Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល លើកទឹកចិត្តមន្រ្តីទាំងអស់បន្តខិតខំ បម្រើសេវាជូនអ្នកជំងឺ ដោយកាយវិការទន់ភ្លន់ និង រួសរាយរាក់ទាក់

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកទឹកចិត្ត មន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំបម្រើសេវាជូន អ្នកជំងឺប្រកបដោយកាយវិការទន់ភ្លន់ និង រួសរាយរាក់ទាក់ ដើម្បីទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ពិសេសជួយលើកកម្ពស់វិស័យសុខាភិបាលកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍តាមប្រព័ន្ធវីដេអូ សន្និសីទនៅក្នុងដំណើរចុះពិនិត្យ សេវាសុខាភិបាលតាមមូលដ្ឋានសុខាភិបាល នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រើប្រាស់សមត្ថភាព ប្រកបដោយកាយវិការទន់ភ្លន់ក្នុងការបម្រើសេវាសុខភាព ចូលរួមបង្កើតភាពរីករាយ និងទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។

លើសពីនេះទៀតលោករដ្ឋមន្រ្តីសុខាភិបាលបានជំរុញឱ្យមន្រ្តីសុខាភិបាល បន្តខិតខំក្នុងភារកិច្ចរបស់ខ្លួនទាំងការបម្រើសេវាថែទាំព្យាបាល និងភាពជាអ្នកដឹកនាំក្នុងអង្គភាព ដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធសុខាភិបាល។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានទទួលស្គាល់នូវការលះបង់ទាំងកំលាំងកាយចិត្ត ដែលមន្រ្តីសុខាភិបាលបាន និងកំពុងធ្វើកន្លងមក ក្នុងភារកិច្ច កាត្វកិច្ច សេចក្តីថ្លៃថ្នូររបស់ខ្លួនការពារសុខភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទង នឹង ការធ្វើផែនការមកចែករំលែក ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធ្វើផែនការ ដែលមានគោលដៅច្បាស់លាស់ ដោយឈរលើការគិតគូរជាប្រចាំ ដោយប្រមើមើលនូវឧបសគ្គនៅខាងមុខ និង ការជ្រើសរើសយកនូវដំណោះស្រាយដែលមានសក្ខានុពលស្របតាមបរិបទរបស់អង្គភាព។

ជាបន្ទាប់ ក្រុមការងារមន្ទីរពេទ្យព្រះនេត្រព្រះនៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យ ដោយបង្ហាញនូវសមិទ្ធផលនៃការកើនឡើង នៃចំនួនអ្នកមកប្រើប្រាស់សេវា និង ការកែលម្អហេដ្ឋារចនាសម្ពន្ធ័របស់មន្ទីរពេទ្យ។ នៅក្នុងបទបង្ហាញនេះក៏បានរំលេចនូវគុណតម្លៃរបស់មន្ទីរពេទ្យ និងគុណតម្លៃរបស់បុគ្គល ដែលគុណតម្លៃទាំងនេះ គឺ ជាកំលាំងចលករមួយរបស់មន្ទីរពេទ្យ ដែលអាចបូកផ្សំជាមួយការដឹកនាំប្រកបដោយភាពចាស់ទុំ នឹងធ្វើឱ្យមន្ទីរពេទ្យអាចបន្តបង្កើនគុណភាពសេវា ពង្រឹងសុវត្ថិភាពអ្នកជំងឺ និងឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃសេវារបស់ខ្លួន៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម