Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-​ជប៉ុន ​កើនឡើង​ដល់ជិត ​១ ​ពាន់លានដុល្លារ ​ត្រឹមរយៈពេល ៤ ​ខែ​

បានផុស

នៅ

ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-ជប៉ុន ​សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជិត ១ ​ពាន់លានដុល្លារ នៅក្នុងរយៈ​ពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ១៦,២% ធៀបនឹងរយៈពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី ​១១ ​ឧសភា ២០២៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់ ​GDCE បង្ហាញថា ​គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែ​មេសា ​ឆ្នាំ ២០២៦ កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​មានតម្លៃ ៦១៤ លានដុល្លារ កើនឡើង ១៧,៤% ​ចំណែកឯជប៉ុននាំចូលមកវិញ​មានតម្លៃ ៣៥២ ​លានដុល្លារ កើន ១៤,២%។​​

​​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​កម្ពុជាបាន​អនុវត្ត​កិច្ចព្រមព្រៀង ​ស្ដីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP)​ ដែល​ធ្វើឱ្យកម្ពុជា ​ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ ដែលជាប្រទេស ៥ បូកជាមួយអាស៊ាន ​ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន​កើន​ឡើង​ ខណៈ​មាន​ភាព​អនុគ្រោះ​ពន្ធ​ច្រើន។​ កម្ពុជា​ ធ្វើពាណិជ្ជកម្មជាមួយជប៉ុន​សឹងតែពហុវិស័យទាំង​សម្លៀក​បំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំផ្សេងៗ និង​ផលិតផលកសិកម្ម​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។

​លោកបណ្ឌិត ហុង វណ្ណៈ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​យល់ឃើញថា៖ «​វិនិយោគិន​ជប៉ុន​ពេញចិត្ត​ក្នុង​ការវិនិយោគនៅកម្ពុជា ​ដែល​ទទួល​បានផលចំណេញមួយចំនួន​ ដូចជា​ផ្សារទំនើបអ៊ីអន ​និង​រោងចក្រគ្រឿង​បង្គុំ​អេឡិក​ត្រូនិក​»។​

​យោងតាម​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ ​កើន​ ១៧,១៤% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន​មានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ​ មាន​តម្លៃ៩៥៦ ​លានដុល្លារ​ កើន ២៧%៕​

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម