Connect with us

ព័ត៌មានជាតិ

លោក ស សុខា ទទូចសុំក្រុមអតីតបក្សប្រឆាំង ល្មមបញ្ឈប់អត្តចរិត រំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេច ស ខេង

បានផុស

នៅ

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជ​ន និងកីឡា និងជាកូនប្រុស របស់សម្តេចក្រឡាហោម ស ខេង បានស្នើសុំដោយទទូច ចំពោះក្រុមអតីតគណបក្សប្រឆាំង ល្មមបញ្ឈប់អត្តចរិត រំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេច ស ខេង តែម្ដង។

លោក ស សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៣១ ខែសីហានេះថា ជាបន្តបន្ទាប់ក្រុមអ្នកនយោ​បាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយ តែដើម្បីដូរបាយនោះ បាននឹងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លោកថា ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមាន សម្តេចក្រឡាហោម អញ្ជើញទៅប្រទេស បារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿងបែបនេះ បែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត។ បើតាមលោក ស សុខា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជាជនកម្ពុជា តរៀងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានសរសេរទៀតថា «ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសាររបស់សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិតរំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា “ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ” របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ»។

បើតាមលោក ស សុខា ដដែល សម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្សេងៗទៀត គឺបាននឹងកំពុងលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះ ពីក្រុមអ្នកនយោបាយប្រឆាំ​ងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ។

លោកថា «ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយ រៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជា ភិថុតិយុវជន ប្រជាជន»៕

អត្ថបទ៖ ឃួន​ សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម