Connect with us

ព័ត៌មានជាតិ

WHO ប្រចាំកម្ពុជា ស្នើឱ្យស្ងប់អារម្មណ៍ បែរមកបន្តបង្ការ អូមីក្រុង តាម ៥ ចំណុច នេះវិញ

បានផុស

នៅ

លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះមានប្រសាសន៍ថា លោកស្រីដឹងថា ប្រជាជនកម្ពុជាអាចមានអារម្មណ៍ព្រួយបារម្ភខ្លាំងចំពោះមេរោគបំប្លែងថ្មី អូមីក្រុង ប៉ុន្តែលោកស្រីយល់ថា យើងមិនបាច់ភ័យព្រួយច្រើនទេ គឺត្រូវមានអារម្មណ៍នឹងនរ ហើយរង់ចាំព័ត៌មានបន្ថែមទៀតតាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងយើងត្រូវតែត្រៀមខ្លួនអនុវត្តវិធានការបង្ការខ្លួនពីការឆ្លងមេរោគនោះវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅ កម្ពុជា បានមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងមិនទាន់មានសញ្ញាណ​ ឬភស្តុតាងបង្ហាញនូវភាពធ្ងន់ធ្ងរដែលបណ្ដាលពីមេរោគអូមីក្រុងនេះនៅឡើយទេ។ ដូចច្នេះអ្វីដែលយើងគួរធ្វើ គឺមិនគួរមានការភ្ញាក់ផ្អើលខ្លាំងពេកទេ ទន្ទឹមពេលយើងមានវិធីសាស្ត្របង្ការដោយមានប្រសិទ្ធភាព។

លោកស្រី លី អៃឡាន មានប្រសាសន៍លើកនូវវិធីសាស្ត្រចំនួន៥ ដើម្បីបង្ការមេរោគ អូមីក្រុង ក៏ដូចជាមេរោគកូវីដដទៃទៀតគឺ ទី១ ការទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទី២ វិធានការការពារសុខភាពសាធារណៈ ទី៣ ពង្រឹងសមត្ថភាពផ្នែកព្យាបាល នឹងថែទាំសុខភាព ទី៤ ពង្រឹង​​​ប្រព័ន្ធសម្រាប់រកឃើញមេរោគឱ្យទាន់ពេល និងឆ្លើយតបឆាប់រហ័ស និងទី៥ វិធានការទប់ស្កាត់ហានិភ័យតាមព្រំដែនអន្តរជាតិ។​​

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅ បណ្តាប្រទេសមួយ ចំនួនលើសាកលលោក។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV2 (TAG-VE) បានវាយតម្លវ៉ារ្យ៉ង់ SARS -CoV-2 ថ្មី B1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា អូមីក្រុង (Omicron)។ មកដល់ពេលនេះ មាន ៥៧ ប្រទេសហើយ ដែលបានរកឃើញមានការឆ្លងជំងឺប្រភេទនេះ ចំណែកនៅកម្ពុជា មិនទាន់រកឃើញមានការឆ្លងមេរោគនេះទេ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម