Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ​និង​អាមេរិក ដាក់រឿង​អ៊ីរ៉ង់មួយ​ឡែក! បន្ត​​ប្តេជ្ញាការពារ​អឺរ៉ុប និងជួយ​អ៊ុយក្រែន​ឱ្យ​ខ្លាំង​ជាង​មុន​

បានផុស

នៅ

ក្រោយ​រកាំ​រកូស​ពាក្យ​សម្តី​រវាង​ប្រធានាធិប​តី​អាមេរិក​ លោក ដូណាល់ ត្រាំ​ ជាមួយ​អង្គការ​ណា​តូ​ ដែល​​មិន​​ជួយ​ខ្លួន​​​វាយ​អ៊ីរ៉ង់​កាល​ពី​ថ្មីៗ អាមេរិក​តែង​តែ​ប្រើ​វោហាសព្ទ​គំរាម​ដក​កងកម្លាំង​ចេញ​ពី​អឺរ៉ុប តែ​កាល​ពី​ម្សិល​មិញ​នេះ ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ និង​មេដឹក​នាំ​ណាតូ គ្រោង​នឹងបញ្ជាក់ពី​ការប្តេជ្ញាចិត្តដ៏រឹងមាំជាថ្មី​ ការ​ពារ​អឺរ៉ុប​រួមគ្នា​​​​ ក្រោម​កតិកាសញ្ញាមាត្រា៥ របស់សម្ព័ន្ធមិត្ត​​ក្នុងកិច្ចប្រជុំកំពូលណាតូ​​នៅ​ទីក្រុងអង់ការ៉ា ប្រទេស​តួកគី​នៅសប្តាហ៍ក្រោយ។ នេះបើ​យោងតាម​​ឯក​សារ​មួយ​ត្រូវ​បានអនុម័តដោយ​ឯកអគ្គរដ្ឋទូត​ណាតូ កាល​ពី​ថ្ងៃសុក្រ និងចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters នៅ​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៦ ។

លោក ត្រាំ ​ប្រមុខណាតូ និងសម្ព័ន្ធ​មិត្ត​អឺរ៉ុប​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​ណាតូក៏គ្រោង​នឹង​សន្យា​ផ្តល់ជំនួយ​យោធា​ចំនួន ៨០​ប៊ីលានដុល្លារដល់​អ៊ុយក្រែនសម្រាប់​ឆ្នាំ២០២៦ នេះ និងយ៉ាងហោចណាស់លើ​កម្រិតសមមូលក្នុង​ការគាំទ្រ​នៅឆ្នាំ២០២៧ ។ នេះបើយោង​តាម​សេចក្តីប្រកាស របស់​ប្រមុខ​ណា​តូ នឹង​​ត្រូវការយល់​ព្រមចុង​ក្រោយ​ពី​មេដឹកនាំ​ក្នុងកិច្ចប្រជុំ​កំពូល​​ប៉ុណ្ណោះ​។

សេចក្តី​ប្រកាសសម្រាប់​កិច្ចប្រជុំកំពូល ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៧ និងទី ៨ ខែកក្កដា ខាង​មុខ ​រៀប​រាប់​ថា​៖ «​ យើង[…] បាន​ជួបជុំគ្នា​នៅទីក្រុងអង់​ការ៉ា ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់​យើង​ឡើង​វិញ​ ក្នុង​ការ​ការពារ​រួម​គ្នា​របស់​យើងក្រោមមាត្រា៥ នៃសន្ធិសញ្ញា​ទីក្រុងវ៉ាស៊ីនតោន ចំពោះចំណង​អន្តរអាត្លង់ទិក​។ ការវាយប្រហារ​លើម្នាក់​ គឺជាការវាយប្រហារ​លើយើង​ទាំង​អស់គ្នា»។

ដោយ​ឡែក​ លោក ត្រាំ​ តែងតែរិះ​គន់​​ណាតូ​និងសមាជិក​ទាំង​អស់​ ដោយ​ចោទ​ប្រកាន់​ពួកគេ​ថាមិនបាន​ចំណាយគ្រប់គ្រាន់​លើវិស័យ​ការពារជាតិ ហើយ​ពឹងផ្អែកលើ​អាមេរិក​ ដើម្បីការពារអឺរ៉ុប។

បន្ទាប់​ពីមានការប៉ះទង្គិចជាមួយមេដឹកនាំអឺរ៉ុប​ជុំវិញសង្គ្រាម​រវាងអាមេរិក​ និងអ៊ីស្រាអែលប្រឆាំង​នឹងអ៊ីរ៉ង់ លោក ត្រាំ​ បានដាក់ការ​សង្ស័យលើ​ការប្តេជ្ញាចិត្តរបស់​ខ្លួន​​ ចំពោះកតិកាសញ្ញា​ការពារជាតិ​ទៅវិញទៅមក​របស់​ណាតូ​ ហើយ​ថែមទាំងនិយាយ​ថា ​លោក​កំពុងពិចារណាចាកចេញ​ពីសម្ព័ន្ធភាពនេះ​ទៀតផង។

ប៉ុន្តែ​​ឯក​សារ​ដែល​អនុម័តដោយ​ឯកអគ្គរដ្ឋទូត​នៃសមាជិក​ទាំង៣២ របស់​ណាតូ រួមទាំងអាមេរិក​ បង្ហាញថា​ ប្រធានាធិបតីអាមេរិក​មានឆន្ទៈក្នុងការដាក់​គំនិត​ដក​ខ្លួន​ចេញ​​ពី​អឺរ៉ុប​មួយឡែក សម្រាប់ពេលនេះ​។

សេចក្តីប្រកាសនោះ​លើក​ឡើង​ថា រុស្ស៊ីបង្កការគំរាមកំហែង​រយៈពេលវែងដល់សន្តិសុខ និង​ស្ថិរភាពអឺរ៉ុប-អាត្លង់ទិក។ សមាជិក​អឺរ៉ុប​របស់ណាតូ និងកាណាដា កំពុង​បំពេញតាមការប្តេជ្ញាចិត្ត​របស់​ពួកគេ​ នៅក្នុង​កិច្ចប្រជុំកំពូលកាល​ពីឆ្នាំមុន​នៅទីក្រុងឡាអេ ដើម្បីបង្កើនការ​ចំណាយ​លើ​វិស័យ​ការពារជាតិ។

ការ​ប្រកាស​បន្ត​ថា៖ « យើងកំពុង​កសាងអនាគតឱ្យ​អឺរ៉ុបកាន់តែរឹង​មាំ ​នៅ​ក្នុង​ណាតូកាន់​តែរឹងមាំ​។ សម្ព័ន្ធមិត្តអឺរ៉ុបនិងកាណាដា ធ្វើការ​ជាមួយ​អាមេរិក កំពុង​ទទួលខុសត្រូវកាន់តែខ្លាំង​ ចំពោះការការពារ​លើ​សម្ព័ន្ធមិត្ត។ សម្ព័ន្ធមិត្តក៏​បាន​បញ្ជាក់​​ជាថ្មីថា អ៊ីរ៉ង់​មិនត្រូវមានអាវុធ​នុយក្លេអ៊ែរឡើយ ហើយ​អ៊ីរ៉ង់​ត្រូវ​គោរពសេរីភាពនៃការធ្វើនាវាចរណ៍​ក្នុងច្រកសមុទ្រហ័រមូស​យ៉ាងពេញលេញឡើង​វិញ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម