Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តសៀមរាប ស្នើបណ្ដាវត្តទាំងអស់ គួរពង្រឹងធម៌វិន័យ រៀបចំវត្តអារាមឲ្យក្លាយជាទីជម្រក នៃសេចក្ដីសុខសម្រាប់មនុស្ស និង សត្វ

បានផុស

នៅ

អភិបាលរងខេត្តសៀមរាប ស្នើដល់បណ្ដាវត្តអារាមទាំងអស់ គួរតែពង្រឹងធម៌វិន័យ រៀបចំអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាទីជម្រកដ៏សុខសាន្តសម្រាប់ទាំងមនុស្ស និង សត្វ ដោយឈរលើគោលការណ៍ព្រហ្មវិហារធម៌ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដោះស្រាយកិច្ចការសាសនា ដើម្បីពង្រឹងធម៌វិន័យចំពោះព្រះសង្ឃដែលគង់នៅទូទាំងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

នាឱកាសនោះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយការមានទំនាស់ ការច្រណែន ផលប៉ះពាល់ដល់ប្រយោជន៍រួម និង ជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនា ដោយឈរលើស្មារតីព្រះវិន័យ និង ច្បាប់រដ្ឋ។

លោក លី សារី បន្តថា គណៈកម្មការដោះស្រាយកិច្ចការសាសនាក្នុងខេត្ត គឺជាយន្តការផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការសហការជាមួយមន្ទីរធម្មការ សាសនាខេត្ត និង សាលាគណខេត្ត ដើម្បីត្រួតពិនិត្យ សម្របសម្រួល និង ដោះស្រាយរាល់វិវាទ ឬ បញ្ហានានាកើតឡើងនៅក្នុងវិស័យសាសនា។ ចំពោះកិច្ចប្រជុំដោះស្រាយវិវាទក្នុងវត្តអារាម ដើម្បីធ្វើការសម្របសម្រួលជម្លោះរវាងព្រះសង្ឃ និង ព្រះសង្ឃ , ជម្លោះរវាងគ្រហស្ថ ជាមួយព្រះសង្ឃ ឬ បញ្ហាគ្រប់គ្រងបច្ច័យ និង ដីធ្លីវត្ត ព្រមទាំងពិនិត្យសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗ ដើម្បីធានាថា អនុវត្តទៅតាមច្បាប់ និង មិនមានការបង្កការរើសអើង ឬ ប៉ះពាល់ដល់សន្តិសុខសង្គម។

ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ ចូលរួមយ៉ាងសកម្មជួយការងារផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សង្គមជាច្រើន ដូចជា ជួយកសាងផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និង ការងារសង្គមកិច្ច រួមមានការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ព្រះធម្មសិរី ជុំ គឹមឡេង បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមដានការប្រើប្រាស់បណ្ដាញសង្គមរបស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំ ថាអ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេសរឿងទំនាស់តិចតួចមិនគួរបង្ហោះហែកបង្ហាញនោះទេ។ ជាពិសេស ត្រូវជួយណែនាំភិក្ខុ សាមណេរក្រោមឱវាទ ពាក់ព័ន្ធការប្រើប្រាស់បណ្ដាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើកទឹកចិត្តមនុស្សឲ្យស្រឡាញ់ការអប់រំ និង បរិស្ថានជាដើម។ ជាធម្មតាអធិករណ៍ ឬ ទំនាស់ ជាផ្នែកមួយ នៃជីវិតមិនអាចជៀសផុត សំខាន់ត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណ៍សមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម