Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​ប្រព័ន្ធ​យុត្តិធម៌​អ៊ីរ៉ង់ លោក Mohseni Ejei ត្រូវ​តែង​ឲ្យ​ដឹកនាំ​មួយអាណត្តិ៥​ឆ្នាំ​​ទៀត

បានផុស

នៅ

មេដឹកនាំកំពូលនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mojtaba Khamenei បានតែងតាំងលោក Hojjatoleslam​ Gholamhossein Mohseni Ejei ឲ្យ​បន្ត​​ដឹកនាំ​ប្រព័ន្ធ​​យុត្តិធម៌ក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់​មួយ​អាណត្តិ​ដែល​មានរយៈពេល​៥ឆ្នាំ​ទៀត។ ស្ថាប័ន​យុត្តិធម៌​គឺជាអំណាចមួយក្នុងចំណោមអំណាចរដ្ឋធំៗទាំងបីក្នុងប្រទេស ហើយទទួលខុសត្រូវលើការត្រួតពិនិត្យប្រព័ន្ធតុលាការ និងការគ្រប់គ្រងរដ្ឋបាលយុត្តិធម៌។

លោក Hojjatoleslam Gholamhossein Mohseni Ejei (រូបភាព៖wanaen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីសារព័ត៌មាន wanaen, ការតែងតាំងនេះត្រូវបានធ្វើឡើងស្របតាមមាត្រា ១៥៧ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលផ្តល់អំណាចដល់មេដឹកនាំកំពូល ក្នុងការតែងតាំងប្រមុខនៃស្ថាប័នតុលាការ។

នៅក្នុងក្រឹត្យរបស់លោក Mojtaba បានលើកសរសើរចំពោះ «កិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃ និងស្មោះត្រង់» របស់លោក Mohseni Ejei ក្នុងអំឡុងពេលអាណត្តិកន្លងមករបស់លោក ហើយបានអំពាវនាវឲ្យមានការបន្តការកែទម្រង់នៅក្នុងប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់។

លោកគូសបញ្ចាក់ដែរថា ការណែនាំ​ដែលបន្សល់ទុកដោយអតីតមេដឹកនាំអ៊ីរ៉ង់ រួមជាមួយនឹងគោលការណ៍នានាដែលបានចែងនៅក្នុងសារផ្ទាល់ខ្លួនរបស់លោក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គួរតែដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរបន្ថែមទៀត និងការអភិវឌ្ឍអ្វីដែលលោកបានពិពណ៌នាថាជា «ស្ថាប័នតុលាការដ៏គួរឲ្យចង់បាន»។

មេដឹកនាំកំពូលរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា តាមរយៈការខិតខំប្រឹងប្រែងជាថ្មីរបស់ប្រមុខតុលាការ ចៅក្រម និងបុគ្គលិកតុលាការ ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីរ៉ង់នឹងបន្តកែលម្អ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអ៊ីរ៉ង់។

សូមបញ្ជាក់ថា លោក Mohseni Ejei បានកាន់តំណែងជាប្រមុខប្រព័ន្ធតុលាការក្នុងប្រទេសអ៊ីរ៉ង់ដំបូងបង្អស់ នៅក្នុងខែកក្កដា ឆ្នាំ២០២១ ។ យ៉ាងណា ការតែងតាំងលោកសារជាថ្មីនេះ បង្ហាញពីបំណងរបស់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីរក្សាការបន្តវេនក្នុងការគ្រប់គ្រង និងរបៀបវារៈកែទម្រង់នៃស្ថាប័នរដ្ឋដ៏មានឥទ្ធិពលបំផុតមួយនៃប្រទេស៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម