ព័ត៌មានជាតិ
បទវិចារណកថា «តើធ្វើដូចម្តេចឱ្យការរិះគន់ក្នុងន័យស្ថាបនា ក្លាយជាឱសថទិព្វសម្រាប់សង្គម?»
អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងយុគសម័យឌីជីថលដែលព័ត៌មានអាចរីករាលដាលត្រឹមតែមួយប៉ព្រិចភ្នែក មតិយោបល់ និងការវិភាគរបស់ «បញ្ញវន្ត» ដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសសង្គម។ យ៉ាងណាមិញ សំណួរដ៏ធំមួយបានកើតឡើង៖ តើធ្វើដូចម្តេចដើម្បីឱ្យសំឡេងនៃចំណេះដឹងនោះ មានតម្លៃ មានឥទ្ធិពលវិជ្ជមាន និងអាចទទួលយកបានពីគ្រប់ភាគី ទាំងរដ្ឋ ទាំងប្រជាជន?

សេរីភាពដែលការពារដោយច្បាប់ជាតិនិងអន្តរជាតិ
ជាការណ៍ពិតណាស់ សេរីភាពក្នុងការបញ្ចេញមតិ គឺជាគ្រឹះស្ថាននៃសង្គមប្រជាធិបតេយ្យ និងការរីកចម្រើន។ គោលការណ៍នេះត្រូវបានទទួលស្គាល់និងធានាយ៉ាងច្បាស់លាស់ដោយ៖
- ច្បាប់ជាតិ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រាទី៤១) និងច្បាប់ស្តីពីរបបសារព័ត៌មាន បានបើកសិទ្ធិទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ។
- ច្បាប់អន្តរជាតិ៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) របស់អង្គការសហប្រជាជាតិ ក៏ដូចជាសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រាទី១៩) សុទ្ធតែបានលើកកម្ពស់សិទ្ធិនេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ផ្អែកលើ«ច្បាប់ធម្មជាតិ» និង«សីលវិជ្ជា» គ្មានសេរីភាពណាមួយដែលគ្មានដែនកំណត់នោះទេ។ សេរីភាពនៃការបញ្ចេញមតិ មិនមែនជាសិទ្ធិដែលគ្មានព្រំដែនឡើយ ពោលគឺត្រូវគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាចម្បង ច្បាប់អន្តរជាតិក៏បានបញ្ជាក់ដែរថា ការប្រើប្រាស់សេរីភាពនេះ ត្រូវរ៉ាប់រងនូវកាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់ ជាអាទិ៍គឺការគោរពសិទ្ធិឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និងការការពារសន្តិសុខជាតិ។

មេរៀនពីពិភពលោក៖ ភាពខុសគ្នារវាង«ការដេញដោលបែបស្ថាបនា» និង«ការបង្កជម្លោះ»
បើពិនិត្យមើលបទពិសោធអន្តរជាតិ នៅក្នុងប្រទេសជឿនលឿនជាច្រើន ការពិភាក្សាដេញដោល(Debate) ការផ្តល់បទសម្ភាសន៍ ឬការសរសេរអត្ថបទវិភាគ ដែលមានទស្សនៈស្របឬផ្ទុយពីជំហររដ្ឋាភិបាល លើបញ្ហាជាតិនិងអន្តរជាតិ គឺជាជារឿងធម្មតា។
ប៉ុន្តែ ភាពជោគជ័យនិងការទទួលយកបានរបស់អ្នកពិភាក្សាដេញដោល គឺស្ថិតនៅលើ «របៀបវារៈ វិធី និងវប្បធម៌នៃការសន្ទនា»៖
- ពួកគេប្រើប្រាស់ ទឡ្ហីករណ៍ ទិន្នន័យ និងវិទ្យាសាស្ត្រ មកជជែកដេញដោល។
- ពួកគេមិនប្រើប្រាស់ពាក្យសម្តីគ្រោតគ្រាត មិនជេរប្រមាថបុគ្គលឬស្ថាប័ន មិនមួលបង្កាច់ ឬចោទប្រកាន់ដោយគ្មានភស្តុតាងនោះឡើយ។
ការរិះគន់ក្នុងន័យស្ថាបនា គឺសំដៅទៅលើ«ប្រព័ន្ធឬដំណោះស្រាយ» មិនមែនដៅទៅលើ «បុគ្គល» ដើម្បីបំផ្លាញកិត្តិយសនោះទេ។
សិល្បៈនៃការបញ្ចេញមតិ៖ ការប្រើពាក្យពីរោះពិសា និងយុទ្ធសាស្ត្រឈ្នះ-ឈ្នះ
បញ្ញវន្តខ្មែរទាំងក្នុងនិងក្រៅប្រទេស គួរតែបន្តបេសកកម្មក្នុងការផ្តល់ចំណេះដឹង និងគំនិតយោបល់ចំពោះបញ្ហាជាតិ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យមាន «របៀបវារៈនិងវិធីសាស្ត្រដ៏សមរម្យមួយ»។ ពាក្យសម្តីដែលទន់ភ្លន់ តែម៉ឺងម៉ាត់ប្រកបដោយហេតុផល តែងតែមានឥទ្ធិពលជាងពាក្យសម្តីគំរោះគំរើយ។
«សំឡេងទន់ភ្លន់ អាចបំបែកភាពរឹងរូសបាន ប៉ុន្តែពាក្យសម្តីគ្រោតគ្រាត មានតែបង្កើតរបាំងការពារចិត្ត»ប៉ុណ្ណោះ។
ជាងនេះទៅទៀត ក្នុងនាមជាបញ្ញវន្តដែលមានទំនួលខុសត្រូវខ្ពស់ ចាំបាច់ត្រូវមានការពិចារណាដ៏ហ្មត់ចត់លើ «ផលប៉ះពាល់នៃព័ត៌មាន»។ ប្រសិនបើខ្លួនបានរកឃើញការណ៍ពិត សច្ចភាព ឬគំនិតល្អៗ ប៉ុន្តែគំនិតនោះមានភាពរសើបខ្លាំងចំពោះមហាជន ឬអាចត្រូវបានគេយកទៅបកស្រាយខុស ដែលនាំឱ្យខាតបង់ប្រយោជន៍ជាតិ ឬចំណេញទៅដល់បរទេស នោះការយកមកលាតត្រដាងជាសាធារណៈលើបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយមិនមែនជាជម្រើសល្អសម្រាប់ជាតិនោះឡើយ។
ផ្ទុយទៅវិញ យន្តការដ៏មានប្រសិទ្ធភាពនិងថ្លៃថ្នូរ គឺការសរសេរជា «លិខិតឬទស្សនាទានឯកជន» ជូនទៅកាន់រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យឬស្ថាប័នពាក់ព័ន្ធ។ ចំណែកឯ រដ្ឋាភិបាលក៏គួរតែទទួលយក«លិខិតឬទស្សនាទានឯកជន»នេះទៅពិចារណាដែរ។ ទង្វើបែបនេះជាការបង្ហាញពីចេតនាពិតប្រាកដក្នុងការ «ដោះស្រាយបញ្ហា» ជាជាងការ «បង្ករឿងដើម្បីទាក់ទាញការចាប់អារម្មណ៍ (Likes/Shares)»ផ្ទាល់ខ្លួន ឬក៏ផលប្រយោជន៍ក្នុងការប្រកួតប្រជែងខាងនយោបាយ។
រួមចិត្ត រួមគំនិត ដើម្បីឧត្តមប្រយោជន៍ជាតិ
នៅក្នុងសង្គមមួយ ទាំងអ្នកទទួលយកគំនិត (រដ្ឋាភិបាល/អាជ្ញាធរ) ទាំងអ្នកផ្តល់គំនិត (បញ្ញវន្ត/ប្រជាពលរដ្ឋ) សុទ្ធតែមានបំណងប្រាថ្នាល្អដូចគ្នា គឺចង់ឃើញប្រទេសជាតិរីកចម្រើន មានសុខសន្តិភាពនិងស្ថិរភាព។
ដូច្នេះ តើមានប្រយោជន៍អ្វីដែលយើងត្រូវបង្កើតទំនាស់ ហែកហួរ ជេរប្រមាថ ឬវាយប្រហារគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម? ការធ្វើបែបនោះ មានតែបង្កើតភាពសង្ស័យ ភាពប្រេះឆា និងការបែកបាក់ ដែលធ្វើឱ្យខាតបង់ទាំងសងខាង ឬខាងបង់ដល់ប្រយោជន៍ជាតិ។

ការប្តូរពីការ «វាយប្រហារ» មកជាការ «សហការ» តាមរយៈការបញ្ចេញមតិប្រកបដោយសីលធម៌ វិទ្យាសាស្ត្រ សមហេតុផល និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងចេះញែករវាងព័ត៌មានណាដែលអាចនិយាយជាសាធារណៈនិងព័ត៌មានណាដែលមិនអាចនិយាយជាសាធារណៈបាន គឺជាវិធីសាស្ត្រតែមួយគត់ដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។ នៅពេលបញ្ញវន្តប្រើប្រាស់ចំណេះដឹងដោយក្តីមេត្តា ប្រកបដោយគុណធម៌ សេចក្តីថ្លៃថ្នូរ និងគតិបណ្ឌិត នៅពេលនោះចំណេះដឹងនឹងក្លាយជាពន្លឺបំភ្លឺផ្លូវជាតិ មិនមែនជាភ្លើងដុតរំលាយសាមគ្គីភាពជាតិនិងបំផ្លាញផលប្រយោជន៍ជាតិនោះឡើយ៕
ដោយ បណ្ឌិត ឈត ប៊ុនថង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


