Connect with us

សេដ្ឋកិច្ច

​ការដោះដូរទំនិញ​កម្ពុជា-ជប៉ុន ​មាន​ទំហំ​ជាង ​$២,៣ ​ពាន់លាន ត្រឹមរយៈពេល ១១ ខែ​​

បានផុស

នៅ

ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-ជប៉ុន ​សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៣ ​ពាន់លានដុល្លារ ​គិត​ចាប់​ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ កើនឡើង ១៨% ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​នៅ​ក្នុង​ឆ្នាំ ​២០២៤។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់ GDCE បង្ហាញ​ថា ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ​ឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន​សរុប​ជាង ២,៣ ​ពាន់លានដុល្លារ កើនឡើង ១៨% ក្នុង​នោះ​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុន មាន​ទំហំ​ទឹក​ប្រាក់ ​១,៤៣ ​ពាន់លានដុល្លារ ​កើន​ ​១២,៦% ​ចំណែក​ឯការ​នាំចូល​មកវិញ​មាន​តម្លៃ ៨៦៨ លានដុល្លារ កើនឡើង២៨,១%។ ​

​តួលេខ​ខាង​លើ​បង្ហាញ​ថា កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយប្រទេសជប៉ុនប្រមាណ ៥៦៤ លានដុល្លារ។

​អ្នកឧកញ៉ា លឹម ហេង ​អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កម្ពុជាបាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ​ស្ដីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP)​ ដែលធ្វើឱ្យកម្ពុជា ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ ដែលជាប្រទេស ៥ បូកជាមួយអាស៊ាន ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកើនឡើង ខណៈ​មានភាព​អនុគ្រោះ​ពន្ធ​ច្រើន។​

កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿងបង្គុំផ្សេងៗ ​ខណៈផលិតផលកសិកម្មរបស់កម្ពុជា​មួយចំនួន​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។ ​

​​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាមានប្រសាសន៍ថា ​​ទំនាក់​ទំនង​ការទូតកម្ពុជា-ជប៉ុន​បន្តរក្សាបានល្អ ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុន​នៅ​កម្ពុជាជាយូរមកហើយ។​

​លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ​វិនិយោគិន​ជប៉ុន​ពេញចិត្ត​ក្នុង​ការវិនិយោគនៅកម្ពុជា ដែល​ទទួល​បានផលចំណេញមួយចំនួន ​ដូចជាផ្សារទំនើបអ៊ីអន ​និងរោងចក្រគ្រឿង​បង្គុំ​អេឡិក​ត្រូនិក​ផ្សេងៗ។​

​នៅ​ក្នុង​ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន​ទឹកប្រាក់ ២,១៦ ពាន់លានដុល្លារ កើនឡើង ២០,១% ក្នុងនោះកម្ពុជា​នាំចេញ ទៅជប៉ុន មានទឹកប្រាក់ ១,៤ ពាន់លានដុល្លារ កើន ១៩,៨% និងជប៉ុននាំចូលមកម្ពុជា មានតម្លៃ ៧៥២ លានដុល្លារ កើន ២០,៧%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម