ្ឋសភាក្នុងទីក្រុងបែរឡាំងកាលពីថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ និងត្រូវបានយកមកផ្សាយដោយ​សារព័ត៌មាន RT ថា៖ សន្តិភាពដ៏ត្រជាក់ អាចប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកបា​នគ្រប់ពេល។ ទីក្រុងមូស្គូកំពុងព្យាយាមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យអឺរ៉ុបត្រូវអន្តរាយនិងបំផ្លាញអង្គការណាតូ។

លោកនិយាយថា ការវាយប្រហាររបស់រុស្ស៊ីប្រហែលជាមិនចាំដល់ឆ្នាំ២០២៩ឡើយ។ ដើម្បីសម្រេចបានគោលដៅ លោកពូទីន ប្រហែលជាវាយប្រហារលឿនជាងនេះ ប្រសិនបើចាំបាច់។

ជុំវិញរឿងនេះ សូម្បីអតីតមេចារកម្មសហព័ន្ធអាល្លឺម៉ង់ Bruno Kahl ក៏ធ្លាប់ព្រមានដែរថា រុស្ស៊ី អាចវាយប្រទេសជាសមាជិកអង្គការណាតូ នៅពេលចប់សង្គ្រាមអ៊ុយក្រែន។

លោក Bruno Kahl (រូបថត៖ Reuters)

ថ្លែងកាលពីខែមិថុនាឆ្នាំ២០២៥ លោក Kahl និយាយថា «យើងប្រាកដក្នុងចិត្តថា បន្ទាប់ពីអ៊ុយក្រែន រុស្ស៊ីនឹងបោះមួយជំហានទៀតឆ្ពោះទៅភាគខាងលិច។ ឥឡូវពលរដ្ឋក្នុងទីក្រុងមូស្គូ លែងជឿថាណាតូនឹងប្រើមាត្រា៥ទៀតហើយ ដូច្នេះពួកគេចង់សាកល្បងវា»។

ដូច្នេះ លោក Kahl ​អះអាង​ថា រុស្ស៊ី​អាចបញ្ជូនទ័ព​ទៅប្រទេស​អេស្តូនី ក្រោមលេសដើម្បី​ការពារ​ជនជាតិដើម​ភាគតិច​និយាយ​ភាសា​រុស្ស៊ី​របស់​រដ្ឋបាល់ទិកមួយនេះ ដូចទៅនឹងការបញ្ជូនទ័ពទៅការពារពលរដ្ឋនៅគ្រីមៀ មុនការបោះឆ្នោតប្រជាមតិឆ្នាំ២០១៤។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីតែងប្រតិកម្មជានិច្ចចំពោះរាល់ការចោទប្រកាន់បែបនេះ ដោយបញ្ជាក់ហើយបញ្ជាក់ទៀតថា បណ្តាប្រទេសលោកខាងលិច តែងយកទីក្រុងមូស្គូ ធ្វើជាលេសដើម្បីបង្ហាញថា ការចំណាយកប់ពពកលើកញ្ចប់ការពារជាតិរុស្ស៊ីពួកគេគឺជារឿងត្រឹមត្រូវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីនគាំទ្រលោកត្រាំ ហើយ​ថា ម្ចាស់ពាន​​ណូបែល​សន្តិភាព«មិនបានធ្វើអ្វីដើម្បីសន្តិភាពទេ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម