ព័ត៌មានជាតិ
ដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ
មន្រ្តីក្រសួងកសិកម្មបានបង្ហាញពីដំណាំកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញទៅទីផ្សារបរទេស។
ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម លោក ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មបានឲ្យដឹងថា កម្ពុជាមានដំណាំកសិកម្មសំខាន់ៗជាច្រើនមុខ ដែលមានសក្តានុពលខ្ពស់សម្រាប់នាំចេញទៅក្រៅប្រទេស។ ក្នុងនោះលោកបានលើកឡើងពីដំណាំសំខាន់ៗក៏មានស្រូវនិងអង្ករ ដែលក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញប្រមាណ ៦ លានតោន។

លោក ចាយ ជីម ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកាលពីពេលថ្មីៗកន្លងទៅនេះ
លោកថា ស្រូវជាប្រភេទដំណាំដ៏មានសក្តានុពលមួយសម្រាប់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមានផលស្រូវសរុបប្រហែល ១៥ លានតោន ដែលក្នុងនោះការនាំចេញស្រូវ ឬអង្ករមានប្រហែលជា ៦ លានតោនក្នុងមួយឆ្នាំ។
ដំណាំដ៏សំខាន់មួយទៀតគឺស្វាយចន្ទី។ មន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ស្វាយចន្ទីក៏ជាដំណាំដ៏សំខាន់មួយទៀតសម្រាប់កម្ពុជានាំចេញ ខណៈប្រទេសកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើន ដោយទទួលបានទិន្នផលយ៉ាងហោចណាស់ប្រហែល ១ លានតោន។
យ៉ាងណាមិញ មន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនៅមានកម្រិតនៅឡើយ ពោលគឺអាចស្រូបយកទៅកែច្នៃជាផលិតផលសម្រេចបានត្រឹមតែចន្លោះពី ៥% ទៅ ១០% ប៉ុណ្ណោះ ហើយក្រៅពីនោះភាគច្រើនត្រូវបានលក់ជាលក្ខណៈវត្ថុធាតុដើម។

ក្រៅពីស្រូវអង្ករ និងស្វាយចន្ទី មន្រ្តីក្រសួងកសិកម្មក៏លើកពីដំណាំម្រេចក៏ជាដំណាំដ៏សំខាន់មួយទៀត។
លោក ចាយ ជីម បានឲ្យដឹងថា ទីផ្សារនាំចេញម្រេចលំដាប់លេខមួយរបស់កម្ពុជាគឺទៅកាន់តំបន់អឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់។
លោកថា ម្រេចកម្ពុជាមានទាំងប្រភេទម្រេចធម្មតា និងម្រេចដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដូចជាម្រេចកំពត ដែលមានតម្លៃថ្លៃគួរសម។
ម្រេចអាចកែច្នៃជា ម្រេចខ្មៅ ម្រេចក្រហម និងម្រេចស។ ប្រសិនបើម្រេចកំពតត្រូវបានកែច្នៃរហូតដល់ទៅជាប្រភេទម្រេចក្រហម ឬម្រេចសនោះ តម្លៃនាំចេញអាចឡើងរហូតដល់ ៧០ ដុល្លារក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ចាយ ជីម។
ដោយឡែកសម្រាប់ម្រេចខ្មៅដែលដាំបានល្អ នាំចេញទៅប្រទេសជប៉ុនអាចលក់បានតម្លៃ ៧៥ ដុល្លារ ក្នុងមួយគីឡូក្រាម។
មៀនប៉ៃលិនក៏ជាដំណាំយុទ្ធសាស្រ្ត ដែលត្រូវបាននាំចេញផ្ទាល់ទៅកាន់ប្រទេសចិន។ ប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយប្រទេសឡាវ ដើម្បីសម្របសម្រួលក្នុងការនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ក្រៅពីនេះ ចេកអំបូងលឿងក៏ជាដំណាំដ៏សំខាន់មួយទៀតដែលកម្ពុជាបាននាំចេញ ហើយក៏មានការដាំដុះច្រើន។ ខណៈដូងក្រអូបក៏ជាដំណាំដ៏ពេញនិយមខ្លាំង ហើយក្រសួងកសិកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយភាគីចិនដើម្បីនាំចេញទៅកាន់ប្រទេសចិន។
មន្រ្តីក្រសួងកសិកម្មបន្តថា ទឹកមាត់ត្រចៀកកាំក៏ជាផលិតផលដ៏មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ ស្របវិស័យសត្វក៏មានការនាំចេញមួយចំនួនប្រភេទជាអាហារឆ្អិន។

កម្ពុជាបានបញ្ចប់ការចរចា និងឈានទៅចុះអនុស្សរណៈយោគយល់ ក្នុងការដឹកកសិផលឆ្លងកាត់តាមប្រទេសឡាវទៅទីផ្សារចិន។
ថ្លែងក្នុងទិវាមច្ឆជាតិនៅខេត្តស្វាយរៀងកាលពីម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា កម្ពុជាបានចរចាបើកផ្លូវដឹកជញ្ចូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិន តាមរយៈច្រកប្រទេសឡាវ។
នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «កាលពីមុនកម្ពុជាដឹកជញ្ជូនទំនិញទៅទីផ្សារប្រទេសចិនតាមរយៈផ្លូវទឹកប៉ុណ្ណោះ ប៉ុន្តែឥឡូវកម្ពុជាអាចដឹកកសិផលទៅតាមផ្លូវគោកឡើងទៅប្រទេសចិនតែម្ដង»។
តាមរយៈច្រកផ្លូវដឹកជញ្ជូនថ្មីនេះ បានធ្វើឱ្យកម្ពុជាចំណេញពេលដឹកជញ្ជូនដែលជាធម្មតាត្រូវចំណាយពេលពី ១៥ ទៅ ២០ ថ្ងៃ ឥឡូវបង្រួញមកត្រឹមតែ ១ សប្ដាហ៍តែប៉ុណ្ណោះ។
លោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ថា កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម កម្ពុជា-ឡាវ បានឈានទៅបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
លោកមើលឃើញថា នេះសញ្ញាវិជ្ជមាននិងជាកាលានុវត្តភាពថ្មីសន្លាងសម្រាប់កសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។ នេះបើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦។
ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


