Connect with us

ព័ត៌មានជាតិ

គ្រួសារសត្វផ្សោតឃ្លាច ត្រូវបានប្រទះឃើញនៅក្នុងសហគមន៍នេសាទព្រែកត្នោតស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ

បានផុស

នៅ

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឱ្យដឹងតាមទូរសព្ទថា រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃសហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សូរិន ប្រាប់ថា រូបភាពនៃទិដ្ឋភាពដោយក្រុមការងារអភិរក្សសមុទ្របានប្រទះឃើញកូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបន្តឲ្យដឹងទៀតថា រូបនៃទិដ្ឋភាពនេះបានបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់។

អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។ ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម