Connect with us

ព័ត៌មានជាតិ

អ្នកស្រាវជ្រាវ​ ៖ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ នឹងផ្ដល់សារៈសំខាន់ដល់កម្ពុជា ក្នុងទិដ្ឋភាពចំនួន​៣

បានផុស

នៅ

អ្នកជំនាញផ្នែកស្រាវជ្រាវ​ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និង យុវវ័យ អា​យុចាប់ពី១២ ដល់​១៧​ឆ្នាំ នឹងផ្ដល់សារៈសំខាន់ដល់ប្រទេសកម្ពុជា ក្នុងទិដ្ឋភាព៣សំខាន់ៗ។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១​ខាង​មុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅ​​វិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់១៧ឆ្នាំ គឺនឹងផ្ដល់ផលប្រយោជន៍សំខាន់ៗ ចំនួន៣ទិដ្ឋភាព រួមមាន៖ ទី១. ពង្រឹងភាពស៊ាំនៅក្នុងសង្គម ទី២. ពង្រឹងសុខភាពសាធារណៈ និងទី៣.​ ពង្រឹងផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិត ឆេង គីមឡុង បានថ្លែងបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ នឹងជួយការពារពី​ការ​ឆ្លងដល់កុមារខ្លួនឯងផង និងមនុស្សនៅជុំវិញកុមារផង។ ម្យ៉ាងទៀត ការផ្ដល់វ៉ាក់សាំងដល់កុមារ ក៏ជួយបង្កើន​ភាព​ស៊ាំក្នុងសង្គម ជាពិសេសបង្ការការឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលកំពុងរាតត្បាត នៅបណ្ដាប្រទេសមួយ​ចំនួន​នៅលើពិភពលោក។ លើសពីនេះទៀត យុទ្ធសាស្រ្ដចាក់វ៉ាក់សាំងដល់កុមារ ក៏នឹងធានាបាននូវសន្តិសុខសាធារណៈ ដែលសំដៅទៅលើផ្នែកសុខាភិបាល ព្រមទាំងលទ្ធភាពដល់ប្រទេសកម្ពុជាជំរុញ និងស្ដារសេដ្ឋកិច្ចឡើងវិញ លើគ្រប់​វិស័យ។

អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា «ដូច្នេះទិដ្ឋភាព៣ ជាធំ គឺទី១ ពង្រឹងនូវភាពស៊ាំទៅដល់​សហ​គមន៍ មានន័យថាទាំងកុមារ ទាំងមនុស្សចាស់ ទី២ ពង្រឹងផ្នែកវិស័យសុខាភិបាល និងសុខភាពសាធារណៈ ទី៣ គឺទៅលើទិដ្ឋភាពសេដ្ឋកិច្ចហ្នឹង»។

នៅពេលសួរថា តើការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ នឹងផ្ដល់ផលវិជ្ជមានបែបណាដែរ សម្រាប់វិស័យអប់រំ? លោកបណ្ឌិត ឆេង គីមឡុង បានថ្លែងយ៉ាងដូច្នេះថា «បើសិនក្នុងករីណកុមារភាគច្រើន ទទួលបាននូវវ៉ាក់សាំង វា​ចូលរួមមួយចំណែកទៀត ទៅដល់ការកាត់បន្ថយ ការឆ្លងរីករាលដាលនៅក្នុងចំណោមកុមារ ដែលកុមារភាគច្រើន​នេះ គឺយើងឃើញគាត់ស្ថិតនៅក្នុងវ័យ ទទួលបាននូវការសិក្សាអប់រំ ដូច្នេះយើងឃើញថា ការផ្ដល់វ៉ាក់សាំងជូនកុមារ គឺជាការចូលរួមមួយផ្នែកធំ ទៅដល់លទ្ធភាពឲ្យកម្ពុជា អាចបើកសាលារៀន និងផ្នែកអប់រំ នៅក្នុងកម្រិតណាមួយ ឆាប់លឿនជាងមុន»។

យ៉ាងណាក៏ដោយលោកបណ្ឌិត ឆេង គីមឡុង នៅមិនទាន់ទទួលព័ត៌មានច្បាស់លាស់នៅឡើយទេថា រហូតមក​ដ​ល់​ពេលនេះមានប្រទេសណាខ្លះ ទាំងរួមប្រទេសក្នុងតំបន់អាស៊ានផង បានចាក់វ៉ាក់សាំងដល់កុមារនោះ។ ក៏ប៉ុន្តែ​លោកថា មានបណ្ដាប្រទេស​មួយ​ចំនួ​នហើយ បានគិតគូអំពីការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដល់កុមារនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម