Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសកាន់ទុក្ខ ១៥ថ្ងៃ ចំពោះការសោយទិវង្គត បុត្រីស្តេចថៃ

បានផុស

នៅ

ប្រទេសថៃ បានប្រកាសពីការកាន់ទុក្ខរយៈពេល ១៥ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះបុត្រីស្តេចថៃ ព្រះនាង Bajrakitiyabha ដែលសោយទិវង្គត ក្នុងជន្មាយុ ៤៧ព្រះវស្សា។

(រូប៖ Reuters)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងបាងកក ដើម្បីដាក់ចេញវិធានការនានា ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យសព។

ក្នុងវិធានការ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី ថៃបញ្ជាឲ្យ ការិយាល័យរដ្ឋាភិបាល សហគ្រាស ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង រយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមិថុនានេះទៅ។

(រូប៖ Reuters)

ស្របពេលជាមួយគ្នានោះ មន្ត្រីរាជការ បុគ្គលិកសហគ្រាសរដ្ឋ និងមន្ត្រីរដ្ឋាភិបាល ត្រូវតម្រូវឲ្យកាន់ទុក្ខរយៈពេល ១៥ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១២ នេះដូចគ្នា ហើយប្រជាពលរដ្ឋទូទៅ ត្រូវបានស្នើសុំឲ្យចូលរួមរំលែកទុក្ខ និងកាន់ទុក្ខតាមការគួរ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ប្រជាពលរដ្ឋថៃ គួរតែបន្តជីវភាពរស់នៅប្រចាំថ្ងៃ បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដូចធម្មតាទៅ»។

(រូប៖ Reuters)

សូមជម្រាបជាថ្មី ព្រះនាង Bajrakitiyabha បានសោយទិវង្គតហើយ នៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital នាវេលាម៉ោង ៧:៤៨នាទី យប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែព្រះបរមរាជវាំងថៃ ទើបចេញសេចក្តីប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ ប៉ុណ្ណោះ។

មុនសោយទិវង្គត ព្រះរាជសុខភាពរបស់ព្រះនាង Bajrakitiyabha បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការឆ្លងមេរោគធ្ងន់ធ្ងរ។ 

(រូប៖ Reuters)

ទោះបីជាកន្លងមក ក្រុមគ្រូពេទ្យ បានបន្តប្រើប្រាស់ឧបករណ៍ជំនួយជីវិតសម្រាប់​សួត និងតម្រងនោម ព្រមទាំងបានថ្វាយថ្នាំផ្សះ និងឱសថជាច្រើនមុខ ដើម្បីជួយទប់ទល់ឲ្យសម្ពាធឈាម និងចង្វាក់បេះដូងមានលំនឹងឡើងវិញយ៉ាងណាក្តី ក៏ការឆ្លងមេរោគនោះ បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរឡើងៗ ឈានដល់វាយលុកសរីរាង្គសំខាន់ៗជាច្រើន នៅក្នុងព្រះកាយរបស់ទ្រង់។

ព្រះនាង​ Bajrakitiyabha បានទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn ជារៀងរហូតមក ចាប់តាំងពីទ្រង់​បានដួលសន្លប់ ដោយសារតែបញ្ហាបេះដូង​ភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម