Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការគំរាមកំហែង ជំរិតទារប្រាក់ ៦០០ដុល្លារ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីគំរាមកំហែង ជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។​

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៤និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យ ២នាក់នេះ គឺពាក់ព័ន្ធករណីគំរាមកំហែង ជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងហាងកាហ្វេ V88  ស្នាក់នៅផ្ទះលេខ ២៨ ផ្លូវលេខ ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមាន៖ ១- ឈ្មោះ ឆុំ ដានី ភេទប្រុស ជនជាតិខ្មែរ មុខរបរចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឺងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២- ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ ១១០ ផ្លូវលេខ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកនាំពាក្យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ភស្តុតាងដែលចាប់បាន មានប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម