Connect with us

ព័ត៌មានជាតិ

ប្រឡូក​វិស័យ​កសិកម្ម​ជាង ៣០ ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់​បំណង​ប្រាថ្នា​មួយ​ ​មិន​ទាន់​សម្រេច​បាន

បានផុស

នៅ

ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍ​កសិ​ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ​ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សេដ្ឋី​កសិកម្ម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​រៀបរាប់​ពី​ការ​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម ហើយ​លោកក៏​បាន​បង្ហើប​ពី​បំណង​ប្រាថ្នា​មួយ​ដែល​លោក​ចង់​បង្កើត​រោងចក្រ​ផលិត​ប្រេងឆា​ពី​ដូង​ប្រេង ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​បាន ហើយ​លោក​គិត​ថា​ត​ទៅ​មុខ​ទៀត​ក៏​ពិបាក​នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​ក្នុង​វ័យ ៧២ ឆ្នាំ និង​ឈាន​ចូល​ដល់​វ័យ ៧៣ នៅ​ពេល​ខាងមុខនេះ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី​ បាន​ប្រាប់​ថា ការ​​ប្រឡូក​ក្នុងជំនួញ​កសិកម្ម​ជាង ៣១ ឆ្នាំ មក​នេះ អ្វីដែលលោក​មិនទាន់​សម្រេច​បានរហូត​មក​ដល់​ពេលនេះ​គឺ​ការបង្កើត​រោងចក្រ​ផលិតប្រេងឆាកែច្នៃ​ពី​ផល​ដូងប្រេង។

លោក​រៀបរាប់​ថា «ការងារ​នេះ​ប្រហែល​ជា​កូនចៅ​ជំនាន់ក្រោយ​ ក៏មិនអាចធ្វើបានដែរ ព្រោះ​បើ​ទោះ​ជា​អាច​ដាំដុះ​បាន​​​នៅ​លើផ្ទៃដី ២ ម៉ឺន​ហិកតា​ក៏ដោយ ក៏​មិន​ចំណេញ​ដែរ»។

លោក​ថា បើ​ចង់​ផលិត​ប្រេង​ឆា​ពី​ដូង​ប្រេង ហើយ​ចង់​ធ្វើ​រោងចក្រ​ធំ លុះត្រាតែ​នាំចូល​ប្រេង​ដូង​ឆៅ​ពី​គេ​។ ដូច្នេះលោក​គិត​ថា រហូត​ដល់​លោក​ស្លាប់​ទៅ​ ក៏​ប្រហែល​ជា​មិន​អាច​បង្កើត​រោងចក្រ​ប្រេង​ឆា​នេះ​បាន​​ដែរ។

នៅពេល​គេសួរ​ថា តើមាន​កសិផល​ផ្សេង​ទៀត​​ដែល​អាច​កែច្នៃ​ធ្វើជា​ប្រេង​ឆា​ក្រៅពី​ដូងប្រេង​? ឧកញ៉ា​ម៉ុង ឫទ្ធី បានបញ្ជាក់ថា មានដែរ​​​ដូចជា ផ្កាឈូករ័ត្ន សណ្តែក​សៀង និង​ប្រភេទ​ដំណាំ​ផ្សេងៗ​ជាច្រើន​ទៀត។ ទោះ​ជាយ៉ាង​ណា លោក​បាន​ប្រៀបធៀប​ថា ដំណាំ​ទាំង​នោះ​មិន​ដូច​ដូង​ប្រេង​ទេ ព្រោះ​ដូង​ប្រេង​គឺ​ដាំ​ម្តង ប្រមូល​ផល​បាន​រហូត​វិលជុំ។

លោក​បាន​ពន្យល់​ពី​លក្ខខណ្ឌ​អាកាសធាតុនិងដី​សម្រាប់​ដាំដូង​ប្រេង គឺ​​ត្រូវការ​កម្រិត​ទឹកភ្លៀងលើស​ពី ២ ០០០ មីលីម៉ែត្រ​ក្នុងមួយឆ្នាំ ដូច​នៅចម្ការដូងប្រេង​របស់​លោក​នៅ​ស្រុក​ព្រៃនប់​ គឺមាន​កម្រិត​ទឹកភ្លៀង​រហូតដល់ ៤,០០០ មីលីម៉ែត្រ។

លោក​បន្ត​ថា គ្រប់ដំណាំ​ទាំងអស់​គឺសុទ្ធតែត្រូវការ​ដី​ល្អ​ដូចគ្នា ប៉ុន្តែ​ខុសគ្នា​ត្រង់​តម្រូវការ​ទឹកភ្លៀង​តិច​ឬ​ច្រើន​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​គោល​ជំហរដើម្បី​​ឈានទៅ​សម្រេច​បំណងប្រាថ្នា តាមរយៈ​​ការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ដូងប្រេង​បន្ថែម ឧកញ៉ា​ ម៉ុង ឫទ្ធី បាន​សង្កត់ធ្ងន់​ក៏​ដូចជា​​ផ្តល់​ដំបូន្មាន​ថា កុំធ្វើឱ្យសោះ។ ​ចំពោះ​ការឈូស​ឆាយព្រៃឈើ​ដើម្បីយក​ដីមក​ដាំដូងប្រេង​មិន​អាច​ទៅ​រួច​ទេ ហើយ​អន្តរជាតិ​ក៏​មិន​គាំទ្រ​ដែរ ខណៈ​លោក​ក៏​មាន​ជំនឿ​ចិត្ត​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ដាំដូង​ប្រេង​នោះ​ឡើយ៕

បន្តចុចអាន៖ រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម