Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ផ្តាំទៅម៉ាឡេស៊ីថា គួរតែជួយទប់ស្កាត់អំពើហិង្សា នៅភាគខាងត្បូង

បានផុស

នៅ

ដោយសារតែសភាពការណ៍នៅភាគខាងត្បូង កាន់តែអាក្រក់ ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ជាពិសេសការវាយប្រហារយ៉ាងកក្រើក នាពេលចុងក្រោយបំផុត ដែលផ្តាច់ជីវិត ទាហានឈុតខ្មៅ ៥នាក់នោះ, ប្រទេសថៃ បានផ្តាំទៅភាគីម៉ាឡេស៊ីថា រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ គួរតែជួយទប់ស្កាត់អំពើហិង្សា នៅភាគខាងត្បូងប្រទេសថៃ ឲ្យបាន។

(រូប៖ Amarin)

ទូរទស្សន៍ Amarin បានដកស្រង់សម្តី អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ ឈ្មោះ Chatchai Bangchawad ដែលបោះពាក្យឲ្យម៉ាឡេស៊ី ថា ទីក្រុងគូឡាឡាំពួ មានតួនាទី ជាអ្នកសម្របសម្រួលកិច្ចចរចា រួមទាំងកិច្ចសហប្រតិបត្តិការ លើបញ្ហាព្រំដែនផងដែរ។ ដូច្នេះ ទីក្រុងគូឡាឡាំពួ អាចទាក់ទងជាមួយក្រុមផ្តាច់ខ្លួន ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីទប់ស្កាត់អំពើហិង្សានេះ។

យ៉ាងណា លោក Chatchai គូសបញ្ជាក់ថា ដ្បិតមានការវាយប្រហារយ៉ាងក្តៅគគុក បែណាក៏ដោយ ក៏មិនអាចបំផ្លាញកិច្ចចរចាសន្តិភាព ធ្វើឲ្យដំណើរការនោះ ត្រូវវិនាសបានដែរ។

(រូប៖ Amarin)

ទោះបែបនេះ ភ្លាមៗ ភាគីម៉ាឡេស៊ី មិនទាន់ប្រតិកម្ម ឬចេញសេចក្តីថ្លែងការណ៍ ណាមួយនៅឡើយទេ។

រឿងនេះដែរ កើតឡើងចំពេល ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសដាក់អនុវត្តនៅខេត្ត Narathiwat ដើម្បីចាត់វិធានការតទល់ជាមួយ ​ក្រុមផ្តាច់ខ្លួន ក្រោយហេតុការណ៍នោះ។

មេបញ្ជាការកងកម្លាំងពិសេសខេត្ត Narathiwat បានប្រកាសអំពីច្បាប់នេះ ដើម្បីបិទខ្ទប់ច្រកចេញទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណា ចាប់ខ្លួនពួកសកម្មប្រយុទ្ធ ដែលបើកការវាយប្រហារ ដ៏កក្រើកនោះ ឲ្យខាងតែបាន។

(រូប៖ Amarin)

ក្រោមច្បាប់នេះ ដែលស៊ីញេដោយមេបញ្ជាការ Yodawut Phungphak, ទាហានថៃ ក៏មានសិទ្ធប្រើអាវុធភ្លាមៗ បានតាមចិត្តផងដែរ បើមើលទៅ ខ្លួនស្ថិតក្នុងស្ថានភាពមិនស្រួល និងរងការគំរាមកំហែងពីអ្នកដទៃ។

កងទ័ពនឹងបង្កើតប៉ុស្តិសន្តិសុខ នៅតាមទីតាំងនានា ហើយមានសិទ្ធបញ្ឈប់រាល់យានយន្ត ដែលមើលទៅ ដូចជាមានហានិភ័យ និងសង្ស័យ ហើយអាចឃាត់ខ្លួនមនុស្សបាន ភ្លាមៗ។

មិនត្រឹមប៉ុណ្ណឹង ពលរដ្ឋ ត្រូវបានហាមដាច់ខាត មិនឲ្យចាកចេញពីផ្ទះឡើយ ចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៥ព្រឹក ប៉ុន្តែក្នុងករណីបន្ទាន់ ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីយោធា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម