Connect with us

ព័ត៌មានអន្ដរជាតិ

​JD Vance ថា​ អ៊ីរ៉ង់បើកផ្លូវឲ្យ IAEA ត្រឡប់​​​ទៅ​ត្រួត​​ពិនិត្យ​​កម្មវិធី​​នុយក្លេអ៊ែរ​វិញ​ និង​ចាត់​ទុកជា​​​​ជំហាន​ទៅលុបបំបាត់​​​​

បានផុស

នៅ

​ក្រោយ​កិច្ច​ប្រជុំ​ចរចា​​ជាមួយ​អ៊ីរ៉ង់​បាន​បញ្ចប់​នៅ​​ស្វីស អនុប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក JD Vance បានប្រកាសកាលពីថ្ងៃទី២២ ខែមិថុនា ថា អ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឲ្យក្រុមអធិការកិច្ចនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រឡប់ចូលទៅក្នុងប្រទេសខ្លួនវិញហើយ បន្ទាប់ពីកិច្ចចរចាជុំទីមួយរវាងអាមេរិក និងអ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាបានបិទបញ្ចប់។

លោក JD Vance ថ្លែងទៅកាន់សមាជិកសារព័ត៌មាន មុនពេលឡើងយន្តហោះ Air Force Two បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់​​ timesofisrael, នៅក្នុងសន្និសីទសារព័ត៌មាននៅឯរមណីយដ្ឋាន Burgenstock ប្រទេសស្វីស ជាទីកន្លែងដែលកិច្ចពិភាក្សាជាមួយប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ លោក Vance បានថ្លែងថា «នេះជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រជាជនអាមេរិក និងជាជំហានដំបូងក្នុងការលុបបំបាត់ ឬបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាអចិន្ត្រៃយ៍»។

កិច្ចចរចានៅស្វីសនេះ គឺជាដំណាក់កាលដំបូងនៃរយៈពេលចរចាចំនួនពីរខែ ដែលត្រូវបានកំណត់ឡើងក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋម​ដែល​ចុះ​ហត្ថលេខា​ដោយ​ ប្រធានាធិបតីអាមេរិក និង អ៊ីរ៉ង់​​ កាលពីសប្តាហ៍មុន។ ប្រទេសអ្នកសម្របសម្រួល រួមមានប៉ាគីស្ថាន និងកាតា បានបញ្ជាក់ថា ក្រុមអ្នកចរចាបានព្រមព្រៀងលើ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ» ដោយកិច្ចពិភាក្សាថ្នាក់បច្ចេកទេសនឹងបន្តធ្វើឡើងពេញមួយសប្តាហ៍នេះ នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសស្វីស។

យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបឋម អ៊ីរ៉ង់នឹងធ្វើការកាត់បន្ថយកំហាប់ស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់របស់ខ្លួន ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ទីភ្នាក់ងារ IAEA។ បើតាមការប៉ាន់ប្រមាណ អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ ចំនួន ៤៤០គីឡូក្រាម ដែលជាកម្រិតកៀកនឹងការផលិតគ្រាប់បែកបរមាណូ។

លោក Vance បានដាក់ក្ដីរំពឹងថា កិច្ចពិភាក្សាជាមួយក្រុមអធិការកិច្ចអំពីការត្រឡប់ទៅវិញនេះ នឹងចាប់ផ្តើមភ្លាមៗក្នុងសប្តាហ៍នេះ។ ស្របពេលជាមួយគ្នានេះ ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកកំពុងស្ថិតនៅតំបន់ Burgenstock ហើយបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis ផងដែរ។

សូមបញ្ជាក់ឡើងវិញថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាចំណុចស្នូលនៃភាពតានតឹងរ៉ាំរ៉ៃរវាងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទំនាក់ទំនងនេះបានធ្លាក់ចុះដល់ចំណុចសូន្យ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាកាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ដែលបានជម្រុញឲ្យអ៊ីរ៉ង់បដិសេធលែងសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) រហូតដល់មានការបិទច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនប្រេងសកល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក JD Vance ព្រមានថ្នាក់ដឹកនាំ​អ៊ីស្រាអែល កុំឲ្យ រិះគន់​អាមេរិក និង ត្រូវ​«ភ្ញាក់ខ្លួនឡើង»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម