Connect with us

ព័ត៌មានជាតិ

ពន្ធដារ​សម្រួល​នីតិវិធី រៀបចំ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់ ​លើក​ទឹកចិត្ត​ជាច្រើន​ជំរុញ SME ចូល​ក្នុង​ប្រព័ន្ធ​ពន្ធដារ

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្តនិង​កំណែទម្រង់​ជាច្រើន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សហគ្រាស​តាំង​ពី​ចាប់​ផ្តើម​ដំបូង រហូត​ដល់​ចូល​ក្នុង​ប្រព័ន្ធ​ពន្ធដារ។

ក្នុង​វេទិកា​គយ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​ លោក ទូច ជាកាដូ ប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធ​តូច​និង​មធ្យម​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា កន្លងមក​ពន្ធដារ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ និង​ការ​កែទម្រង់​ជាច្រើន ដើម្បី​ជំរុញសហគ្រាសចូល​ទៅ​ក្នុងប្រព័ន្ធពន្ធដារ អាចធ្វើឡើងបាន​យ៉ាងងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ពន្ធដារ​បាន​បង្កើតប្រព័ន្ធចុះបញ្ជី​តាំង​ពី​ចាប់ផ្តើម​ដំបូង​តាម​ថ្នាល CamDX ការ​សម្របសម្រួល​​ការប្រកាស​ពន្ធ​តាម​អន​ឡាញ និងការបង់ប្រាក់ពន្ធតាមអនឡាញ (E-payment) ជាដើម។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​​រៀបចំ​សិក្ខាសាលាផ្សព្វផ្សាយ ការ​បណ្តុះបណ្តាល​ បង្កើត​ប្រព័ន្ធឆ្លើយតបសំណួរតាមរយៈ Chatbot ឈ្មោះ «បូណ៌មី» នៅ​ក្នុង​កម្មវិធី Telegram ដែលអាចឆ្លើយតបសំណួរនានា​របស់​អ្នកជាប់​ពន្ធ​បានភ្លាមៗ។

បន្ថែម​ពីនេះ ក៏​មាន​កម្មវិធីផ្សាយ​ផ្ទាល់នៅ​រៀងរាល់​ថ្ងៃព្រហស្បតិ៍វេលា​ម៉ោង ១១:០០ ដល់ ១២:​០០ ថ្ងៃត្រង់ ដើម្បីឆ្លើយតប​ទៅនឹង​ចម្ងល់​នានា​របស់​សហគ្រាស​តាម​ប្រធានបទនីមួយៗ និង​មាន​បង្រៀន​តាម e-Learning បង្ហោះ​លើឆានែល YouTube ដើម្បីបង្កើន​ចំណេះ​ដឹង​ដល់អ្នកជាប់ពន្ធ។

ដើម្បី​ផ្តល់​សេវាគាំទ្រ អគ្គនាយកដ្ឋានពន្ធដារ​​បាន​បង្កើត​ប្រព័ន្ធ Hotline (លេខ 1277) ប្រព័ន្ធ​ឆាត (Chat) ឆ្លើយ​តប​ភ្លាមៗ និង​ប្រព័ន្ធ E-Administration សម្រាប់​ដាក់​លិខិត​ស្នាម​ផ្សេងៗ​តាម​អនឡាញ​ដោយ​មិនបាច់​ធ្វើដំណើរ​ទៅ​ផ្ទាល់។

មន្រ្តី​ពន្ធដារ​រូប​នេះ​ក៏​លើក​ឡើង​ពីយន្តការសហការ ដោយបាន​បង្កើតក្រុមការងារ​រួមគ្នា​ជាមួយ​វិស័យ​ឯកជន អង្គការ និងសមាគមនានា ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុនតូច និង​មធ្យម (SMEs)។

មុននឹងចេញប្រកាសឬបទដ្ឋាន​គតិយុត្ត​ណាមួយ ពន្ធដារ​តែងតែ​បញ្ជូន​សេចក្តី​ព្រាង​ទៅឱ្យ​តំណាង​វិស័យ​​ឯកជន អង្គការ និង​សមាគមពិនិត្យ​ជាមុន​សិន ដើម្បីកែ​សម្រួល​ឱ្យ​មាន​ការ​ឯកភាព​គ្នា ជៀស​វាង​ការ​ខ្វែង​គំនិត​គ្នានៅ​ពេល​អនុវត្ត​ជាក់ស្តែង។

ការលើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារ​បាន​ផ្តល់ការ​លើកលែងពន្ធជាច្រើនដល់វិស័យអាទិភាពចំនួន ៦ រួមមាន ផលិតកម្ម កសិកម្ម និងវិស័យផ្សេងៗ​មួយ​ចំនួនទៀត ដោយ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ និង​អនុញ្ញាតឱ្យសហគ្រាសកាត់​កង​ចំណាយ​ដែលទទួលស្គាល់ពី ១៥០% ទៅ ២០០% នៃពន្ធលើ​ប្រាក់ចំណេញ។

លើ​វិស័យ​កសិកម្ម ផ្តល់​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ១%, ពន្ធ​កាត់​ទុក ពន្ធអប្បបរមា និងពន្ធ​​អាករ​លើ​តម្លៃ​បន្ថែម (VAT)។ ចំពោះ​មុខទំនិញ​អាហារ​មូលដ្ឋានរដ្ឋ​ជា​អ្នក​រ៉ាប់រង​ពន្ធ​ទាំង​អស់ ខណៈ​វិស័យ​អប់រំ​ក៏​ទទួល​បាន​ការលើកលែង​ពន្ធ​កាត់​ទុក និង​ពន្ធ​ផ្សេងៗ​ស្ទើរតែ​ទាំងអស់​។

ពាក់ព័ន្ធ​ការ​លើក​ពី​បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) លោក ទូច ជាកាដូ បាន​បញ្ជាក់ថា ​សហគ្រាស SME មួយ​ចំនួន​មិនសូវ​ចាប់​អារម្មណ៍​ស្វែង​យល់ ឬ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ច្បាប់​ពន្ធដារ ដែល​នាំ​ឱ្យ​កើត​មាន «បំណុល​ពន្ធ» ដោយ​មិន​ដឹង​ខ្លួន។

«ការមិនយល់ដឹងពីច្បាប់នាំឱ្យកើតមានបញ្ហាបំណុលពន្ធដោយមិនដឹងខ្លួន។ នៅពេលមាន​ការចុះធ្វើ​សវនកម្ម ម្ចាស់សហគ្រាសចាប់ផ្តើមភ័យ​ស្លន់ស្លោ និងផ្សព្វផ្សាយព័ត៌មាន​មិនល្អថាមិនគួរ​ចូលក្នុង​ប្រព័ន្ធ​ពន្ធដារឡើយ។ ប្រសិនបើពួកគេយល់ដឹងច្បាស់ និងអនុវត្តត្រឹមត្រូវ ពួកគេនឹងមិនរង​ការ​ពិន័យ ឬការបង់​ការប្រាក់ឡើយ ហើយអាចផ្តោតលើការរីកចម្រើននៃអាជីវកម្មដោយស្ងប់ចិត្ត»។ លោក ទូច ជាកាដូ បាន​បញ្ជាក់​។

បន្ថែម​ពីនេះ មន្រ្តីពន្ធដារ​រូបនេះក៏​លើក​ឡើង​​ពី​ការ​ដាក់​ចេញ «កម្មវិធីលាងបាប»​ ដើម្បី​សម្រួល​ដល់អ្នក​ជាប់​ពន្ធ។

លោក​អះអាង​ថា ពន្ធដារ​បាន​បង្កើត «កម្មវិធី​លាងបាប» ចំនួន ៤ ទៅ ៥ លើក​រួចមក​ហើយ ដើម្បីឱ្យ​សហគ្រាស​ដែល​ធ្លាប់ប្រកាស​ខុស អាច​មក​ប្រកាស​ឡើងវិញ​ដោយ​មិនមាន​ការផាកពិន័យ។ បើ​តាម​មន្រ្តី​ពន្ធដារ​រូប​នេះ កម្មវិធី​លាងបាប​ចុងក្រោយ​បង្អស់​បាន​បញ្ចប់​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២៥​។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ផ្តល់​ការ​​លើកទឹកចិត្តដល់​សហគ្រាស​ ដែល​បំពេញ​កាតព្វកិច្ច​ពន្ធ​បាន​ល្អ តាមរយៈ​ការ​​ផ្តល់​ជូន​នូវ​មេដាយមាស មេដាយ​ប្រាក់ ឬ​មេដាយសំរឹទ្ធ រួមជាមួយ​នឹង​គុណ​សម្បត្តិ​ផ្សេងៗ​ទៀត។

លោក ទូច ជាកាដូ បានបញ្ជាក់​​ថា រដ្ឋាភិបាលបានបង្កើតអង្គភាពពិសេសមួយ ដោយ​ទាក់ទាញ​អ្នក​ជំនាញ​​ផ្នែក​គណនេយ្យ និង​សវនកម្ម​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ឱ្យមក​ធ្វើជា​មន្ត្រី​ពន្ធដារ ដើម្បី​ជួយ​ពង្រឹង​ការងារ​ឱ្យ​កាន់តែ​មាន​តម្លាភាព និង​ស្តង់ដារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម