Connect with us

ព័ត៌មានជាតិ

សវនាការ​សំណុំ​រឿង​រួម​គំនិត​ក្បត់ នឹង​បន្ត នៅដើមឆ្នាំ២០២១

បានផុស

នៅ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២២០ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើក​សវនាការ​លើសំណុំរឿង​ទណ្ឌិត សម រង្ស៊ី អតីត​មេដឹកនាំ និង​សកម្មជន នៃអ​តីតគណបក្ស​សង្គ្រោះ​ជាតិ​ជាង១០០នាក់ ដែលជាប់ ពាក់ព័ន្ធទៅនឹងសំណងរឿង ឧបឃាត, រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុង​ព្រឹត្តិការណ៍​០៩ វិច្ឆិកា ២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពចៅក្រមជំនុំជម្រះនៅ ក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះរួមមាន លោក​រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ចៅ​ក្រម​ប្រឹក្សាជំនុំជម្រះ តែសវនា​ការនេះ ក្រុមប្រឹក្សាជំនុំជម្រះមិនទាន់សម្រេចយ៉ាងណាទេ ដោយលើកពេល​ទៅ​បន្ត​សវនាការនៅដើមឆ្នាំក្រោយ។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយផ្អាក​សវនាការថា នៅក្នុងសវនាការនៅព្រឹកនេះ មាន៤សំណុំរឿង ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះបានសម្រេច​បញ្ចូល​ជាពីរសំណុំ រឿង ដោយទី១​ គ្រោងនឹងបន្តសវនាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងទី២​ នឹង​បន្ត​សវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ក្នុងចំ​ណោម​ជនជាប់ចោទ ទាំងជាង១០០នាក់ ដែលត្រូវបានកោះ​ហៅ គឺមានតែចំនួន៣៤នាក់ប៉ុណ្ណោះ បាន​ចូល​នៅក្នុងសវនាការ។

លោកគុជ គឹមឡុង បញ្ជាក់ថា លោក សម រង្ស៊ី និងបក្ខពួកជាង១០០នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃក្រម​ព្រហ្មទណ្ឌ នៃព្រះរា​ជាណាចក្រកម្ពុជា។

លោក ថាច់ សេដ្ឋា អតីតសមាជិក ព្រឹទ្ធសភា នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍​ខ្មែរកម្ពុជាក្រោមបានថ្លែងប្រាប់កម្ពុជាថ្មី ក្រោយចេញពីសវនាការថា នៅក្នុងសវនាការនាព្រឹកនេះ មិនទាន់​ដេញដោលដល់​អង្គសេចក្ដី​នៅឡើយទេ ដោយគ្រាន់តែលើកឡើងពីបញ្ហា​ពាក់ព័ន្ធ​មួយចំនួនប៉ុណ្ណោះ ហើយ​ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលសវនាការទៅថ្ងៃក្រោយ ហើយក្រុមរបស់លោក នឹងបន្តសវនាការនៅខែមីនា ឆ្នាំ២០២១៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម