Connect with us

ព័ត៌មានជាតិ

សេដ្ឋី​កសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ​មើល​ឃើញ​របត់​ផ្លាស់ប្តូរ​ដ៏​ធំ ខណៈ​ធនាគារ​ចាប់ផ្តើម​បោះ​ដៃ​​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម

បានផុស

នៅ

ខណៈ​កន្លងមក គេ​មើលឃើញ​ការ​វិនិយោគ​លើវិស័យ​កសិកម្ម​ជួបបញ្ហា​​ប្រឈមច្រើន​ ដែលក្រៅពី​​ទីផ្សារ​លក់​ផលិតផល​ ជាពិសេស​​ការ​ស្វែងរកប្រភព​ទុន ដើម្បី​ពង្រីក​ការ​វិនិយោគ​ការ​ធ្វើកសិកម្ម​។

យ៉ាងណាមិញ របត់ថ្មីកំពុងមាននិន្នាការប្រែប្រួល​ជា​វិជ្ជមាន។ នេះ​បើ​តាម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ខណៈ​ដែល​ធនាគារ​បាន​ផ្លាស់ប្តូរ​គំនិត​ងាក​មក​គាំទ្រ​វិស័យ​កសិកម្មវិញ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប​បាន​ប្រាប់​ថា ពីដើម​ឡើយធនាគារ​ភាគ​ច្រើន​មិនព្រម​ផ្តល់​កម្ចី​ដល់​អ្នក​ធ្វើការ​លើ​វិស័យ​កសិកម្ម​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋីកសិកម្ម​រូបនេះ​អះអាង​ថា «សូម្បី​តែ​មាន​សម្ភារ​ធានា​ដូចជា អាជីវកម្ម ដីធ្លី ឬ​ផលដំណាំ ក៏​ធនាគារ​មិន​ទទួល​យក​ដែរ ដែល​នេះ​បញ្ជាក់​បាន​ថា ធនាគារ​ហាក់​ដូចជា​មានបំណង​មិន​ផ្តល់​កម្ចីតែម្តង»។

យ៉ាងណាមិញ អ្នក​ឧកញ៉ា​មើលឃើញ​របត់​ថ្មី​បាន​ផ្លាស់ប្តូរ ដោយ​បច្ចុប្បន្ន​មាន​ការ​បន្ធូរ​បន្ថយការ​​រឹតត្បិត ដែល​ធ្វើឲ្យ​កសិករ​អាច​មានលទ្ធភាព​ទទួល​បាន​កម្ចី​ សម្រាប់​វិនិយោគ​ពង្រីកការ​ធ្វើ​​កសិកម្មបន្ថែមទៀត។

នៅ​ក្នុង​ជំនួប​ជាមួយ​កសិករ​ចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​កម្ពុជា​នៅ​តំបន់​កសិ​ទេសចរណ៍​​ក្រុមហ៊ុន ម៉ុង ឫទ្ធី នៅ​ខេត្ត​កំពង់ស្ពឺ អ្នក​ឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង  បាន​គូស​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង បាន​រៀបចំ​ទុនប្រមាណ ៥០០ លានដុល្លារ​ សម្រាប់ជួយ​កសិករជំរុញការ​ធ្វើ​កសិកម្ម​ឲ្យ កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

លោកថា គោល​ដៅ​មិនមែន​បញ្ចប់​ត្រឹម​ការ​ផ្តល់​កម្ចី​ ៥០០ លានដុល្លារ​នោះទេ ពោលនឹងខិតខំធ្វើ​ឱ្យ​បាន​បន្ថែម​លើស​ពី​នេះទៅ​ទៀត។

ឆ្លើយតប​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន ហេតុអ្វីបានជាធនាគារ ជីប ម៉ុង ហ៊ានវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែលមាន ហានិភ័យខ្ពស់? ​អ្នក​ឧកញ៉ាបញ្ជាក់ថា ​ដោយសារលោក​យល់​ពី​តម្រូវការ​របស់កសិករ​ដែល​ជួប​បញ្ហា​ប្រភព​ទុន​ក្នុង​ការ​ពង្រីក​ការ​ដាំដុះ ខណះធនាគារ​ភាគច្រើន​តែងតែ​ចៀសវាងការផ្តល់កម្ចីលើវិស័យដែលមានហានិភ័យខ្ពស់នេះ។

«កសិករខ្លះជួបការលំបាក រហូតត្រូវខ្ចីលុយពីឯកជនក្រៅប្រព័ន្ធ ដែលមានអត្រាការប្រាក់ខ្ពស់ ខណៈ​គោលការ​ណ៍​គាំទ្រ​របស់​​ធនាគារ​ជីប ម៉ុង គឺផ្តល់អត្រាការប្រាក់ទាប​និងមិនមានតម្រូវការទ្រព្យធានា ឬបញ្ចាំឡើយ»។

លោក​បន្តថា តាម​រយៈ​ការ​ជួប​កសិករ​ដែល​ដាំ​ដំណាំ​ពោត កសិករ​ប្រាប់​ថា ដំណាំ​ពោត​ចំណាយ​ពេល​ប្រហែល ៦ ខែ​ក្នុង​ការ​ប្រមូល​ផល ដូច្នេះ ធនាគារ ជីប ម៉ុង គ្រោង​បង្កើត​ផលិត​ផល​ឥណ​ទាន​ដែល​មាន​រយៈ​ពេល ៨ ទៅ ៩ ខែ ដែល​ចំ​គោលដៅ និង​ស្របតាមរដូវកាល​ប្រមូល​ផល​របស់​កសិករ។

នៅ​ពេល​កសិករ​ប្រមូល​ផល និង​លក់​រួចរាល់ ពួកគេ​អាច​យក​ប្រាក់មកទូទាត់​សងធនាគារ​វិញ​ដោយ​មិន​បាច់​ទុក​លុយ​ចោល ឬ​ខាតបង់​ការប្រាក់​ក្នុងរដូវកាល​ដែល​គ្មាន​ទិន្នផល​ឡើយ។

ជាមួយគ្នានេះ ដើម្បី​កសាង​គ្រឹះ​ការអភិវឌ្ឍវិស័យកសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​រឹងមាំ ​អ្នក​ឧកញ៉ា​បាន​លើក​​ពី​ទស្សនវិស័យរួមមួយគឺ​ត្រូវ​តែ​​រួម​ដៃ​គ្នា រវាង​អ្នក​ដាំដុះ អ្នក​ចិញ្ចឹម អ្នក​ប្រមូល​ទិញ និង​ធនាគារ ដោយ​មិន​ចង់​ឱ្យមានការ​នាំ​វត្ថុធាតុ​ដើម​ចេញ​ទៅក្រៅ​ប្រទេស​ទាំង​មិន​ទាន់​កែច្នៃ​ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​បន្ថែម​នៃ​ផលិតផល​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម