ព័ត៌មានអន្ដរជាតិ
តើអឺរ៉ុប អាចប្រយុទ្ធតតាំងជាមួយរុស្ស៊ីបានទេ បើអាមេរិកមិនជួយ?
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងលាតត្រដាងយ៉ាងច្បាស់អំពីការបែកបាក់រវាងអាមេរិកនិងប្លុកអឺរ៉ុប ព្រោះថាមានប្រទេសខ្លះគាំទ្រលោក ដូណាល់ ត្រាំ ឲ្យវាយអ៊ីរ៉ង់ ខណៈខ្លះទៀតជំទាស់ ជាពិសេសអេស្ប៉ាញតែម្តង ដែលហ៊ានចេញមុខបដិសេធខ្លាំងជាងគេ។

រាប់ឆ្នាំមកហើយ អឺរ៉ុបតែងព្រមានថា បើរុស្ស៊ីជោគជ័យនៅអ៊ុយក្រែន នោះលោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្តមហិច្ចតារបស់គាត់វាយលុកប្រទេសអឺរ៉ុបផ្សេងទៀត ដែលជាអ្វីកំពុងធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបព្រួយបារម្ភ។
រឿងដែលអឺរ៉ុបកាន់តែភ័យនោះគឺ ប្រធានាធិបតីអាមេរិក អត់សប្បាយចិត្តសោះឡើយជាមួយប្លុកនេះ បន្ទាប់ពីលោកត្រាំស្តីបន្ទោសថា អឺរ៉ុបមិនខំជួយបង្កើនការចំណាយលើវិស័យយោធាដើម្បីជួយខ្លួនឯងទេ តែបែរជាមកពឹងផ្អែកលើអាមេរិកទាំងស្រុងទៅវិញ។
ឥឡូវអាមេរិកកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ដូច្នេះមានសំណួរថា តើបើរុស្ស៊ី បើកការវាយប្រហារលើអឺរ៉ុបមែន តើអឺរ៉ុបអាចប្រយុទ្ធតតាំងបានទេ?

លោក Gordon Davis សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌល CEPA និងជាអតីតជំនួយការរងអគ្គលេខាធិការអង្គការណាតូ បានលើកឡើងថា៖ «ប្រសិនបើលោក ត្រាំ ពិតជាដកខ្លួនចេញពីអឺរ៉ុបមែននោះ ជាពិសេសប្រសិនបើដកចេញជាប្រញាប់នោះ ទ្វីបអឺរ៉ុបច្បាស់ជាត្រូវប្រឈមមុខនឹងផលលំបាក ធ្ងន់ធ្ងរក្នុងការប៉ះប៉ូវចំពោះការបាត់បង់នេះ។ សហរដ្ឋអាមេរិក ជាកម្លាំងចាំបាច់បំផុតសម្រាប់ជំនាញកម្រិតយុទ្ធភូមិភាគ ក្នុងការដឹកនាំការប្រយុទ្ធទ្រង់ទ្រាយធំ។ នោះនឹងក្លាយជាទិដ្ឋភាពដ៏លំបាកបំផុតមួយសម្រាប់អឺរ៉ុបក្នុងការព្យាយាមទប់ស្កាត់ និងការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។
ជុំវិញរឿងនេះដែរ អ្នកវិភាគអន្តរជាតិផ្សេងទៀតបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធា និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក អឺរ៉ុបនៅតែអាចទប់រុស្ស៊ីជាប់ គ្រាន់តែពិបាកបន្តិចប៉ុណ្ណោះ។
ទោះគ្មានអាមេរិក ក៏អឺរ៉ុបនៅតែជាមហាអំណាចយោធាដ៏ធំមួយ។ បារាំង និង អង់គ្លេស មានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលជាខែលសំខាន់បំផុតដើម្បីទប់ស្កាត់មិនឲ្យរុស្ស៊ី វាយលុកចូលមកដល់អឺរ៉ុបខាងលិច។

មិនត្រឹមប៉ុណ្ណឹង អាល្លឺម៉ង់ បារាំង និងស៊ុយអែត មានបច្ចេកវិទ្យាផលិតរថក្រោះ (Leopard), យន្តហោះចម្បាំង (Rafale) និងនាវាមុជទឹក ដែលទំនើបជាង ឬស្មើនឹងរុស្ស៊ី។
ម្យ៉ាង ផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប រួមជាមួយអង់គ្លេស គឺធំជាងរុស្ស៊ីជិត ១០ ដង។ ក្នុងរយៈពេលវែង អឺរ៉ុបមានលុយច្រើនជាងសម្រាប់ទ្រទ្រង់សង្គ្រាម។
យ៉ាងណា អ្វីដែលជាបញ្ហាប្រឈមគឺ កង្វះគ្រាប់រំសេវនិងភស្តុភារ។ បច្ចុប្បន្ន អឺរ៉ុបពឹងផ្អែកលើអាមេរិកស្ទើរតែទាំងស្រុងសម្រាប់ការដឹកជញ្ជូនទ័ពខ្នាតធំ ការផ្តល់ប្រេងយន្តហោះ និងការផលិតគ្រាប់កាំភ្លើងធំឲ្យទាន់សេចក្តីត្រូវការក្នុងសមរភូមិ។
ចំណែកទាក់ទិនប្រព័ន្ធចារកម្មនិងផ្កាយរណបវិញ អាមេរិកគឺជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ៩០% ដល់អឺរ៉ុបអំពីចលនាទ័ពរុស្ស៊ី។ បើគ្មានទិន្នន័យពីអាមេរិក អឺរ៉ុបប្រហែលពិបាកខ្លាំងហើយក្នុងសមរភូមិ។
សរុបសេចក្តីមក ទោះគ្មានអាមេរិកក៏អឺរ៉ុបអាចតតាំងជាមួយរុស្ស៊ីបានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺអឺរ៉ុប ត្រូវតែបង្កើនការផលិតសព្វាវុធនិងពង្រឹងវិស័យយោធា ឲ្យខ្លាំងបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


