ព័ត៌មានជាតិ
សម្ដេចធិបតីបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា ឡាវ វៀតណាម
អំឡុងពេលមកចូលរួមកិច្ចប្រជុំត្រីភាគីនៅភ្នំពេញ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ នៅក្នុងជំនួបដែលមានវត្តមានលោក ស សុខា ផងនោះ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា ឡាវ វៀតណាម លើកទី២ពេលនេះ ដែលក្រសួងមហាផ្ទៃកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចធិបតី សង្កត់ធ្ងន់ទៅដល់ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ឱ្យបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយគ្នាកាន់តែរីកចម្រើនថែមទៀតដែលកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពវាងប្រទេសទាំងបី ក៏ដូចជាការជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សម្ដេចបានគូសបញ្ជាក់ថា ការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម គឺពិតជាសារៈសំខាន់ខ្លាំង។
សម្ដេចធិបតី បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងការជំរុញអាជ្ញាធរខេត្តជាប់ព្រំដែនបន្តសហការឱ្យបានជិតស្និទ្ធលើការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនេះ គឺត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរជម្រាបថា កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបប្រជុំត្រីភាគីជាមួយឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីនៃក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលក្រសួងមហាផ្ទៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះពេលនេះ ជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានរៀបចំឡើងដោយវៀតណាម កាលពីឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានគោលបំណងផ្ដោតលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំង៣ បានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូល ពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសរៀងខ្លួន និងក្នុងតំបន់៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


