Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដើម្បីពិនិត្យហើយឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់នេះ គឺមាន៨ជំពូក និង២០មាត្រា ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជា សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវ​បានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងទៅលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ ពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរ ភេទប្រុស ដែលអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធា រយៈពេល២៤ខែ ខណៈស្ត្រី ត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រឹទ្ធសភា ក៏នឹងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ព្រមទាំងស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៥។

ជាការកត់សម្គាល់ សម័យប្រជុំព្រឹទ្ធសភាបានធ្វើឡើងភ្លាមៗបន្ទាប់ពីការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ គឺបានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទី ដើម្បីបើកសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៥៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម