Connect with us

ព័ត៌មានអន្ដរជាតិ

មេរៀនពី អ៊ុយក្រែន បង្ខំឲ្យ អង់គ្លេស បោះបង់​ទម្រង់ ការពារជាតិ​ចាស់​ មកផ្តោត​ «កងទ័ពដ្រូន» ជំនួសវិញ

បានផុស

នៅ

សង្រ្គាមលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានក្លាយជាមេរៀនដ៏មានឥទ្ធិពល បង្ខំឲ្យអង់គ្លេសត្រូវធ្វើការវះកាត់ និងរុះរើយុទ្ធសាស្ត្រយោធាបែបប្រពៃណីរបស់ខ្លួនចោលស្ទើរទាំងស្រុង ដើម្បីបង្វែរទិសដៅការពារជាតិមកផ្តោតលើការបង្កើតកងទ័ពដ្រូនជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរៀនដ៏សំខាន់បំផុតដែលទីក្រុងឡុងដ៍បានដកស្រង់ចេញពីសមរភូមិអ៊ុយក្រែន គឺការផ្លាស់ប្តូរទម្រង់សង្រ្គាមទំនើប ដែលអាវុធខ្នាតយក្ស និងមានតម្លៃថ្លៃហួសហេតុ ដូចជានាវាចម្បាំងធំៗ ឬរថក្រោះធុនធ្ងន់ លែងជាខែលការពារដាច់ខាតទៀតហើយ ពោលគឺពួកវាអាចត្រូវបានកម្ទេចយ៉ាងងាយស្រួលដោយដ្រូនអត្តឃាតខ្នាតតូចដែលមានតម្លៃថោក។ បច្ចេកវិទ្យាដ្រូន បានផ្លាស់ប្តូរតុល្យភាពអំណាចនៅលើសមរភូមិ ដោយអនុញ្ញាតឲ្យកងទ័ពដង្ហោយរកភាពបត់បែន ល្បឿនលឿន និងការវាយប្រហារចំគោលដៅពីចម្ងាយក្នុងតម្លៃទាប។

មេរៀនមួយទៀត គឺល្បឿននៃការបំផ្លិចបំផ្លាញអាវុធ និងការប្រើប្រាស់គ្រាប់រំសេវក្នុងកម្រិតខ្ពស់ ដែលធ្វើឲ្យអង់គ្លេសយល់ឃើញថា ការរក្សាទុកតែអាវុធធុនធ្ងន់ចំនួនតិចតួច មិនអាចទប់ទល់នឹងសង្រ្គាមអូសបន្លាយបានឡើយ។ យ៉ាងណា ការងាកមកពឹងផ្អែកលើការផលិតដ្រូនទ្រង់ទ្រាយធំ ជួយឲ្យកងទ័ពអាចបំពេញបន្ថែមការខាតបង់បានរហ័ស និងមិនចំណាយថវិកាជាតិច្រើនហួសប្រមាណ។

យោងតាមការចេញផ្សាយពី kyivpost, ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការបង្កើតកងទ័ពដ្រូន មិនមែនគ្រាន់តែជាការទិញឧបករណ៍គ្មានមនុស្សបើកយកមកដាក់ក្នុងឃ្លាំងនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធយោធាទាំងស្រុង។ ជាងនេះ ក្រសួងការពារជាតិអង់គ្លេស បានចាប់ផ្តើមចាក់បញ្ចូលថវិការាប់រយលានផោន ទៅក្នុងកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាស្វយ័ត ដើម្បីធានាថា គ្រប់កងឯកភាពទាំងអស់ ចាប់តាំងពីកងទ័ពជើងគោក ជើងទឹក រហូតដល់ជើងអាកាស សុទ្ធតែមានសមត្ថភាពបញ្ជា និងប្រើប្រាស់ដ្រូនបានភ្លាមៗនៅលើសមរភូមិជួរមុខ។

មិនតែប៉ុណ្ណោះ នៅក្នុងការវិវត្តដ៏សំខាន់នេះ អង់គ្លេសបានបង្កើតយុទ្ធសាស្ត្រការពារជាតិដោយផ្អែកលើដ្រូនបីទម្រង់ធំៗ រួមមានដ្រូនវាយលុកលើអាកាស, ដ្រូនកម្ទេចនាវាលើផ្ទៃទឹក, និងដ្រូនស៊ើបការណ៍ខ្នាតតូចកម្រិតមីក្រូ ដែលអាចឲ្យកងទ័ពថ្មើរជើងមើលឃើញស្ថានភាពសត្រូវនៅពីមុខបានយ៉ាងរហ័ស។

យ៉ាងណាមិញ មេរៀនពីសមរភូមិអ៊ុយក្រែនបានបង្ហាញច្បាស់ថា ដ្រូនអត្តឃាតតម្លៃត្រឹមពីរបីពាន់ដុល្លារ អាចវាយកម្ទេចរថក្រោះតម្លៃរាប់លានដុល្លារបានយ៉ាងងាយស្រួល ដែលនេះជាហេតុផលធ្វើឲ្យអង់គ្លេសងាកមកបង្កើតខ្សែច្រវាក់ផលិតកម្មដ្រូននៅក្នុងស្រុកផ្ទាល់ ដើម្បធានាការផ្គត់ផ្គង់បានរហ័ស និងមានតម្លៃថោក។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏រាប់បញ្ចូលទាំងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលពិសេស សម្រាប់ហ្វឹកហ្វឺនយុទ្ធជនជំនាន់ថ្មីឲ្យក្លាយជាអ្នកជំនាញបញ្ជាដ្រូនពីចម្ងាយ ដោយផ្លាស់ប្តូរពីទាហានកាន់កាំភ្លើងធម្មតា មកជាអ្នកបញ្ជាបច្ចេកវិទ្យាយោធាដ៏មានឥទ្ធិពល និងមានសុវត្ថិភាពខ្ពស់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អង់គ្លេស បង្វែរយុទ្ធសាស្ត្រការពារជាតិ ពី​កា​រផលិត​នាវាចម្បាំងធំៗ មកផ្តោត​លើ​ផលិតកម្ម​ ​«​ដ្រូន»​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម