ព័ត៌មានជាតិ
សិស្សសាលាមួយក្រុម ទំនេរពីការសិក្សារកការងារក្រៅម៉ោងជួយដាំដំឡូងមី រកចំណូលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ
សិស្សានុសិស្សមួយក្រុមប្រមាណ ១០នាក់ នៅខេត្តរតនគិរី បានឆ្លៀតពេលទំនេរពីការសិក្សា ទៅស៊ីឈ្នួលដាំដំឡូងមី ដោយអាចរកចំណូលបានចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីទ្រទ្រង់ការសិក្សា និងជួយសម្រាលបន្ទុកគ្រួសារ។

ស្របពេលរដូវវស្សាចាប់ផ្តើម និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប្រជាកសិករជនជាតិដើមភាគតិចនៅតាមស្រុកនានាក្នុងខេត្តរតនគិរី កំពុងមមាញឹករៀបចំដី និងដាំដំឡូងមី ដោយរំពឹងថានឹងទទួលបានទិន្នផលល្អ និងតម្លៃទីផ្សារខ្ពស់នៅរដូវប្រមូលផលខាងមុខ។ សកម្មភាពដាំដុះនេះ ក៏បានបង្កើតឱកាសការងារបណ្តោះអាសន្នសម្រាប់សិស្សានុសិស្សនៅតាមមូលដ្ឋានផងដែរ។
ដោយសារម្ចាស់ចម្ការមួយចំនួនមានផ្ទៃដីធំ និងត្រូវការកម្លាំងពលកម្មច្រើន ពួកគេបានជួលសិស្សានុសិស្សឱ្យទៅជួយដាំដំឡូងមីនៅថ្ងៃឈប់សម្រាក ឬក្រៅម៉ោងសិក្សា។ ប្រាក់កម្រៃដែលទទួលបាន ទោះមិនច្រើនក៏ដោយ ប៉ុន្តែអាចជួយដល់ការចំណាយប្រចាំថ្ងៃ ការធ្វើដំណើរទៅសាលារៀន និងសម្រួលបន្ទុកសេដ្ឋកិច្ចក្នុងគ្រួសារបានមួយផ្នែក។

កញ្ញា កេត កែ សិស្សថ្នាក់ទី៧ ក្នុងចំណោមសិស្សដទៃទៀត ប្រាប់កម្ពុជាថ្មីថា រៀងរាល់ថ្ងៃអាទិត្យ កញ្ញាតែងតែទៅជួយដាំដំឡូងមី ដើម្បីរកប្រាក់កម្រៃបន្ថែមសម្រាប់ទិញម្ហូបអាហារ និងចំណាយលើការធ្វើដំណើរទៅសាលារៀន។ កញ្ញាបានចូលរួមការងារនេះជារៀងរាល់ឆ្នាំជាមួយមិត្តភក្តិ ហើយចាត់ទុកថាជាឱកាសមួយក្នុងការជួយសម្រាលបន្ទុកគ្រួសារ។
លោក បាន ជាកសិករជនជាតិដើមភាគតិចគ្រឹង ជាម្ចាស់ចម្ការ រស់នៅស្រុកវើនសៃ បានឱ្យដឹងថា ឆ្នាំនេះលោកបានចាប់ផ្តើមដាំដំឡូងមីលើផ្ទៃដី ១ហិកតា ហើយមានគម្រោងពង្រីករហូតដល់ ៤ហិកតា។ ដើម្បីឱ្យការងារបានទាន់ពេលវេលាក្នុងរដូវដាំដុះ លោកបានជួលកម្មករជាច្រើននាក់មកជួយដាំដុះ ក្នុងនោះទាំងសិស្សានុសិស្សផងដែរ។ លោកបញ្ជាក់ថា៖« កម្លាំងពលកម្មភាគច្រើនគឺជាសិស្សានុសិស្សដែលទំនេរពីការសិក្សានៅចុងសប្តាហ៍ ដោយឱ្យតម្លៃប្រាក់ឈ្នួល ១ម៉ឺនរៀលសម្រាប់អ្នកធ្វើការកន្លះថ្ងៃ ខណៈអ្នកធ្វើការពេញមួយថ្ងៃទទួលបាន ២ម៉ឺនរៀល ព្រោះការងារនេះក៏បានផ្តល់ចំណូលបន្ថែមដល់សិស្សានុសិស្សផងដែរ»។

ផ្អែកលើបទពិសោធន៍ច្រើនឆ្នាំ កសិកររូបនេះចែករំលែកគន្លឹះថា ការជ្រើសរើសពូជដំឡូងមីដែលមានទិន្នផលខ្ពស់ និងមើមធំ គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រាក់ចំណេញ។ លោកថា៖«មុនពេលដាំ ដីត្រូវបានភ្ជួរ និងទុកចោលប្រហែលមួយខែ មុននឹងលើករង និងរៀបចំដើមពូជសម្រាប់ដាំ។ ដើមពូជត្រូវកាត់ជាកំណាត់ៗ និងត្រាំថ្នាំការពារជំងឺ ឬសត្វល្អិត មុនយកទៅដាំ»។
ទោះបីជាកាលពីឆ្នាំមុន កសិករមួយចំនួនទទួលរងផលប៉ះពាល់ពីអាកាសធាតុ និងតម្លៃទីផ្សារមិនសូវអំណោយផលក៏ដោយ ក៏ពួកគេនៅតែបន្តដាំដុះដំណាំនេះ ដោយជឿជាក់ថា នៅរដូវប្រមូលផលខាងមុខ តម្លៃដំឡូងមីអាចនឹងប្រសើរឡើងជាងមុន។ ដំឡូងមីត្រូវបានចាត់ទុកជាដំណាំសេដ្ឋកិច្ចសំខាន់មួយសម្រាប់ប្រជាកសិករក្នុងតំបន់ ដោយសារងាយស្រួលដាំដុះ និងសមស្របទៅនឹងលក្ខខណ្ឌដី និងអាកាសធាតុ។ នៅអំឡុងខែមិថុនា ក្រោយមានភ្លៀងធ្លាក់គ្រប់គ្រាន់ កសិករជាច្រើនបានចាប់ផ្តើមដោតដើមពូជដំឡូងមីចូលក្នុងដី ដើម្បីត្រៀមផលិតកម្មសម្រាប់រដូវថ្មី។

ដំណាំទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ប្រាក់ចំណូលសំខាន់សម្រាប់គ្រួសារកសិករ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននៅពេលប្រមូលផលនារដូវប្រាំងខាងមុខ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


