ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែអាចដំឡើងនាពេលខាងមុខ ជុំវិញអតិផរណា
ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក (Fed) កាលពីថ្ងៃពុធ បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅចន្លោះ ៣,៥-៣,៧៥% ដដែល ប៉ុន្តែមានសញ្ញាដំឡើងវានាពេលខាងមុខជុំវិញកង្វល់អតិផរណា ចំពេលដែលកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់នៅតែមានភាពស្រពេចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗ រួមទាំង CNBC និង CNN។

ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងរបស់ប្រធាន Fed ថ្មី លោក Kevin Warsh ខណៈមន្ត្រី Fed មានការខ្វែងគំនិតគ្នាថា គួររក្សាអត្រាការប្រាក់ដដែល ឬដំឡើងបន្ថែម ដើម្បីទប់ស្កាត់អតិផរណាដែលជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា។
ប្រធានាធិបតីអាមេរិក ដែលតែងតាំងលោក Warsh ធ្លាប់បានជំរុញបុកម្នេញឱ្យអតីតប្រធាន Fed លោក Jerome Powell ដែលផុតអាណត្តិកាលពីពាក់កណ្ដាលខែឧសភា កាត់បន្ថយអត្រាការប្រាក់ ហើយក៏បានបង្ហាញជំហរថា លោករំពឹងឱ្យលោក Warsh ធ្វើតាមការទាមទាររបស់លោកដូចគ្នា។
ប៉ុន្តែខណៈអតិផរណាអាមេរិកកើនដល់ ៤,២% នៅខែឧសភា ហើយរំពឹងថានឹងបន្តកើនលើសគោលដៅ Fed ត្រឹម ២% ហើយកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់មានភាពមិនប្រាកដប្រជា គណៈកម្មាធិការដែលកំណត់អត្រាការប្រាក់របស់ Fed បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅថេរ។
សេចក្តីថ្លែងការណ៍ដែលអនុម័តដោយសមាជិកអាចបោះឆ្នោតសម្រេចទាំង ១២ នាក់ របស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) បាននិយាយថា៖ «សកម្មភាពសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងអត្រារឹងមាំ ទោះបីជាមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ ដែលរួមចំណែកមួយផ្នែកដោយជម្លោះនៅមជ្ឈិមបូព៌ា។ កំណើនផលិតភាព និងមូលធនវិនិយោគមានភាពរឹងមាំ។
FOMC បានបន្តថា ការបង្កើតការងារថ្មីនៅតែស្របទៅនឹងកំណើនកម្លាំងពលកម្ម ខណៈអត្រាគ្មានការងារធ្វើ មិនមានការប្រែប្រួលច្រើនទេ។

សេចក្តីថ្លែងការណ៍របស់ Fed កាលពីថ្ងៃពុធ ក៏បានបង្ហាញការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៃរបៀបទំនាក់ទំនងរបស់ធនាគារកណ្ដាល ដែលជាការសន្យាសំខាន់មួយរបស់លោកប្រធានថ្មី Warsh។ លោកធ្លាប់រិះគន់ថា Fed និយាយច្រើនពេកអំពីការសម្រេចចិត្តរបស់ខ្លួន ដូច្នេះសេចក្តីថ្លែងការណ៍ចុងក្រោយនេះត្រូវបានកាត់បន្ថយមកត្រឹម ១៣២ ពាក្យ ពីជិត ៣៥០ ពាក្យ កាលពីខែមេសា ហើយលុបចោលការបញ្ជាក់ដែលធ្លាប់បង្ហាញថា Fed អាចនឹងបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។
ផ្ទុយទៅវិញ មន្ត្រីធនាគារកណ្ដាល ៩ នាក់ក្នុងចំណោម ១៨ នាក់បានព្យាករថា អត្រាការប្រាក់អាចនឹងត្រូវដំឡើងនាពេលខាងមុខក្នុងឆ្នាំនេះ ខណៈមានតែម្នាក់ប៉ុណ្ណោះ ដែលរំពឹងថានឹងមានការកាត់បន្ថយ ហើយ ៨ នាក់ទៀតរំពឹងថានឹងរក្សាដដែល។
លោក Warsh មិនបានដាក់ការព្យាករផ្ទាល់ខ្លួននៅក្នុងតារាងព្យាករណ៍ «dot plot» នោះទេ ប៉ុន្តែបានគាំទ្រឱ្យមន្ត្រីផ្សេងៗបន្តធ្វើវា ខណៈសេដ្ឋវិទូបានចាត់ទុកថា សញ្ញាអំពីការដំឡើងអត្រាការប្រាក់មុនដំណាច់ឆ្នាំ គឺជាព័ត៌មានសំខាន់បំផុតពីកិច្ចប្រជុំនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


