ព័ត៌មានជាតិ
កម្ពុជាប្រាប់មហាសន្និបាតសុខភាពពិភពលោកយ៉ាងណាខ្លះ ដើម្បីគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ ?
មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ (WHA74) បានប្រារព្ធធ្វើឡើងពីថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ (Video Conference) ហើយមហាសន្និបាតសុខភាពពិភពលោកនេះ កម្ពុជាក៏បានចូលរួមផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនោះបានថ្លែងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងទូលាយ។ ប្រទេសកម្ពុជាបានគ្រប់គ្រងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យពេញមួយឆ្នាំ២០២០ ដោយមានករណីជាវិជ្ជមានតិចជាង ៥០០ករណី និងគ្មានអ្នកស្លាប់។
បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង កម្ពុជាពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឲ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ ដូចនឹងប្រទេសជាច្រើនទៀតដែរ វីរុសកូវីដ-១៩ នៅតែចរាចរក្នុងប្រទេសកម្ពុជា។ យើងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការចម្លងវីរុសកូវី-១៩ តាមរយៈការអនុវត្ត “៣ការពារ ៣កុំ”។
លោករដ្ឋមន្ត្រីបានបន្តថា មេរៀនជាបទពិសោធន៍ អាចឲ្យយើងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ ដើម្បីធានាបានទាំងសុខភាពសាធារណៈ និងដំណើរការសេដ្ឋកិច្ច ដែលប្រការនេះ ទាមទារឲ្យមានការដាក់ចេញនូវ “អភិក្រមវិស័យសុខាភិបាល លើសពីការគិតត្រឹមសុខភាព និងការវិនិយោគប្រកបដោយភាពច្នៃប្រឌិត” មួយចំនួនសម្រាប់អនាគត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញឲ្យអនុវត្តយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង លើកឡើងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននឹងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឲ្យបានការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន១០លាននាក់ ក្នុងចំណោម១៦លាននាក់ នៅខែមិថុនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃនេះ ប្រជាជនជាង២លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយ រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាល មនុស្សចាស់ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា និងក្រុមងាយរងគ្រោះផ្សេងទៀត។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការអនុវត្តគោលនយោបាយចិនតែមួយ ដែលបានចែងយ៉ាងច្បាស់ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្ត លេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក។ គោលបំណងរួមរបស់យើង ក្នុងការបញ្ចប់ជំងឺរាតត្បាតជាសកលនេះ ទាមទារឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ កម្ពុជា នឹងបន្តសហការជាមួយបណ្តាប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរ ឈានទៅសម្រេចពិភពលោក ប្រកបដោយសុខភាព និងសុវត្ថិភាពបំផុត។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអះអាងដែរថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលចំពោះជំងឺកូវីដ-១៩៕
ដោយ ៖ កោះកែវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


