Connect with us

ព័ត៌មានអន្ដរជាតិ

ទុរេនថៃ លក់មិនដាច់​នៅផ្សា​រកូរ៉េខាងត្បូង ថៅកែ​កូរ៉េ​​ខាតលុយច្រើន បញ្ជាឲ្យប្រមូល បោះចោលក្នុងឡានសំរាម

បានផុស

នៅ

ថៅកែផ្សារកូរ៉េម្នាក់ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបាននាំចូលផ្លែទុរេនពីប្រទេសថៃមកលក់នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបែរជាលក់មិនដាច់ទាល់តែសោះ រហូតត្រូវបង្ខំចិត្តបញ្ជាឲ្យបុគ្គលិកប្រមូលបោះចោលទៅក្នុងឡានដឹកសំរាមភ្លាមៗ។

តាមរយៈវីដេអូឃ្លីបមួយដែលកំពុង​ផ្ទុះ​​​ល្បី​ និង​ចែកចាយនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី១៦ ខែមិថុនា បានបង្ហាញពីទិដ្ឋភាពនៅក្នុងទីផ្សារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះថៅកែជនជាតិកូរ៉េម្នាក់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោកបានដាក់​​ប្រាក់​វិនិយោគទុននាំចូលផ្លែទុរេនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទឹកដីថៃ ប៉ុន្តែជាលទ្ធផល ស្ដេចផ្លែឈើទាំងនោះលក់មិនដាច់ទាល់តែសោះ។

ដោយសារតែទុរេនជាផ្លែឈើទុំជោរលឿន និងមិនអាចរក្សាទុកបានយូរ ថៅកែរូបនេះគ្មានជម្រើសអ្វីក្រៅតែពីការសម្រេចចិត្តបោះចោលនោះឡើយ។ នៅក្នុងវីដេអូ គេឃើញ លោកបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន លើកប្រមូលផ្លែទុរេនល្អៗទាំងអស់នោះ យកទៅបោះចោលទៅក្នុងធុង និងឡានដឹកសំរាមទាំងគួរឲ្យសោកស្តាយបំផុត។

បន្ទាប់ពីវីដេអូនោះលេចឡើងជាសាធារណៈ នៅក្នុងនោះផងដែរ អ្នកទស្សនាជាច្រើនបានចោទសួរ និងមានចម្ងល់ថា បច្ចុប្បន្នមានប្រជាជនថៃរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅជាង ១៣ម៉ឺននាក់។ ចុះហេតុអ្វីបានជាពួកគេមិនជួយទិញ ឬគាំទ្រទុរេនដែលជាផ្លែឈើតំណាងឲ្យស្រុកកំណើតរបស់ខ្លួនទៅវិញ?

យ៉ាងណាមិញ បើតាមការបញ្ចេញមតិរបស់អ្នកលេងបណ្ដាញសង្គមហ្វេសបុកបានលើកឡើងថា ថៅកែកូរ៉េប្រហែលជាគិតសាមញ្ញថា ឲ្យតែមានជនជាតិថៃរស់នៅច្រើន ពួកគេច្បាស់ជាមកជួយទិញទុរេនស្រុកខ្លួនឯងមិនខាន។ ប៉ុន្តែ លោកភ្លេចគិតពីកម្រិតប្រាក់ចំណូល និងទម្លាប់សន្សំសំចៃរបស់ពលករ ដែលមិនហ៊ានចំណាយលុយជិត ៦០ ដុល្លារ លើទុរេនមួយផ្លែឡើយ។ ជាពិសេស កូរ៉េខាងត្បូងមានប្រព័ន្ធច្បាប់គ្រប់គ្រងសំរាមតាមទម្ងន់ និងប្រភេទម៉ត់ចត់បំផុត។ សំបកទុរេនមិនត្រូវគេអនុញ្ញាតឲ្យចោលក្នុងសំរាមអាហារឡើយ គឺត្រូវចាត់ចូលជាសំរាមទូទៅ។ ពលករថៃដែលស្នាក់នៅតាមបន្ទប់ជួល ឬអាផាតមិន ពិបាកវេចខ្ចប់សំបកទុរេនដែលមានបន្លា និងទម្ងន់ធ្ងន់ទៅចោលខ្លាំងណាស់ ព្រោះត្រូវទិញថង់សំរាមពិសេសរបស់រដ្ឋអស់លុយច្រើនបន្ថែមទៀត។

ជាការកត់សម្គាល់ដ៏ធំនោះ ជនជាតិកូរ៉េភាគច្រើន គឺមិនចេះញ៉ាំ និងស្អប់ក្លិនទុរេនខ្លាំងណាស់។ តាមខុនដូ ឬផ្ទះជួលជាច្រើន មានច្បាប់ហាមដាច់ខាតមិនឲ្យយកអាហារមានក្លិនឆួលចូលបន្ទប់ ព្រោះវាទុំជាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងភាយរំខានអ្នកជិតខាង។ កត្តានេះធ្វើឲ្យជនជាតិថៃខ្លួនឯង ក៏មិនហ៊ានទិញទុរេនស្រស់ទាំងមូលយកទៅកាត់ញ៉ាំក្នុងបន្ទប់ដែរ៕

រូបភាព៖ហ្វេសបុក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម