Connect with us

សន្តិសុខសង្គម

នគរបាលជាតិ ធ្វើកោសល្យវិច័យវីឡាមួយកន្លែងនៅបន្ទាយមានជ័យ ក្រោយបង្ក្រាបបានសម្ភារៈបោកប្រាស់ Online Scam

បានផុស

នៅ

កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើកោសលវិច័យ និងប្រមូលភស្តុតាងបន្ថែមនៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ក្រោយពីទីតាំងនេះត្រូវបានរកឃើញថាជាកន្លែងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យឡើងវិញនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសហការជាមួយក្រុមការងារស្រាវជ្រាវនៃគណៈកម្មាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្របសម្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បានចុះត្រួតពិនិត្យផ្ទះវីឡា ០១កន្លែង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រោយពីកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប រកឃើញសម្ភារៈពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនធំ។ ការចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យឡើងវិញនេះ ដើម្បីពិនិត្យ និងប្រមូលភស្តុតាងបន្ថែម ឈានដល់ការកសាងសំណុំរឿង និងស្រាវជ្រាវរកជនសង្ស័យពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបជូនថា កន្លងមកកម្លាំង នៃគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមអង្កេតការណ៍ពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំង ខាងលើ ដែលសង្ស័យមានជនបរទេសរស់ នៅប្រមូលផ្តុំ លបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យបានរត់ គេចខ្លួនអស់ បន្សល់ទុកនូវសម្ភារៈពាក់ព័ន្ធប្រព្រឹត្តបទល្មើស រួមមានដូចជា៖ ទូរស័ព្ទដៃចំនួន២៤៥គ្រឿង, Laptop២គ្រឿង, កុំព្យូទ័រ (All in one) ៦៥គ្រឿង, Ipad ៤០គ្រឿង, CPU១៤គ្រឿង, លិខិតឆ្លងដែនជនបរទេស, កាតការងារកម្ពុជា, កាតធនាគារបរទេស និងសម្ភារៈឯកសារជនបរទេសមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកោសល្យវិច័យ ស្រាវជ្រាវលើវត្ថុតាងសម្ភារៈទាំងនោះ និងកំពុងស្វែងរកម្ចាស់ទីតាំង ដើម្បីចូលមកបំភ្លឺដល់សមត្ថកិច្ច ឈានដល់ស្នើសុំកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម