Connect with us

ព័ត៌មានជាតិ

ពេញមួយខែឧសភា កម្លាំងក្រសួងមហាផ្ទៃបន្តបង្ក្រាបបទល្មើស Online Scam បានចំនួន៩៥កន្លែង ឃាត់មនុស្សជាង៥ពាន់នាក់

បានផុស

នៅ

ក្នុងរយៈពេលពេញមួយខែឧសភា ឆ្នាំនេះ កម្លាំងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ នៅតែបន្តវាយកម្ទេចទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ពីបោសសម្អាតទ្រង់ទ្រាយធំៗ ដែលជាលទ្ធផល បង្ក្រាបបានចំនួន៩៥កន្លែង ឃាត់ខ្លួនក្នុងប្រតិបត្តិការជាង៥ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចក្រោមចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៩៥កន្លែង ដែលក្នុងនោះ នៅរាជធានីភ្នំពេញមាន ២៣កន្លែង ខេត្តបន្ទាយមានជ័យ ១៦កន្លែង ស្វាយរៀង ១៥កន្លែង ខេត្តព្រះសីហនុ ១៤កន្លែង និងទីតាំងក្នុងខេត្តព្រៃវែង កំពត មណ្ឌលគិរី ប៉ៃលិន កណ្ដាល បាត់ដំបង កោះកុង រួមទាំងនៅខេត្តក្រចេះ។

បើតាមលោក ទូច សុខៈ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ៥ ៤០៧នាក់ ស្មើ២៤សញ្ជាតិ ជនជាតិចិនជាងគេ ចំនួន២​ ៧១០នាក់ បន្តបន្ទាប់មានជនជាតិវៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដេស ថៃ ជប៉ុន មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ឡាវ និងជនជាតិផ្សេងៗដទៃទៀត រួមទាំងពលរដ្ឋកម្ពុជា។

ក្នុងចង្កោមមនុស្សដែលបានឃាត់ខ្លួនខាងលើ ក្នុងរង្វង់ខែឧសភាកន្លងទៅ គឺមានមនុស្សចម្រុះជាតិសាសន៍ប្រមាណ១ ៧២១នាក់ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា និង១៧០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។

ដោយឡែកមនុស្សចំនួន២ ៨៣០នាក់ទៀត អ្នកនាំពាក្យរង ថា កំពុងនៅបន្តនីតិវិធីតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត ខណៈអ្នកមិនពាក់ព័ន្ធចំនួន៦៨៦នាក់ ត្រឹមធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រឡប់ទៅផ្ទះ និងប្រទេសកំណើតវិញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម