ព័ត៌មានជាតិ
វេទិកាទេសចរណ៍លើកទី៤០ នៅខេត្តព្រះសីហនុ គឺការបញ្ជូនសារមួយទៅក្រៅតំបន់ថា វិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ
នេះជាការបញ្ជាក់របស់លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ ហើយលោកបានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចូលជួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជា ក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាននិងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហា នៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ ភ្ញៀវទេសចរអន្តរជាតិ បានធ្លាក់មកត្រឹម២ ម៉ឺននាក់ប៉ុណ្ណោះ។

សម្ដេចតេជោក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា ដោយសារឥទ្ធិពល នៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១ កន្លងទៅបានឡើងជាង៣ ភាគរយឯណោះខណៈធនាគារពិភពលោកបានទស្សន៍ទាយថា អាចកើនឡើងបានប្រមាណ២ ភាគរយ។ សម្ដេចបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ នៃសេដ្ឋកិច្ច។
ជាការឆ្លើយតប លោកអគ្គលេខាធិការអាស៊ានបានថ្លែងថា អ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍តែម្ដង។ លោកថា សន្ទរកថា របស់សម្ដេចបានលើកទឹកចិត្ត និងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខ ហើយលោកក៏បានសាទរកម្ពុជា ដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះ ជាជោគជ័យ ហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះ គឺល្អណាស់។
លោក LIM Jock Hoi បញ្ជាក់ថា វិស័យទេសចរណ៍នេះ សំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ាន ហើយក៏ជាផ្នែកមួយដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ លោកបានបញ្ជាក់សារជាថ្មីថា “ការប្រជុំនៅខេត្តព្រះសីហនុ សម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ គឺបានបញ្ជូនសារសំខាន់ណាស់ អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញ ក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថា វិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ”។
ក្នុងកិច្ចប្រជុំនេះដែរ លោកអគ្គលេខាធិការបានបញ្ជាក់ថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះ ក្នុងក្របខណ្ឌវិស័យទេសចរណ៍ គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញ ហើយវិស័យទេសចរណ៍នេះ គឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ាន ក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


