Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ឌឺដងឱ្យ JD Vance ថា ក្រៅ​ពី​អាមេរិក អ៊ីស្រាអែលនៅ​មានមហាមិត្ត​ឥណ្ឌា​ ចាំជួយពេញទំហឹង!

បានផុស

នៅ

គ្រាន់តែ​ឮ​អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយ​ថា អាមេរិក គឺជាសម្ព័ន្ធមិត្តដ៏មានអំណាចតែមួយគត់ ដែលនៅសេសសល់លើលោក ដើម្បីការពារអ៊ីស្រាអែល លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​បក​វិញ​ភ្លាមៗ​ថា ទោះ​អត់ពី​ក្រុង​វ៉ាស៊ីនតោន ប្រទេស​របស់​លោក​ នៅ​មាន​មហាមិត្ត​ឥណ្ឌា​មួយ​ទៀត ដែល​នៅ​ចាំ​ជួយ​ជ្រោមជ្រែងជានិច្ច។

លោក Vance (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​ចុង​សប្ដាហ៍​មុន លោក JD Vance បានរំលឹក​​ប្រាប់​លោក ណេតាន់យ៉ាហ៊ូ ថា អាវុធដែលអ៊ីស្រាអែល កំពុងប្រើប្រាស់ការពារខ្លួន ក្នុងសង្រ្គាមរយៈពេលបីខែចុងក្រោយនេះ គឺសុទ្ធតែជារបស់ផលិតនៅអាមេរិក និងទិញដោយលុយពន្ធរបស់ប្រជាជនអាមេរិកាំងទាំងអស់។

ជា​ការ​ឆ្លើយតប លោក ណេាតាន់យ៉ាហ៊ូ បានឆក់យក​​ឱកាស​​នៅ​ក្នុងកិច្ចសម្ភាសន៍​​ជាមួយទូរទស្សន៍ Fox News ដែល​ចាក់ផ្សាយ​​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៦ ដោយ​និយាយបែបចំអកបន្តិចទៅកាន់ភាគីអាមេរិកវិញថា អ៊ីស្រាអែលនៅមានមិត្តភក្តិល្អៗផ្សេងទៀត តួយ៉ាង ដូចជា ប្រទេសតូចមួយហៅ​ថា «ឥណ្ឌា» ដែលមានប្រជាជនរហូតដល់ទៅ ១,៤ពាន់លាននាក់ ហើយប្រទេសមួយនេះ បានផ្តល់ការគាំទ្រដល់អ៊ីស្រាអែលយ៉ាងពេញទំហឹង។ លោកថែមទាំងបានរៀបរាប់បែប​លេងសើចទៀតថា សូម្បីតែនៅលើបណ្តាញសង្គម​ហ្វេសប៊ុក​របស់លោក ក៏មានប្រជាជនឥណ្ឌាចូលមកគាំទ្រ និងលើកទឹកចិត្តលោកយ៉ាងច្រើនលើសលប់ដែរ។

បើតាម​សារព័ត៌មាន​ឥណ្ឌា Hindustan Timesទំនាក់ទំនងរវាង​ឥណ្ឌា និងអ៊ីស្រាអែល គឺពិតជាល្អូកល្អិនខ្លាំងណាស់ ជាពិសេសរវាងលោក ណេតាន់យ៉ាហ៊ូ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលរាប់អានគ្នាដូចជាមិត្តភក្តិបង្កើតអ៊ីចឹង។ កាលពីខែកុម្ភៈកន្លងទៅ លោក Modi ថែមទាំងបានធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីស្រាអែល ហើយបានប្រកាសច្បាស់ៗថា ឥណ្ឌា នឹងឈរក្បែរអ៊ីស្រាអែលជានិច្ច ដោយគ្មានការ​រារែកឡើយ។ ការប្រកាសនេះ បានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុនពេលដែលអ៊ីស្រាអែល និងអាមេរិកបានចាប់ដៃគ្នាបើកការវាយប្រហារភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់ រហូតផ្ទុះទៅជាសង្រ្គាមពេញទំហឹង។

លោក ណេតាន់យ៉ាហ៊ូ និងលោក Modi (រូបថត៖ PTI)

សូម​ជម្រាប​ថា ជម្លោះពាក្យសម្តីរវាង​ភាគី​អាមេរិក និងអ៊ីស្រាអែលពេលនេះ បានស្តែងឱ្យឃើញពីភាពរកាំរកូសកាន់តែខ្លាំងរវាងលោក ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជម្លោះនេះ បានកើតឡើងដោយសារតែលោក ត្រាំ ចង់ចរចាបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ ប៉ុន្តែខាងរដ្ឋាភិបាលអ៊ីស្រាអែល បែរជាមិនព្រម ហើយថែមទាំងបន្តវាយប្រហារទៅលើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ដែលធ្វើឱ្យខូចផែនការសន្តិភាពរបស់អាមេរិក។ កាលពីខែមុន លោក ត្រាំ ថែមទាំងបានជេរលោក ណេតាន់យ៉ាហ៊ូ ថាជាមនុស្សឡប់ឡែ និងមិនចេះ​ដឹងគុណទៀតផង ព្រមទាំងបាននិយាយឌឺដងនៅក្នុងកិច្ចសម្ភាសន៍មួយថា លោក ណេតាន់យ៉ាហ៊ូ ច្បាស់ជាដឹងខ្លួនឯងច្បាស់ហើយថា «នរណា​ជាមេ» ពិត​ប្រាកដ នៅក្នុងរឿងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម