Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប កំពុងក្លាយជាឡដុតដ៏ធំបំផុតរបស់ពិភពលោក ព្រោះ​កើន​កម្ដៅលឿន​ជាង​ទ្វីបដទៃ

បានផុស

នៅ

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ នេះ បណ្ដាប្រទេសជាច្រើននៅទូទាំងទ្វីបអឺរ៉ុប កំពុងតែប្រឈមមុខនឹងវិបត្តិរលកកម្ដៅ​យ៉ាងខ្លាំងក្លា និងគួរឱ្យព្រួយបារម្ភបំផុត ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសជាច្រើន។ បាតុភូត «Heat Dome» ដែលបាននាំយកខ្យល់ក្ដៅហួតហែងពីវាលខ្សាច់សាហារ៉ា មកគ្របដណ្ដប់លើតំបន់អឺរ៉ុប បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងបានបំផ្លាញជីវិតមនុស្សអស់រាប់រយនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ផ្លូវការពី អង្គការឧតុនិយមពិភពលោក (WMO) រលកកម្ដៅដ៏ខ្លាំងក្លានេះ បានចាប់ផ្ដើមវាយប្រហារតាំងពីតំបន់អឺរ៉ុបខាងលិច និងអឺរ៉ុបខាងត្បូង ហើយបច្ចុប្បន្នកំពុងរំកិលខ្លួនឆ្ពោះទៅកាន់តំបន់អឺរ៉ុបកណ្ដាល និងតំបន់បាល់កង់។ ប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ មានដូចជា បារាំង អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី ក្រូអាស៊ី និងហុងហ្គារី ជាដើម ដោយសីតុណ្ហភាពនៅតំបន់ខ្លះ បានហក់ឡើងខ្ពស់រហូតដល់ទៅជាង ៤០ អង្សាសេ ទៅ ៤៣ អង្សាសេឯណោះ។

ទីភ្នាក់ងារព័ត៌មាន The Guardian បានរាយការណ៍ថា នៅប្រទេសបារាំង ស្ថាប័នឧតុនិយមជាតិ Météo-France បានប្រកាសអាសន្នពណ៌ក្រហម (កម្រិតខ្ពស់បំផុត) នៅក្នុងតំបន់រហូតដល់ទៅ ៥៨កន្លែង ខណៈដែលសីតុណ្ហភាពនៅទីក្រុង Pulluau ភាគខាងលិចប្រទេស បានហក់ឡើងដល់ ៤៣,៨អង្សាសេ។ ផលវិបាកដ៏គួរឱ្យរន្ធត់គឺ កម្ដៅដ៏សែនក្ដៅ​នេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃចំនួនអ្នកស្លាប់ជាង ១០០០នាក់នៅក្នុងប្រទេសបារាំង និងជាង ៨០០នាក់នៅប្រទេសអេស្ប៉ាញ ដែលភាគច្រើនជាមនុស្សចាស់។ បន្ថែមពីនេះ អាជ្ញាធរបារាំង ក៏បានរាយការណ៍ពីករណីមនុស្សលង់ទឹកស្លាប់ចំនួន ៤០នាក់ផងដែរ ដោយសារតែប្រជាជននាំគ្នាសម្រុកទៅលេងទឹក ដើម្បីបញ្ចុះ​កម្ដៅ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Al Jazeera ក៏បានចុះផ្សាយដែរថា នៅប្រទេសអ៊ីតាលី ទីក្រុងធំៗចំនួន ២២ ត្រូវបានដាក់ស្ថិតក្រោមការព្រមានកម្រិតពណ៌ក្រហម។ កម្ដៅខ្លាំងមិនត្រឹមតែធ្វើឱ្យមនុស្សហត់នឿយនោះទេ ប៉ុន្តែវាបានបង្កជាគ្រោះអគ្គិភ័យឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាកោះមួយចំនួនក្នុងប្រទេសក្រូអាស៊ី និងអាល់បានី ដែលតម្រូវឱ្យកងកម្លាំងពន្លត់អគ្គិភ័យប្រើប្រាស់យន្តហោះជួយអន្តរាគមន៍យ៉ាងបន្ទាន់។ ចំណែកឯនៅប្រទេសអាល្លឺម៉ង់ សីតុណ្ហភាពបានឡើងដល់ ៤១,៧អង្សាសេ ដែលធ្វើឱ្យផ្លូវរថភ្លើងក្នុងក្រុងខ្លះ ត្រូវកោងវៀចដោយសារតែកម្ដៅថ្ងៃខ្លាំងពេក រហូតដល់ប៉ូលិសក្រុងប៊ែកឡាំង ត្រូវប្រើឡានបាញ់ទឹក ដើម្បីជួយកាត់បន្ថយកម្ដៅនៅតាមទីសាធារណៈ។

ក្រៅពីប៉ះពាល់ដល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធ វិបត្តិនេះបានរុញច្រានឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់ការបើកម៉ាស៊ីនត្រជាក់ហក់ឡើងខ្ពស់បំផុត ក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅអឺរ៉ុបប្រឈមនឹងការខ្វះខាត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានព្រមានតាមរយៈបណ្ដាញសង្គម X ថា អឺរ៉ុបគឺជាទ្វីបដែលកំពុងឡើងកម្ដៅលឿនបំផុតនៅលើផែនដី ពោលគឺលឿនជាងមធ្យមភាគសកលរហូតដល់ទៅ ២ដង ហើយផ្ទះសម្បែង សាលារៀន ឬកន្លែងធ្វើការនៅអឺរ៉ុបភាគច្រើន គឺមិនត្រូវបានសាងសង់ឡើងសម្រាប់ទប់ទល់នឹងសីតុណ្ហភាពដ៏ខ្ពស់បែបនេះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម