Connect with us

ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ណែនាំយុវជនប្រើបច្ចេកវិទ្យាឲ្យចំគោលដៅ និង ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនប្រើបច្ចេកវិទ្យាឲ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះក្នុងឱកាស លោក ទេព អស្នារិទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណជាង ១,០០០ នាក់។

លោក ទេព អស្នារិទ្ធ បានផ្តល់ដំបូន្មានដល់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ ឲ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលចំណេះដឹងតាមប្រព័ន្ធឌីជីថល ដែលក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតឡើង និង ទទួលព័ត៌មានវិជ្ជមានពីបណ្តាញសង្គមផ្សេងៗ សម្រាប់ការសិក្សា និង ធ្វើលំហាត់អនុវត្តជាក់ស្តែងឲ្យបានចំគោលដៅ។ «នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅ វានឹងផ្ដល់ផលប្រយោជន៍ និង ផ្តល់តម្លៃមកឲ្យយើងវិញ។ យើងអាចទទួលបាននូវចំណេះដឹងបន្ថែម ក្រៅពីអ្វីដែលបានរៀននៅក្នុងថ្នាក់ និង អ្វីដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យ។ តាមរយៈមធ្យោបាយឌីជីថលនៅលើដៃរបស់យើងនេះ យើងអាចបង្កើនចំណេះដឹងបានជាប្រចាំថ្ងៃ។ ពេលខ្លះ នៅពេលដែលយើងធ្វើការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រើប្រាស់ទូរស័ព្ទ ដើម្បីស្វែងរកព័ត៌មានដែលក្រសួងអប់រំផ្ដល់ឲ្យ។ នៅក្នុងកម្មវិធី (App) របស់ក្រសួងអប់រំ មានចំណេះដឹងជាច្រើន ដែលជួយបង្កើនពុទ្ធិ និង ចំណេះដឹងបន្ថែម។ ដូច្នេះ សូមឲ្យការប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវគោលដៅបែបនេះ ដើម្បីបម្រើឲ្យប្រយោជន៍ នៃការសិក្សារបស់យើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និង ប្រសើរជាងមុន»។

ជាមួយគ្នានេះដែរ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសគោលដៅ ដូចជាការលេងហ្គេមមិនចេះគិត ឬ ការចែកចាយព័ត៌មានមិនពិត នឹងនាំឲ្យបាត់បង់ពេលវេលា និង ថវិកា ព្រមទាំងប៉ះពាល់ដល់អនាគត ហើយងាយក្លាយជាជនរងគ្រោះ នៃការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ ក្នុងន័យនេះ លោកបានក្រើនរំលឹកដល់យុវជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែក (Share) ព័ត៌មានណាមួយ។ ការពិនិត្យផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់មុននឹងចុចចែករំលែក គឺជាទង្វើដ៏សំខាន់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានដែលមានលក្ខណៈបំភាន់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និង កិត្តិយសបុគ្គល។ លោកបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ ឲ្យប្រែក្លាយខ្លួនជាកម្លាំងចលករប្រកបដោយមនសិការ និង ការទទួលខុសត្រូវក្នុងសង្គមឌីជីថល។

លោកសង្កត់ធ្ងន់ថា «ការរួមគ្នាបញ្ចប់ការចែករំលែកព័ត៌មានមិនពិត និង ការចូលរួមផ្សព្វផ្សាយតែអ្វីដែលជាការពិត វិជ្ជមាន និង មានប្រយោជន៍សម្រាប់សហគមន៍ គឺជាការរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ជាមួយបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និង លំហព័ត៌មានមានគុណភាព»។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ដែលដឹកនាំដោយក្រសួងព័ត៌មាននេះ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង​ បណ្តាញ​ទំនាក់​ទំនង​សង្គម​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជន និង សិស្សានុសិស្ស អាច​ទទួល​បាន​ព័ត៌មាន​លឿន រហ័ស ងាយស្រួល និង ទូលំទូលាយជាងពេលណាៗ ទាំងអស់។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ការសិក្សា ស្រាវជ្រាវ ការទំនាក់ទំនង និង ការអភិវឌ្ឍចំណេះដឹង។

សិស្សានុសិស្ស​ទាំង​អស់​ នៅវិទ្យាល័យរវៀង ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាងមោះមុតក្នុង​ការ​ចូល​រួម​ជា​មួយ​ក្រសួង​ព័ត៌មាន​ ក្នុង​ការ​​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ។ ពួកគេ​សូម​ប្តេជ្ញា​ចិត្ត «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មានក្លែង​ក្លាយ» និង​ ចូល​រួម​លើក​កម្ពស់​ចំណេះ​ដឹងក្នុង​ការ​​​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ ពង្រឹង​ចំណេះ​ដឹង​ព័ត៌មាន និង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​សាលា​រៀន និង សហគមន៍​យើង។​​

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី ២ នេះ បាននិងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត និង បន្តទៅខេត្តផ្សេងៗ ទៀត ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២៦ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម