Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម

បានផុស

នៅ

នៅក្នុងពិភពលោកដ៏ស្មុគស្មាញ និងពោរពេញដោយការវិវត្តយ៉ាងរហ័សនាពេលបច្ចុប្បន្ន ចំណេះដឹងរបស់មនុស្សមានវិសាលភាពធំធេងហួសពីការស្មាន។ ក្នុងពិភពលោកមានជំនាញរាប់ពាន់ប្រភេទ ទាំងជំនាញចាស់ដែលជាកេរដំណែល ទាំងជំនាញថ្មីៗដែលកើតចេញពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ។ មិនថាតែក្នុងវិស័យធម្មជាតិ ទស្សនវិជ្ជា សង្គម វប្បធម៌ សាសនា ប្រពៃណី នយោបាយ ច្បាប់ ឬសេដ្ឋកិច្ចនោះទេ សុទ្ធតែជាវិស័យដែលមានទំហំធំធេងនិងស៊ីជម្រៅ។ ក្នុងន័យនេះ ការណ៍ដែលមនុស្សម្នាក់ៗចង់ចេះគ្រប់ជំនាញ ឬដឹងគ្រប់រឿង គឺជាអ្វីមួយដែលមិនអាចទៅរួចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមពិតទៅ មនុស្សម្នាក់ៗមានបទពិសោធនិងចំណេះជំនាញខុសៗគ្នា។ មនុស្សម្នាក់អាចមានភាពប៉ិនប្រសប់ខ្លាំងក្នុងជំនាញមួយឬមួយចំនួនតូច ប៉ុន្តែមិនអាចមានភាពប៉ិនប្រសប់​គ្រប់ជំនាញទាំងអស់បានទេ។ ចំណេះដឹងនិងជំនាញរបស់មនុស្សម្នាក់ៗសុទ្ធតែមានព្រំដែន ហើយគ្មាននរណាម្នាក់អាចដឹងអ្វីទាំងអស់ យល់អ្វីទាំងអស់ ឬអាច​ធ្វើអ្វីៗបានទាំងអស់បាននោះទេ។ សូម្បីតែជំនាញដែលខ្លួនកំពុងកាន់កាប់ ក៏មិនមែនមានន័យថាចេះសព្វជ្រុងជ្រោយឬឈានដល់កម្រិតកំពូលរហូតគ្មានគូប្រៀបនោះដែរ ពីព្រោះគ្រប់វិស័យសុទ្ធតែមានភាពស្មុគស្មាញនិងមានការប្រែប្រួលជានិច្ច។

​ដូចពាក្យចាស់ទូន្មានថា៖ «ចេះឯង ឱ្យក្រែងចេះគេ» ដែលជាការដាស់តឿនឱ្យយើងចេះដាក់ខ្លួន និងទទួលស្គាល់ថា នៅមានអ្នកដទៃទៀតដែលពូកែឬមានចំណេះដឹងក្នុងផ្នែកផ្សេងៗដែលយើងមិនទាន់បានរៀនសូត្រ។ សូម្បីតែទស្សនវិទូក្រិកដ៏ល្បីល្បាញ សូក្រាត ក៏ធ្លាប់បានពោលពាក្យដ៏មានអត្ថន័យជ្រាលជ្រៅថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់»។ សេចក្តីនេះមិនមែនមានន័យថា គាត់មិនមានចំណេះដឹងនោះទេ ប៉ុន្តែវាបង្ហាញពីភាពថ្លៃថ្នូររបស់បញ្ញវន្ត ដែលដឹងថាចំណេះដឹងរបស់មនុស្សគឺគ្មានទីបញ្ចប់ ហើយការទទួលស្គាល់ពីភាពមានកម្រិតរបស់ខ្លួន គឺជាជំហានដំបូងនៃការរៀនសូត្រដ៏ពិតប្រាកដ។

​មនុស្សម្នាក់ៗ ទោះបីមានសញ្ញាបត្រកម្រិតខ្ពស់ឬបានរៀនពីប្រទេសដែលមានប្រព័ន្ធអប់រំជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចអះអាងថាខ្លួន «ចេះច្បាស់ឥតខ្ចោះ» លើវិស័យរបស់ខ្លួនបានឡើយ។ ក្នុងនាមជាបញ្ញវន្ត យើងមិនត្រូវតាំងខ្លួនជា «សូលុយស្យុងឆ្អែត» នោះទេ។ ការបន្ទាបខ្លួននិងការយកអ្នកដទៃធ្វើជាគ្រូ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីពង្រីក និងផ្ទៀងផ្ទាត់ចំណេះដឹងរបស់យើង។

​ការនិយាយដោយ«ស្មានៗ» ដោយគ្មានភ័ស្តុតាងនិងគ្មានប្រភពច្បាស់លាស់ គឺជារឿងដ៏គ្រោះថ្នាក់មួយដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯងនិងអ្នកដទៃ៖

១. ផលប៉ះពាល់​ចំពោះអ្នកនិយាយនិងស្ថាប័នរបស់ខ្លួន៖

​ការនិយាយដោយគ្មានមូលដ្ឋានធ្វើឱ្យអ្នកនិយាយបាត់បង់ទំនុកចិត្ត និងកិត្តិយសផ្ទាល់ខ្លួន។ នៅពេលការនិយាយនោះត្រូវបានគេរកឃើញថាខុស អ្នកនោះនឹងក្លាយជាមនុស្សដែលមិនត្រូវបានគេជឿទុកចិត្តទៀតឡើយ។ ចំណែកស្ថាប័នវិញ នឹងត្រូវបានគេមើលឃើញថាជាស្ថាប័នដែលខ្វះភាពម៉ឺងម៉ាត់ និងខ្វះគុណភាពក្នុងការត្រួតពិនិត្យព័ត៌មាន ដែលអាចនាំឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងឈានដល់ហានិភ័យផ្លូវច្បាប់ទៀតផង។

២.ផលប៉ះពាល់ចំពោះបុគ្គលឬស្ថាប័នដែលរងការចោទប្រកាន់ខុស៖

​ជនរងគ្រោះនៃការចោទប្រកាន់ខុស នឹងត្រូវរងនូវការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញ។ ស្ថាប័នដែលរងការចោទប្រកាន់អាចបាត់បង់ដៃគូសហការឬជួបបញ្ហាប្រតិបត្តិការងារ។ លើសពីនេះ ផលប៉ះពាល់ផ្លូវចិត្តចំពោះបុគ្គលដែលរងគ្រោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនគួរមើលរំលង។

៣.ផលប៉ះពាល់ចំពោះសង្គមទាំងមូល៖

​ការនិយាយស្មានៗបំពុលបរិយាកាសព័ត៌មាន បង្កឱ្យសង្គមវង្វេងផ្លូវ និងពិបាកបែងចែករវាងការណ៍ពិតនិងការភូតកុហក។ វាជំរុញឱ្យកើតមានការរើសអើង ការស្អប់ខ្ពើម និងការបែកបាក់សាមគ្គីភាព។ យូរៗទៅ គុណភាពបញ្ញាស្មារតីរបស់សង្គមនឹងចុះថយ ពីព្រោះវប្បធម៌នៃការស្រាវជ្រាវ និងការគិតហ្មត់ចត់បែបវិភាគត្រូវបានជំនួសដោយការចោទប្រកាន់គ្មានមូលដ្ឋាន។

ទន្ទឹមគ្នានោះដែរ សម្រាប់អ្នកសារព័ត៌មាន ដែលជាអ្នកផ្តល់ព័ត៌មានដល់សាធារណជន៖ ការគោរពតាមគោលការណ៍កំណត់ព្រំដែននៃជំនាញគឺជារឿងសំខាន់បំផុត។ មុននឹងសម្ភាសវាគ្មិនណាម្នាក់ អ្នកសារព័ត៌មានត្រូវសិក្សាអំពីប្រវត្តិនិងកំណត់ជំនាញរបស់គាត់ឱ្យបានច្បាស់លាស់។ ការសុំយោបល់មនុស្សខុសជំនាញ ឬការសួររឿងដែលមិនមែនជាជំនាញរបស់វាគ្មិន មិនត្រឹមតែមិនបានប្រយោជន៍ដល់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានការបកស្រាយខុសឆ្គងទៀតផង។ ដូចដែល Albert Einstein ធ្លាប់បានលើកឡើងថា៖ «ចំណេះដឹងមានកម្រិត ប៉ុន្តែការស្រមើស្រមៃ (និងការសិក្សា) គឺគ្មានព្រំដែន»។

​សរុបមក ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការទទួលស្គាល់ការណ៍ពិត ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគោរពឱ្យតម្លៃលើវិជ្ជាជីវៈរបស់គ្នា គឺជាសសរស្តម្ភដ៏រឹងមាំនៃសង្គមដែលមានវឌ្ឍនភាព។ ចំណេះដឹងមិនមែនមានទិសដៅសម្រាប់យកទៅអួតអាង ឬជាឧបករណ៍សម្រាប់កម្ទេចកេរ្តិ៍ឈ្មោះអ្នកដទៃនោះទេ ប៉ុន្តែវាគឺជា«ភ្លើងបំភ្លឺផ្លូវ» ដើម្បីបម្រើប្រយោជន៍រួមនិងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមជាបញ្ញវន្ត និងជាពលរដ្ឋក្នុងយុគសម័យព័ត៌មាន យើងត្រូវចងចាំជានិច្ចនូវពាក្យស្លោករបស់ទស្សនវិទូជនជាតិបារាំង លោក Michel de Montaigne ដែលបានលើកឡើងថា៖ «ការរៀនសូត្រពិតប្រាកដ គឺការដឹងថា តើយើងមិនដឹងអ្វីខ្លះ»។ នេះជាការរំលឹកថា ការទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួនក្នុងវិស័យដែលយើងមិនជំនាញ មិនមែនជាការអាម៉ាស់នោះទេ តែផ្ទុយទៅវិញ វាគឺជាកម្រិតខ្ពស់បំផុតនៃភាពវៃឆ្លាត និងភាពថ្លៃថ្នូរ។

នៅពេលដែលមនុស្សម្នាក់ៗចេះកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួន ចេះវាស់វែងសមត្ថភាពផ្ទាល់ខ្លួនដោយភាពស្មោះត្រង់ ហើយចេះលំឱនកាយគោរពជំនាញរបស់អ្នកដទៃ នោះសង្គមរបស់យើងនឹងប្រែជាមានសណ្តាប់ធ្នាប់ មានភាពច្បាស់លាស់ មានសាមគ្គីភាព និងការរីកចម្រើនប្រកបដោយគុណធម៌ពិតប្រាកដ។ សូមឱ្យការនិយាយស្តី ការវិភាគ និងការបញ្ចេញមតិរបស់យើងទាំងអស់គ្នា ប្រកបដោយការទទួលខុសត្រូវ ផ្អែកលើទិន្នន័យជាក់លាក់ និងការគោរពជាមូលដ្ឋាន ពីព្រោះកិត្តិយសរបស់បុគ្គល និងស្ថិរភាពរបស់សង្គម គឺស្ថិតនៅលើ«ភាពត្រឹមត្រូវនៃពាក្យសម្តី»ដែលចេញពីការគិតដ៏ជ្រាលជ្រៅ។

ការកសាងសង្គមមួយដែលពោរពេញដោយបញ្ញវន្តមិនមែនមានន័យថាជាសង្គមដែលដឹងគ្រប់រឿងនោះទេ ប៉ុន្តែជាសង្គមដែលគ្រប់គ្នាដឹងពី «តម្លៃនៃការមិនដឹង» ហើយរួមគ្នាស្វែងរកការណ៍ពិតដោយចិត្តស្មោះត្រង់៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម