Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែអាចដំឡើងនាពេលខាងមុខ ជុំវិញអតិផរណា

បានផុស

នៅ

ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក (Fed) កាលពីថ្ងៃពុធ បាន​សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅចន្លោះ ៣,៥-៣,៧៥% ដដែល ប៉ុន្តែមានសញ្ញាដំឡើងវានាពេលខាងមុខជុំវិញកង្វល់អតិផរណា ចំពេលដែលកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់នៅតែមានភាពស្រពេចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗ រួមទាំង CNBC និង CNN។

ប្រធានធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក (Fed) ថ្មី លោក Kevin Warsh
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងរបស់ប្រធាន Fed ថ្មី លោក Kevin Warsh ខណៈមន្ត្រី Fed មានការខ្វែងគំនិតគ្នាថា គួររក្សាអត្រាការប្រាក់ដដែល ឬដំឡើងបន្ថែម ដើម្បីទប់ស្កាត់អតិផរណាដែល​ជំរុញដោយ​ជម្លោះនៅមជ្ឈិមបូព៌ា។

ប្រធានាធិបតីអាមេរិក ដែលតែងតាំងលោក Warsh ធ្លាប់បានជំរុញបុកម្នេញឱ្យអតីតប្រធាន Fed លោក Jerome Powell ដែលផុតអាណត្តិកាលពីពាក់កណ្ដាលខែឧសភា កាត់បន្ថយអត្រាការប្រាក់ ហើយក៏បានបង្ហាញជំហរថា លោករំពឹងឱ្យលោក​ Warsh ​ធ្វើតាមការទាមទាររបស់លោកដូចគ្នា។ ​

ប៉ុន្តែខណៈអតិផរណាអាមេរិក​កើនដល់ ៤,២% នៅខែឧសភា ហើយរំពឹងថានឹងបន្ត​កើនលើសគោលដៅ Fed ត្រឹម ២% ​ហើយ​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់មាន​ភាពមិនប្រាកដប្រជា​ គណៈកម្មាធិការដែល​កំណត់អត្រាការប្រាក់របស់ Fed បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅថេរ។

​សេចក្តីថ្លែងការណ៍ដែលអនុម័តដោយសមាជិកអាច​បោះឆ្នោតសម្រេច​ទាំង ១២ នាក់ របស់​គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) ​បាន​និយាយថា៖ «សកម្មភាពសេដ្ឋកិច្ចកំពុង​រីកចម្រើន​ក្នុង​អត្រា​រឹងមាំ ទោះបីជាមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ ដែល​រួមចំណែកមួយផ្នែកដោយ​ជម្លោះនៅមជ្ឈិមបូព៌ា។ កំណើនផលិតភាព និងមូលធនវិនិយោគមានភាពរឹងមាំ។

FOMC បាន​បន្តថា ការបង្កើតការងារថ្មីនៅតែស្របទៅនឹងកំណើនកម្លាំងពលកម្ម ខណៈអត្រាគ្មានការងារធ្វើ មិនមានការប្រែប្រួលច្រើនទេ។

សេចក្តីថ្លែងការណ៍របស់ Fed កាលពីថ្ងៃពុធ ក៏បានបង្ហាញការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៃរបៀបទំនាក់ទំនងរបស់ធនាគារកណ្ដាល ដែលជាការសន្យាសំខាន់មួយរបស់លោក​ប្រធានថ្មី ​ Warsh។ លោកធ្លាប់រិះគន់ថា Fed និយាយច្រើនពេកអំពីការសម្រេចចិត្តរបស់ខ្លួន ដូច្នេះសេចក្តីថ្លែងការណ៍ចុងក្រោយនេះត្រូវបានកាត់បន្ថយមកត្រឹម ១៣២ ពាក្យ ពីជិត ៣៥០ ពាក្យ កាលពីខែមេសា ហើយលុបចោលការបញ្ជាក់ដែលធ្លាប់បង្ហាញថា Fed អាចនឹងបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។

​ផ្ទុយទៅវិញ​ មន្ត្រីធនាគារកណ្ដាល ៩ នាក់ក្នុងចំណោម ១៨ នាក់បានព្យាករថា អត្រាការប្រាក់អាចនឹងត្រូវដំឡើង​នាពេលខាងមុខក្នុងឆ្នាំនេះ​ ខណៈមានតែម្នាក់ប៉ុណ្ណោះ ដែលរំពឹងថានឹងមានការកាត់បន្ថយ ហើយ ៨ នាក់ទៀតរំពឹងថានឹងរក្សាដដែល។

លោក Warsh មិនបានដាក់ការព្យាករផ្ទាល់ខ្លួននៅក្នុងតារាងព្យាករណ៍ «dot plot» នោះទេ ប៉ុន្តែបានគាំទ្រឱ្យមន្ត្រីផ្សេងៗបន្តធ្វើវា ខណៈសេដ្ឋវិទូ​បានចាត់ទុកថា សញ្ញាអំពីការដំឡើងអត្រាការប្រាក់មុនដំណាច់ឆ្នាំ គឺជាព័ត៌មានសំខាន់បំផុតពីកិច្ចប្រជុំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម