Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញ​កម្ពុជា ​ជាមួយដៃគូ​អន្តរជាតិសម្រេច​បាន​ទំហំជាង ​​៣០ ​ពាន់លានដុល្លារ ​កើនជិត ១៩% ​នៅ​រយៈពេល​ ៥ ​ខែ

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ជាង ​៣០ ពាន់លាន​ដុល្លារ ​នៅ​ក្នុងរយៈពេល ៥ ខែ ២០២៦ ​កើនឡើង ​១៨,៩% ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ឆ្លុះបញ្ចាំង​ពីភាពរឹងមាំ​នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា​។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​(GDCE) ​ចេញផ្សាយ​នៅថ្ងៃ​ទី ​១០ ​មិថុនា ​២០២៦។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​របស់ ​GDCE ​បង្ហាញថា ​ចាប់ពីខែមករា ​ដល់​ខែឧសភា ​២០២៦ ​កម្ពុជា​នាំទំនិញចេញ​ទៅ​ប្រទេស​ដៃគូអន្តរជាតិ​មាន​តម្លៃ​ជាង​ ១៤ ​ពាន់លានដុល្លារ ​កើនឡើង ១៩% ចំណែកឯ​ទំនិញ​នាំចូល​មក​វិញ​មាន​តម្លៃជាង​ ១៦ ​ពាន់លានដុល្លារ ​កើនឡើង​ ១៨,៩%។​

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីថា​ កំណើននៃ​ការវិនិ​យោគ​កើនឡើងជាបន្តបន្ទាប់ ​នៅក្នុងរយៈពេល ២ ឆ្នាំ ​កន្លងមកនេះ បានធ្វើឱ្យ​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​ជា​មួយ​ដៃគូ​អន្តរជាតិ​មានការកើនឡើង។​

​លោក អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបានវាយតម្លៃថា ​នឹងសម្រេចបាន​នូវអត្រាកំណើន ៤,២% ​នៅក្នុងឆ្នាំ ២០២៦ ​ថមថយបន្តិច​ បើ​ធៀបនឹងឆ្នាំ ២០២៥ ​ដោយសារការទទួលរងនូវ​កម្មវិបាកអវិជ្ជមានផ្ទួនៗ​ដូចជា​ តម្លៃ​ប្រេង​ឥន្ធនៈកើនឡើង​ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ​និងជម្លោះព្រំដែនកម្ពុជា-ថៃ។​

​លោកឧបនាយករដ្ឋមន្ត្រី​បានបន្ថែមថា​ កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាព​តានតឹងភូមិសាស្ត្រ​នយោ​បាយ ការ​បន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាម​ពាណិជ្ជកម្ម ​និង​ការកើនឡើងថ្លៃ​ប្រេង​ឥន្ធនៈ។

​យោងតាម​ធនាគារ​ពិភព​លោក​ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មាន​កំណើន​ ​៣,៩%​ នៅក្នុងឆ្នាំ ២០២៦​ ​បណ្ដាល​មក​ពី​វិបត្តិ​ប្រេង ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ផ្ញើ​ពី​ពលកម្ម​ក្រៅ​ប្រទេស​ និង​ការ​ផ្ដល់​កម្ចី​កាន់​តែ​តឹង​រឹង។ ​ទោះ​ជា​យ៉ាង​ណា​សេដ្ឋកិច្ច​កម្ពុជា កំពុង​បង្ហាញ​ភាព​ធន់​ ដោយ​មាន​ការ​ទ្រទ្រង់​ពី​ការ​កើន​ឡើងនៃការវិនិយោគបរទេស ​និងការនាំចេញដ៏រឹងមាំ។ ​

​ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​លោកស្រី Tania Meyer យល់ឃើញថា​៖ «សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឹង​ទប់​ខ្លួន​បាន​នៅ​ចំពោះ​មុខ​សភាព​ការណ៍​ប៉ះ​ទង្គិច​ច្រើន​យ៉ាង​ក្នុង​ពេល​ដំណាល​គ្នា​ ប៉ុន្តែ​នៅ​តែ​បង្ហាញ​​​នូវ​ភាព​ធន់​ ដែល​អាច​រក្សា​បាន​តាម​រយៈ​វិធាន​ការ​គោលនយោបាយ​ដែល​មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ការពារ​ការងារ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​»៕

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម