Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ស្រោច​លើក្រុងកៀវ ១១ម៉ោងជាប់គ្នា ស្លាប់មនុស្សហោចណាស់ ២១នាក់

បានផុស

នៅ

រុស្ស៊ី បានបើកការវាយប្រហារ​ដោយប្រើដ្រូន និងមីស៊ីលបាញ់ស្រោចទៅ​លើទីក្រុង​កៀវរបស់​អ៊ុយក្រែន ឥតឈប់ឈរអស់រយៈពេលដល់ទៅ ១១ម៉ោងជាប់ៗគ្នា បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២១នាក់ ស្លាប់ និងធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះ​បើយោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន PBS នា​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី បានចេញមុខអះអាង​ថា វា​ជាការវាយបកសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែន បានលួចទៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។

សម្លេងផ្ទុះអាវុធ និងមីស៊ីល បានលាន់ឮកក្រើកពេញផ្ទៃមេឃនៃរដ្ឋធានីអ៊ុយក្រែន។ មនុស្សម្នាជាង ៥ម៉ឺននាក់បានរត់ស្លន់ស្លោទៅពួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី បន្ទាប់ពីសម្លេងស៊ីរ៉ែនប្រកាសអាសន្នផ្លូវអាកាសបានបន្លឺឡើង។ ចំណែកឯក្រុមអ្នកជួយសង្គ្រោះវិញ បានចំណាយពេលពេញមួយថ្ងៃកាយគំនរបាក់បែកនៃអគារស្នាក់នៅ ដែលត្រូវភ្លើងឆាបឆេះ ដើម្បីស្វែងរកជនរងគ្រោះដែលកំពុងជាប់គាំង។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ការបាញ់ប្លោងនេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការដែលអ៊ុយក្រែនប្រើអាវុធរយះចម្ងាយឆ្ងាយវាយប្រហារមកលើខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យរុស្ស៊ីខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងកំពុងបង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានរៀបរាប់ថា វាជា «យប់ដ៏រន្ធត់អាក្រក់បំផុត» សម្រាប់ទីក្រុងដែលមានប្រជាជនរស់នៅជិត ៣លាននាក់មួយនេះ។ ពន្លឺភ្លើងចេញពីការផ្ទុះដ្រូន និងមីស៊ីល បានជះពេញផ្ទៃមេឃពេលរាត្រី រួមជាមួយផ្សែងខ្មៅងងឹតដែលហុយទ្រលោម​​ឡើងលើអាកាស។ ទីតាំងជាង ៣០កន្លែងនៅក្នុងទីក្រុង ត្រូវបានបំផ្លិចបំផ្លាញ រួមទាំងអគារស្នាក់នៅរបស់ប្រជាជនប្រហែល ២០ខ្នងផងដែរ។

នៅក្នុងការវាយប្រហារចុងក្រោយនេះ រុស្ស៊ី បានប្រើប្រាស់មីស៊ីលចំនួន ៧៤គ្រាប់ និងដ្រូនរហូតដល់ ៤៩៦គ្រឿង។ ទោះបីជាប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ុយក្រែនខ្លាំងជាងមុនក៏ដោយ ប៉ុន្តែពួកគេនៅតែពិបាកទប់ទល់នឹងមីស៊ីលបាលិស្ទិកណាស់។ ហេតុនេះហើយ ទើបមន្ត្រីអ៊ុយក្រែននៅតែបន្តអង្វរករប្រទេសជាមិត្តឱ្យជួយផ្តល់ប្រព័ន្ធការពារ Patriot បន្ថែមទៀត។ យ៉ាងណាមិញ កាលពីយប់មិញ ភាគី​អ៊ុយក្រែន ក៏បានវាយបកវិញ ដោយដុតបំផ្លាញរោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅភាគខាងកើតទីក្រុងមូស្គូ និងកម្ទេចស្ពានរថភ្លើងយុទ្ធសាស្ត្រមួយកន្លែង ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនអាវុធរបស់កងទ័ពរុស្ស៊ីផងដែរ។

សូម​ជម្រាប​ថា បច្ចុប្បន្ន សង្គ្រាមនេះ បានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំទៅហើយ ចាប់តាំងពីរុស្ស៊ីបានលើកទ័ពចូលលុកលុយពេញទំហឹង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនហាក់ដូចជាមានប្រៀបជាងមុនបន្តិច ដោយសារការរីកចម្រើនខាងបច្ចេកវិទ្យាដ្រូន។ ការដែលអ៊ុយក្រែនវាយប្រហារចំខ្សែត្រៀមផ្គត់ផ្គង់នៅខាងក្រោយសមរភូមិ បានធ្វើឱ្យកងទ័ពរុស្ស៊ីបាត់បង់ឱកាស និងធ្វើឱ្យការរំកិលទៅមុខរបស់ពួកគេមានភាពយឺតយ៉ាវ និងខាតបង់យ៉ាងខ្លាំង។ ជាពិសេស ការវាយប្រហារលើការដឹកជញ្ជូនប្រេងទៅកាន់តំបន់គ្រីមៀ (Crimea) បានបង្កជាវិបត្តិប្រេងដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីបានកាត់យកទឹកដីនេះ​កាលពីឆ្នាំ២០១៤។ ទោះបីជាអ៊ុយក្រែនព្យាយាមវាយប្រហារដើម្បីបង្ខំឱ្យលោក ពូទីន ព្រមចូលតុចរចាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលក្រុង​មូស្គូឆ្លើយ​តប​វិញ គឺមានតែគ្រាប់មីស៊ីល និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម